រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Blinken ប្រកាស​ពីគម្រោងជាទឹកប្រាក់ ២៥លាន​ដុល្លារ​ ដើម្បីពង្រឹង​វិស័យ​កសិកម្ម​កម្ពុជា

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ថ្លែងនៅក្នុងកម្មវិធីពាណិជ្ជកម្មកសិកម្ម នៅមជ្ឈមណ្ឌល AmCam Exchange ក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី ៤ ខែសីហា ឆ្នាំ ២០២២។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ប្រកាស​ផ្តល់​មូលនិធិ​ ២៥ លាន​ដុល្លារ​អាមេរិកដល់​គម្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម​រយៈពេល ៥ ឆ្នាំ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​លើកកម្ពស់​សន្តិសុខ​ស្បៀង​អាហារ និង​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។ នេះ​បើ​យោង​តាម​ការប្រកាស​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅកាត់​ថា USAID

គម្រោងនេះដែល​មាន​ឈ្មោះ​ថា Harvest III ​ជា​ផ្នែក​មួយ​នៃ​គម្រោង​សន្តិសុខស្បៀង​អាហារ​រយៈពេល ១២ ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ដឹកនាំ​ដោយ​ទីភ្នាក់ងារ USAID ដោយ​ធ្វើការ​សហការ​ជាមួយ​កសិករ​ខ្មែរ និង​ភាគី​ជា​ដៃគូ​ក្នុង​វិស័យ​ស្បៀង​អាហារ ដើម្បី​ពង្រីក​ទីផ្សារ​កសិកម្ម​កម្ពុជា។ លោក​ Blinken បាន​លើក​ឡើង​ថា គម្រោង​នេះ​នឹង​យក​ចិត្ត​ទុកដាក់​ផងដែរ​លើ​កសិផល​កម្ពុជា ​ដូចជា​ត្រី និង​គ្រាប់​ធញ្ញជាតិ។

លោក Antony Blinken បាន​ថ្លែង​ថា​នៅ​ក្នុងកម្មវិធីពាណិជ្ជកម្មកសិកម្ម​មួយ​ នៅ​រាជធានី​ភ្នំពេញ​ថា៖ «តម្រូវការ​ទាំងនេះ​ចាំបាច់។ ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​នៅតែ​រស់នៅ​ក្នុង​ស្ថានភាព​គ្មាន​ស្បៀង​អាហារ​គ្រប់គ្រាន់។ ហើយ​កុមារ​កម្ពុជា​ជាច្រើន​នាក់​កំពុង​ខ្វះ​អាហារ​រូបត្ថម្ភ​ផង​ដែរ»។ លោកត្រូវបានដកស្រង់សម្តីដូច្នេះពី​កាសែត The New York Times

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken លើកដៃសំពះស្វាគមន៍ ក្នុងអំឡុងពេលលោកចូលរួមក្នុងកម្មពិធីពាណិជ្ជកម្មកសិកម្ម នៅមជ្ឈមណ្ឌល AmCam Exchange ក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី ៤ ខែសីហា ឆ្នាំ ២០២២។

លោក​រដ្ឋមន្ត្រី​ Blinken ក៏​បាន​សង្កត់​ធ្ងន់ថា គម្រោង​ Harvest III នេះ​នឹង​ជួយ​ឲ្យកសិករ​កម្ពុជា ទទួល​បាន​សេវា​ផ្តល់​ផ្ទះ​កញ្ចក់​សម្រាប់​ដាំដុះ​ដែល​ជួយ​ដល់​ដំណាំកសិកម្ម​របស់​ពួកគេ និង​ជួយ​ឲ្យ​ពួកគេ​ចែកចាយ​កសិផល​របស់​ពួកគេ​ទៅកាន់​ទីផ្សារ​កាន់តែធំ​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ផងដែរ។ បន្ថែម​លើ​នេះ គម្រោង​នេះ​នឹង​ជួយ​ដល់​ស្ត្រី​និង​យុវជន​កម្ពុជា ឲ្យទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​មុន​ពី​ការ​បណ្តាក់ទុន​លើ​វិស័យ​កសិកម្ម​របស់​កម្ពុជា។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken ត្រូវបាន​ដកស្រង់​សម្តី​ពី​កាសែត​ The New York Times ថា៖ «យើង​ត្រូវតែ​ដឹង​អំពី​វិធី​ធ្វើ​កសិកម្ម​ក្រោម​អាកាសធាតុ​គ្រប់​ប្រភេទ គ្រប់​ចំណូល​ ដើម្បី​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ជាច្រើន​អាច​មាន​សមត្ថភាព​រឹងមាំ​ដើម្បី​ផលិតស្បៀងអាហារ​ដោយ​ខ្លួនឯង។ ហើយ​ជាមួយ​នឹង​គម្រោង​ថ្មី​នេះ យើង​ពង្រីក​សកម្មភាព​ជំនួយ​របស់​យើង​ ហើយ Harvest III នឹង​អនុវត្ត​ទូទាំង​ប្រទេស»៕