សហរដ្ឋ​អាមេរិក​ជំទាស់​ការ​សម្រេច​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​រឿង​យក​ពន្ធគយ​លើ​ទំនិញ​ចិន

រូបឯកសារ៖ ស្លាកសញ្ញាជាមួយនឹងទង់ជាតិសហរដ្ឋអាមេរិក និងចិននៅខាងក្រៅហាងលក់ទំនិញមួយនៅក្រុង Qingdao ខេត្ត Shandong ប្រទេសចិន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក​បាន​ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទាក់ទិន​នឹង​ការណ៍​ដែល​ខ្លួន​យក​ពន្ធ​គយ​បន្ថែម​លើ​ផលិផល​របស់​ប្រទេស​ចិន។

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​សម្រេច​កាលពី​ថ្ងៃ​អង្គារ​ថា ការ​យក​ពន្ធគយ​ខ្លះ​របស់​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​របស់​ចិន​បាន​រំលោភ​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ។ ការ​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​រវាង​សហរដ្ឋ​អាមេរិក និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ខឹង​សម្បារ។

គណៈកម្មាធិការ​មួយ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​បញ្ជាក់​ថា៖ «ចិន​បាន​បង្ហាញ​ថា ការ​យក​ពន្ធគយ​បន្ថែម [របស់​សហរដ្ឋ​អាមេរិក​នេះ] សំដៅតែ​លើ​ផលិតផល​មកពី​ប្រទេស​ចិន​ប៉ុណ្ណោះ។ ការ​ធ្វើ​ដូច្នេះ​គឺ​មិន​បាន​គោរព​ផលិតផល​ដែល​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​ចិន ដែល​ការ​គោរព​បែប​នេះ​គឺជា​ប្រយោជន៍​ដែល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផ្តល់​ជូន​ប្រទេស​ជា​សមាជិក​ទាំងអស់»។

អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លោក Robert Lighthizer បាន​រិះគន់​ការ​សម្រេច​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នេះ ដោយ​និយាយ​ថា ការ​លើកឡើង​របស់​គណៈកម្មាធិការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា «អ្វី​ដែល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump បាន​បញ្ជាក់​អស់​រយៈពេល ៤ ឆ្នាំ​មក​នេះ ដែល​ថា​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បញ្ឈប់​ទង្វើ​ដ៏​គ្រោះថ្នាក់​របស់​ប្រទេស​ចិន​ទាក់ទិន​នឹង​រឿង​បច្ចេកវិទ្យា​នោះ» គឺ​ពិត​ជា​ត្រឹមត្រូវ។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បញ្ជាក់​ថា ការ​សម្រេច​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នេះ​គឺ «ត្រឹមត្រូវ​និង​មិន​លំអៀង» និង​បាន​លើកឡើង​ថា ខ្លួន​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក​នឹង​អនុវត្ត​តាម​ការ​សម្រេច​នេះ៕