រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយកាលពីថ្ងៃអង្គារថា លោកបានតាំងចិត្តធ្វើឲ្យមានទំនាក់ទំនងប្រកបដោយការស្ថាបនាជាមួយប្រ ទេសចិនហើយនឹងធ្វើការងារលើបញ្ហារួមនៅពេលដែលលោកបានបង្ហាញទស្សនៈរបស់លោកចំពោះចំណងទាក់ទងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
សហរដ្ឋអាមេរិកបានប្រឈមមុខជាមួយនឹងប្រទេសចិនលើបញ្ហាសន្តិសុខជាតិរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយហើយរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានហៅការប្រកួតប្រជែងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងថា«ជាការសាកល្បងខាងភូមិសាស្ត្រនយោបាយដ៏ធំបំផុត»នៅក្នុងសតវត្សរ៍នេះ។
ស្របពេលដែលសុន្ទរកថារបស់លោក Austin ក្នុងប្រទេសសិង្ហបុរី នឹងលើកឡើងអំពីបញ្ហាមួយចំនួនដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពណ៌នាថាមានអស្ថិរភាពចាប់ពីកោះតៃវ៉ាន់រហូតដល់សមុទ្រចិនខាងត្បូងនោះ អត្ថាធិប្បាយរបស់លោកអំពីការស្វះស្វែងរកទំនាក់ទំនងប្រកបដោយស្ថិរភាព អាចជាការបើកចំហសម្រាប់ប្រទេសទាំង២ដើម្បីចាប់ផ្តើមកាត់បន្ថយភាពតានតឹង។
យោងតាមសម្រង់នៃសុន្ទរកថារបស់លោក លោក Austin មានប្រសាសន៍ថា៖ «យើងនឹងមិនចុះញ៉មទេ នៅពេលដែលផលប្រយោជន៍របស់យើងរងការគំរាមកំហែងនោះ»។
ទោះបីជាមានភាពតានតឹងនិងវោហារសាស្ត្រក្តៅគគុកក៏ដោយ ក៏ក្រុមមន្ត្រីយោធាសហរដ្ឋអាមេរិកបានស្វះស្វែងជាយូរយារណាស់មកហើយដើម្បីបើកបណ្តាញគមនាគមន៍ជាមួយសមភាគីចិនដើម្បីអាចសម្រាលការផ្ទុះឡើងឬដោះស្រាយឧបទ្ទវហេតុណាមួយ។
អ្នកការទូតកំពូលចិនម្នាក់បានធ្វើការរិះគន់កាលពីថ្ងៃចន្ទនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ដ៏កម្រមួយជាមួយសហរដ្ឋអាមេរិក ដោយបានចោទប្រកាន់សហរដ្ឋអាមេរិកពីការបង្កើត «សត្រូវតាមការស្រមើស្រមៃមួយ» ដើម្បីបង្វែរការចាប់អារម្មណ៍ពីបញ្ហានៅក្នុងប្រទេសនិងដើម្បីដាក់គំនាបលើប្រទេសចិន។
អ្នកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានអញ្ជើញទៅដល់ប្រទេសចិនកាលពីថ្ងៃអាទិត្យដើម្បីពិភាក្សាគ្នាដោយផ្ទាល់ជាមួយភាគីចិននៅក្នុងទីក្រុង Tianjin ភាគខាងជើងប្រទេសចិន៕