អាមេរិក​​​ផ្ដល់​ជំនួយ​សម្រាប់​ការ​​រក្សា​ទុក​សម្លៀកបំពាក់​ខ្មែរក្រហម​ក្នុង​សារមន្ទីរ​​ទួលស្លែង

រូប​ឯកសារ៖ គ្រឿង​វាយនភណ្ឌ​ដែល​សេសសល់​របស់​ជន​រងគ្រោះ​នៃ​គុក​ទួល​ស្លែងត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ពិធីចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​នៃ​មូល​និធិឯកអគ្គរដ្ឋទូត​អាមេរិក​សម្រាប់​វប្បធម៌ ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​កាល​ពី​ឆ្នាំ​២០១៧។ (ទុំ ម្លិះ/VOA)​

បើ​យោង​តាម​គេហទំព័រ​របស់​សារមន្ទីរ​ទួលស្លែង មាន​​បុរស​ ​ស្ត្រី​ កុមារ និង​ជន​បរទេស​ជាង ​១៥.០០០នាក់ ​​ត្រូវ​បាន​គេ​ឃុំ​ក្នុង​គុក​ទួលស្លែង​ ឬ​ស២១។

សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ឥត​សំណង​ចំនួន​៧៥.០០០​ដុល្លារ​អាមេរិក​ សម្រាប់​រក្សា​ទុក​ខោអាវ​របស់​ជន​រងគ្រោះ​នៃ​មន្ទីរ​ឃុំ​ឃាំង​ស​២១ ឬ​ហៅ​ថា​ S21 ​ដែល​បាន​ប្រែក្លាយ​ជា​សារមន្ទីរ​ទួល​ស្លែង ​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខោអាវ​ខ្មៅ​ខ្មែរ​ក្រហម​កាល​ពី​៤១​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា។

ការ​ចុះ​កិច្ចព្រមព្រៀង​ផ្ដល់​ជំនួយ​នេះ​ នឹង​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​លោក W. Patrick Murphy ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ និង​លោក​ស្រី ​ភឿង សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ នៅ​សារមន្ទីរ​ទួល​ស្លែង​នៅ​ថ្ងៃ​ពុធ។ ជំនួយ​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក​របស់​ក្រសួង​ការបរទេស​អាមេរិក​ ឬ​ហៅ​កាត់​ថា​ AFCP។

លោក​ស្រី Emily Zeeberg មន្ត្រី​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ VOA ​តាម​សារ​អេឡិចត្រូនិក​អ៊ីមែល​នៅ​ថ្ងៃពុធ​នេះ​ថា​នេះ​គឺ​ជា​ដំណាក់​កាល​ទីពីរ​នៃ​គម្រោង​អភិរក្ស​របស់​របរ​ដែល​សេស​សល់​របស់​ជន​រងគ្រោះ​កាលពី​សម័យ​ខ្មែរក្រហម។

លោកស្រី​បាន​ប្រាប់​ VOA ​តាម​សារ​អេឡិចត្រូនិក​ឬ​អ៊ីមែល​ថា៖ «ការណ៍​នេះ​គូស​បញ្ជាក់​ពី​កិច្ច​ខិត​ខំ​យូរ​អង្វែង​របស់​សហរដ្ឋ​អាមេរិក ដើម្បី​រក្សា​ទុក​កេរ​ដំណែល​វប្បធម៌​កម្ពុជា​ ព្រម​ទាំង​កិច្ច​សហប្រតិបត្តិការ​របស់​សហរដ្ឋអាមេរិក​ជាមួយ​អាជ្ញាធរ​កម្ពុជា​ ដើម្បី​កត់ និង​រក្សា​ទុក​អំពើ​ឃោរឃៅ​នៃ​យុគ​សម័យ​ខ្មែរ​ក្រហម»។

មានបុរស​ ​ស្ត្រី​ កុមារ និង​ជន​បរទេស​ជាង ​១៥.០០០នាក់ ត្រូវ​បាន​គេ​ឃុំ​ក្នុង​គុក​ទួលស្លែង​ ឬ​ស២១។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​សារមន្ទីរ​ទួលស្លែង។

ផ្ទាំង​រូបថត​ និង​សំណល់​នៃ​សម្លៀកបំពាក់ ក៏​ដូចជា​របស់របរ​ផ្សេង​ទៀត​ដែល​គេ​បាន​ផ្ដល់​ឲ្យដល់​ជន​រងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ត្រូវ​បាន​គេ​ដាក់​តាំង​សម្រាប់​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ និង​ក្រៅ​ប្រទេស​នៅ​សារមន្ទីរ​ទួល​ស្លែង​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ។

លោក​ស្រី ​ភឿង សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​ថ្លែង​ប្រាប់​ VOAតាម​ទូរស័ព្ទ​ថា ជំនួយ​របស់​មូលនិធិ​ឯក​អគ្គរដ្ឋទូត​អាមេរិក​នេះ​ មាន​សារៈសំខាន់​ដល់​ការ​រក្សា​ទុក​របស់​សេស​សល់​នៃ​ជន​រង​គ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម។

លោកស្រីរដ្ឋមន្ត្រី​បញ្ជាក់​ថា៖ «ថវិកា​ដែល​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ហ្នឹង​ ផ្ដល់​មក​ឲ្យ​យើង​ហ្នឹង​ គឺ​យើង​សម្រាប់​ប្រើ​ប្រាស់ ​ដើម្បី​ជួស​ជុល​ វត្ថុ​ទាំង​ហ្នុង​ដាក់​តាំង​ឡើងវិញ​ ដើម្បី​កុំ​ឲ្យ​វា​ឆាប់​ពុក​ផុយ​ ជៀស​វាង​សត្វ​ល្អិត​ ជៀស​វាង​សំណើម​អី​យើង​មាន​ទូ​រៀប​ចំ​ ហើយ​និង​ជួស​ជុល​ អា​វត្ថុ​នានា​ ដែល​ជា​ឧបករណ៍​នៅ​សល់​ពី​របប​របស់​ពួក​ ប៉ុល​ ពត ​ហ្នឹង។ អីចឹង​សារៈសំខាន់​របស់​កិច្ច​ការ​ហ្នឹង​ គឺ​ដើម្បី​ថែរក្សា​នូវ​ស្លាក​ស្នាម​ និង​តឹក​តាង​ប្រវត្តិសាស្ត្រ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​មើល»។

ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​បន្ថែម​ថា​ ​គម្រោង​នៃ​ការ​រក្សា​ទុក​សម្លៀកបំពាក់​របស់​ជន​រងគ្រោះ​របប​ខ្មែរ​ក្រហម​ ត្រូវ​បាន​ជ្រោមជ្រែង​ដោយ​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ឈ្មោះ Julia Brennan ដែល​ជា​អ្នក​អភិរក្ស​ក្រណាត់​ មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​បាន​បង្រៀន​បុគ្គលិក​សារមន្ទីរ​ឲ្យ​ដំណើរ​ការ​គម្រោង​នេះ​ដោយ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​យូរអង្វែង​ទៅ​មុខ​ទៀត។

ការ​អភិរក្ស​ក្រណាត់​នេះ​ រួម​មាន​ការ​រក្សា​ទុក សិក្ខាសាលា​បណ្ដុះបណ្ដាល​ ការ​ដាក់​ចំណាត់​ថ្នាក់​ក្រណាត់​ ការ​ថែទាំ ការ​ចុះបញ្ជី​ និង​ការ​ជ្រើស​រើស​របស់របរ​សម្រាប់​ការ​ដាក់​បង្ហាញ​មាន​រយៈពេល​យូរ​នៃ​សម្លៀកបំពាក់របស់​ជន​រងគ្រោះ​ខ្មែរក្រហមដែល​នៅ​សេស​សល់​ជាង​៥.០០០។

កាលពី​ឆ្នាំ​២០១៦​ មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក​សម្រាប់​ការ​រក្សា​ទុកវប្បធម៌ បាន​ផ្ដល់​ជំនួយ​ជាង​១២​ម៉ឺន​ដុល្លារ​សម្រាប់​រយៈ​ពេល​៣ឆ្នាំ​ក្នុង​ការ​រៀបចំ​បញ្ជី​សារពើ​ភណ្ឌ​នៃ​បេតិកភណ្ឌ​វប្បធម៌។ ការ​ផ្ដល់​ទឹក​ប្រាក់​នេះ គឺ​ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ​តាម​ទី​តាំង​ចំនួន​២៤​ក្នុង​ខេត្ត​កំពង់ចាម​ កំពង់ឆ្នាំង​ កំពង់ស្ពឺ​ កំពត​ ព្រៃវែង​ តាកែវ​ និង​ខេត្ត​ត្បូងឃ្មុំ៕