ជនជាតិ​វៀតណាម​២​នាក់​ត្រូវ​ឃុំ​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​ដាំ​កញ្ឆា​ជាង​១ម៉ឺន​ដើម​ក្នុង​ខេត្ត​មណ្ឌលគិរី

លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ដាំ​កញ្ឆា​និង​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​២នាក់។

នគរបាល​ខេត្ត​មណ្ឌលគិរី​កំពុង​ស្រាវជ្រាវ​អ្នក​នៅ​ពីក្រោយ​ការ​ដាំ​កញ្ឆា​ជាង​១ម៉ឺន​ដើម ខណៈ​តុលាការ​បាន​ចោទ​ប្រកាន់​ជន​ជាតិ​វៀតណាម​២​នាក់ ពី​បទ«ដាំ​ដោយ​ខុស​ច្បាប់​រុក្ខជាតិ​ញៀន» ហើយ​ឃុំ​ខ្លួន​ពួកគេ​នៅ​ក្នុង​ពន្ធនាគារ។ នេះ​បើ​តាម​អ្នកនាំ​ពាក្យ​តុលាការ​ខេត្ត​មណ្ឌលគិរី។

លោក ស៊ាវ ងីឈាន់ ព្រះ​រាជ​អាជ្ញា​រង និង​ជា​អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​មណ្ឌលគិរី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ កាល​ពី​ថ្ងៃចន្ទ ​តំណាង​អយ្យការ​នៃ​តុលាការខេត្ត​មណ្ឌលគិរី​បាន​សម្រេចចោទ​ប្រកាន់​ជន​ជាតិ​វៀតណាម​២​នាក់ ​ដែល​ដាំ​កញ្ឆា​ជាង​ ១​ម៉ឺន​ដើម ក្នុង​ស្រុក​ពេជ្រាដា។

លោក​បញ្ជាក់​ថា៖ «ជនជាតិ​វៀតណាម​ទាំង​២​នាក់​ហ្នឹង តំណាង​អយ្យការ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់ពី​បទ​ដាំ​ដោយ​ខុស​ច្បាប់​នូវ​រុក្ខជាតិ​ញៀន តាម​ច្បាប់​គ្រឿង​ញៀន។ ​ហើយ​យើង​ចោទ​ប្រកាន់​តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ​ឆ្នាំ​២០​២៣»។

លោក ឡោ សុខា ស្នង​ការ​នគរបាល​ខេត្ត​មណ្ឌលគិរី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ជន​ជាតិ​វៀតណាម​ទាំង​២​នាក់​ដែល​ពាក់​ព័ន្ធ​ដើម​កញ្ឆា​ជាង​១​ម៉ឺន​ដើម ស្ថិតនៅ​ភូមិ​ម៉េ​ប៉ៃ ឃុំ​ពូជ្រៃ គឺ​ជា​អ្នក​ស៊ី​ឈ្នួលគេ ​ហើយ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ពួកគេ ក្រោយ​ចុះ​បង្រ្កាប​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២៣។ លោក​បន្ត​ថា​ សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​រកអ្នក​ពាក់​ព័ន្ធ​ផ្សេងទៀត។

លោក​ថ្លែង​ថា៖ «ជន​ជាតិ​វៀតណាម​នេះ គ្រាន់​តែ​គាត់​ជា​ស៊ី​ឈ្នួល​ទេ។ ស៊ី​ឈ្នួល​ពី​វៀតណាម​បន្ត​ ប៉ុន្តែ​ធម្មតា​ការងារ​ កិច្ច​សហ​ប្រតិបត្តិ​ការ​ប្រទេស​ជិត​ខាង។ ហើយ​អ្នក​ជិត​ខាង​គាត់​ចូល​មក​រក​ស៊ី​មាន​ច្បាប់​មាន​ទម្លាប់​ត្រឹម​ត្រូវ ប៉ុន្តែ​គ្រាន់​តែ​ថាគាត់​លួច​លាក់​ដាំ គឺ​គាត់​ប្រព្រឹត្ត​ការងារ​ខុស​ច្បាប់​ហើយ។ អ៊ីចឹង​យើង​បាន​ផ្តន្ទា​ទោស​គាត់​ទៅតាម​ប្រទេស​យើង​ហើយ យក​ទៅ​ដាក់​នៅ​ពន្ធនាគារ​បាត់​ហើយ»។

ដើម​កញ្ឆា​ត្រូវ​បាន​ដក​ក្នុង​អំឡុងការ​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ដាំ​កញ្ឆា​មួយកន្លែង​នៅស្រុក​ពេជ្រាដា​ ខេត្ត​មណ្ឌលគិរី។​

ដើម​កញ្ឆា​ត្រូវ​បាន​ដុត​កម្ទេច​ក្នុង​អំឡុងការ​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ដាំ​កញ្ឆា​មួយកន្លែង​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា នៅ​ខេត្ត​មណ្ឌលគិរី។

បើ​តាម​ស្នងការ​រូប​នោះ ផ្ទៃ​ដី​ដែល​ជន​ជាតិ​វៀតណាម​ដាំ​កញ្ឆា​នោះ គឺ​ជា​ដី​ជួល​ ដែល​មាន​ទំហំ​ជិត​១​ហិកតា។ លោក​បន្ថែម​ថា​កញ្ឆា​នោះ​ទើប​ដាំ​បា​ន​លើ​ដី​ទំហំ​ជាង​១០​អា​ ដែល​មាន​ដំណាំ​កញ្ឆា​ជាង​១​ម៉ឺន​ដើម ដែល​ដុះ​បាន​៣​ទៅ​៤​ខែ​ហើយ។

ស្នង​ការ​រូប​នោះ​បញ្ជាក់​ថា​ នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ជនជាតិ​វៀតណាម​ទាំង​នោះ​ដាំ ហើយ​សមត្ថកិច្ច​បាន​បង្រ្កាប​ទាន់​ពេល​វេលា តាម​រយៈ​ការ​ជូន​ដំណឹង​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ។

​បើ​យោង​តាម​ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​លើ​ហ្វេស​ប៊ុក​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿង​ញៀន កម្លាំង​អន្ត​រាគមន៍ និង​កម្លាំង​អធិការ​ស្រុក​ពេជ្រា​ដា ​បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ដាំ​កញ្ឆា​មួយ​កន្លែង និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់ ​ជា​ជន​ជាតិ​វៀតណាម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ដែល​នគរបាល​អះ​អាង​ថា​បាន​ជួល​ដី​ខ្មែរ​ដាំ​កញ្ឆា។

​នគរបាល​ចាប់​យក​បាន​វត្ថុតាង រួម​មាន​កញ្ឆាស្ងួត​ចំនួន​២​កញ្ចប់ ជីគីមី​ចំនួន​៣០​ការ៉ុង ​ថ្នាំ​បំប៉ន​កញ្ឆា​២៧​កំប៉ុង កែវ​ជ័រ​បណ្តុះ​កូន​កញ្ឆា ចំនួន​៥០០កែវ ជញ្ជីង​ថ្លឹង​កញ្ឆា​ក្រៀម​ចំនួន ៣គ្រឿង ម៉ាស៊ីន​អ៊ុត​កញ្ចប់​កញ្ឆា និង​ថង់​វេច​ខ្ចប់​កញ្ឆា​ជា​ដើម។ នគរបាល​ក៏​បាន​កាប់​ដើម​កញ្ឆា​ស្រស់ និង​ដុត​កម្ទេច​ចោល​ចំនួន​ ១០.៦៧១​ដើម ទម្ងន់ ១.២០៥​គីឡូក្រាម​ផង​ដែរ។

លោក បូរ៉េត កាំពី មន្រ្តី​សម្រប​សម្រួល​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​មណ្ឌលគិរី​ស្នើ​ដល់​សមត្ថ​កិច្ច​ ឬ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ជួយ​ស្រាវ​ជ្រាវរក​ម្ចាស់​ចម្ការ និង​អ្នក​ពាក់ព័ន្ធ​ដែល​នៅ​ពី​ក្រោយ​នៃ​ការ​ដាំ​ដុះ​កញ្ឆា​នេះ ដើម្បី​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។

លោកប្រាប់​វីអូអេ​ថា៖ «បើ​សិន​ជា​អាជ្ញាធរ​ ឬ​ក៏​សមត្ថកិច្ច​មិន​ជួយរ​ក​អ្នក​ដែល​ពាក់ព័ន្ធ​ ឬម្ចាស់​ចម្ការ​ហ្នឹង​ទេ​ អ៊ីចឹង​ធ្វើ​ឱ្យ​ជន​ទាំង​នោះ ​មាន​ឱកាស​ក្នុង​ការ​ដាំ​ ឬ​បន្ត​ចែកចាយ​ដល់​សហគមន៍ ឬប្រជា​ពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋាន»។

ព័ត៌មាន​ទាក់ទង៖ លោក ស ខេង បង្ហើប​ពី​រឿង​ប្រទេស​ឡាវ​«បណ្ដោយ»​គ្រឿង​ញៀន​ហូរចូល​កម្ពុជា

បើ​តាម​ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿង​ញៀន ​ការ​ដាំ​អាភៀន ដើម​កូកា ដើម​កញ្ឆុង និង​ដើម​កញ្ឆា ត្រូវ​ហាមឃាត់​ក្នុង​ប្រទេស​កម្ពុជា។ កញ្ឆា​ជា​ប្រភេទ​គ្រឿង​ញៀន​ដែល​គេ​ចាត់​ទុក​ជា​គ្រឿង​ញៀន​ខ្សោយ ហើយ​កញ្ឆា​ជា​រុក្ខជាតិ​ដែល​ងាយ​ដាំ និង​ងាយ​ដុះ។ កញ្ឆា​អាច​ត្រូវ​កែ​ច្នៃ សម្ងួត ឬ​បំ​ប្លែង​ឱ្យ​ចេញ​ជា​សណ្ឋាន​ផ្សេង​គ្នា ហើយ​ត្រូវ​គេ​យក​មក​លាយ​ជក់​ជាមួយ​នឹង​បារី​ជា​ដើម។

​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២២ រដ្ឋាភិបាល​ប្រទេស​ថៃ​បាន​ដក​កញ្ឆា​ពី​បញ្ជី​គ្រឿង​ញៀន​របស់​ខ្លួន ដោយ​ធ្វើ​ឱ្យ​ការ​ផលិត ការ​ចែក​ចាយ ការ​ប្រើ​ប្រាស់ និង​ការ​មាន​កញ្ឆា មិន​ខុស​ច្បាប់​ឡើយ៕