ស្រ្តី២នាក់ដែលត្រូវបានចាប់ខ្លួនកាលពីខែមុនពីការរៀបចំផែនការធ្វើគ្រាប់បែកហើយនិងធ្វើសង្គ្រាមជីហាដក្នុងទីក្រុងញូវយ៉កមិនបានសារភាពទទួលកំហុសកាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលនៃការបង្ហាញខ្លួនរយៈពេលខ្លីក្នុងតុលាការសហព័ន្ធក្នុងសង្កាត់ Brooklyn នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។
Noelle Velentzas អាយុ២៨ឆ្នាំ ហើយនិង Asia Siddiqui អាយុ៣១ឆ្នាំ អ្នកទាំង២បានពាក់សម្លៀកបំពាក់អ្នកទោសពណ៌ខៀវនៅពេលដែលមេធាវីរបស់ពួកគេ បានចូលអង្វរជំនួសពួកគេដល់ការចោទប្រកាន់ពួកគេថា ពួកគេបានឃុបឃិតគ្នាប្រើអាវុធប្រល័យលោកហើយនិងបង្រៀនពីរបៀបធ្វើគ្រឿងផ្ទុះ។ Siddiqui ក៏បានត្រូវចោទប្រកាន់ពីការភូតកុហកទីភ្នាក់ងារ FBI ដែរ។
មេធាវីរបស់ Siddiqui និយាយថា លោកមានផែនការប្រឆាំងនឹងការចោទប្រកាន់នេះ។ Velentzas ដែលមានស្បៃរំក្បាលតាមរបៀបអ៊ីស្លាមបានញញឹមដាក់ក្រុមអ្នកគាំទ្រនៅផ្លូវចូលនៅពេលដែលគេនាំគាត់ចូលក្នុងតុលាការ។ ក្រុមអ្នកគាំទ្រទាំងនោះបដិសេធមិននិយាយទៅកាន់ក្រុមអ្នកយកព័ត៌មាន។
ស្រ្តីទាំងនោះបានត្រូវភ្នាក់ងារ FBI និងមន្រ្តីប៉ូលីសក្រុងញូវយ៉កចាប់ខ្លួនកាលពីខែមុនបន្ទាប់ពីកិច្ចប្រតិបត្តិការដែលពាក់ព័ន្ធនឹងមន្រ្តីប៉ូលីសបង្កប់ខ្លួនដែលស្រី្តម្នាក់។ ការឆែកឆេរផ្ទះរបស់ពួកគេនៅសង្កាត់ Queens មានធុងដាក់ឧស្ម័ន៣ ជីគីមី ឆ្នាំងដែលមានគំរបបិទជិតមិនឲ្យចេញចំហាយ លិខិតសរសេរដោយដៃស្តីពីរបៀបធ្វើគ្រាប់បែក ហើយនិងភាសាជីហាដនិយម នេះបើយោងតាមឯកសាររបស់តុលាការ៕