ខ្យល់​ព្យុះ​ទីហ្វុង​ Vongfong បោក​បក់​ភាគ​ខាង​កើត​ហ្វីលីពីន​ដែល​​មាន​វិបត្តិ​កូវីដ១៩​ស្រាប់

រលកបោកមកលើបណ្តុំផ្ទះមួយនៅក្រុង Catbalogan ខេត្ត Western Samar ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។

ខ្យល់​ព្យុះ​ទីហ្វុង​ដ៏​ខ្លាំង​មួយ​បាន​បោកបក់លើ​ភាគ​ខាង​កើត​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ព្រសហ្បតិ៍ ដែល​នេះ​បានបង្ក​ការ​លំបាក​ដល់​អាជ្ញាធរក្នុង​ការ​ប្រឹងប្រែងជម្លៀស​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ដែល​ត្រូវ​ដាច់​ឲ្យ​នៅ​ដាច់​ដោយឡែក​ស្រាប់​ដោយ​សារ​វិធានការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩។

ខ្យល់​ព្យុះ​ដែល​មាន​ឈ្មោះ​ថា Vongfong ​នេះ​មាន​ល្បឿន​រហូត​ដល់​១៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​និង​សន្ទុះ​កំសួល​ខ្យល់​រហូត​ដល់​១៨៥គីឡូម៉ែត​ក្នុង​មួយ​ម៉ោង ​ហើយ​បាន​បោក​បក់​ខេត្ត​ Northern Samar ​ដោយបាន​នាំ​មក​នូវ​ខ្យល់និង​ភ្លៀង​ខ្លាំង។

ទី​ភ្នាក់ងារ​ព័ត៌មាន​ AP រាយការណ៍​ថា​អភិបាល​ខេត្តនេះ​បានសុំ​ឲ្យ​អាជ្ញាធរ​យក​អគារ​សាលារៀន​ធ្វើ​ជា​កន្លែង​ស្នាក់នៅសម្រាប់ពលរដ្ឋ​៨០.០០០​នាក់​ដែល​ត្រូវ​ជម្លៀស​ពីភូមិ​នានា​តាមបណ្តាយ​ឆ្នេរ​សមុទ្រ។​

ខ្យល់​ព្យុះ​នេះត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹងបក់​កាត់​តំបន់​មាន​ប្រជាជន​ច្រើន​របស់​ហ្វីលីពីន​រួម​ទាំង​រដ្ឋធានី​ ម៉ានីល​ផង​ មុន​នឹង​ងាកចេញ​ពី​ប្រទេស​កោះ​នេះ​នៅក្នុង​ថ្ងៃ​អាទិត្យ។

ខ្យល់​ព្យុះទីហ្វុង Vongfong ជា​ខ្យល់​ព្យុះ​ដែលមាន​ឈ្មោះ​ទី​មួយ​ដែល​បាន​បោកបក់​ហ្វីលីពីន​នៅ​ឆ្នាំ​នេះ៕​