អតីតមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកចំនួន ២.០០០ នាក់ ដែលមកពីគណបក្សទាំងពីរ បានចុះហត្ថលេខាលើលិខិតមួយ ដែលទាមទារឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោក William Barr ចុះចេញពីតំណែង ដោយសារលោកបានធ្វើអន្តរាគមន៍ក្នុងរឿងក្តីរបស់លោក Michael Flynn អតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី Donald Trump។
កាលពីសប្តាហ៍មុន ក្រសួងយុត្តិធម៌អាមេរិកបានទម្លាក់បទចោទទាំងអស់ចំពោះលោក Flynn ដែលបានសារភាពថា លោកបាននិយាយកុហកចំពោះការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI អំពីកិច្ចសន្ទនាររវាងលោក និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក។
នៅក្នុងលិខិតរបស់ពួកគេ អតីតមន្ត្រីក្រសួងយុត្តិធម៌ទាំងនោះនិយាយថា ការសម្រេចទម្លាក់បទចោទទាំងនេះ ត្រូវបានធ្វើឡើងដោយឯកសារចុះហត្ថលេខដោយមន្ត្រីតែងតាំងតាមនយោបាយតែម្នាក់គត់ គឺលោក Barr ហើយមិនមានចុះហត្ថលេខាពីមន្ត្រីរដ្ឋអាជ្ញាអាជីពទេ។
លិខិតនោះក៏អះអាងថា ចំណាត់ការជាបន្តបន្ទាប់របស់លោក Barr ដើម្បីបម្រើដល់ផលប្រយោជន៍ផ្ទាល់ខ្លួននិងផលប្រយោជន៍នយោបាយរបស់លោកប្រធានាធិបតី ត្រាំ បានធ្វើតុលាការមានការលំបាកក្នុងការគោរពសេចក្តីសម្រេចរបស់ក្រសួងយុត្តធម៌ ចំពោះរឿងទម្លាក់សំណុំរឿងណាមួយ។
នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CBS កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីយុត្តិធម៌លោក William Barr បានបដិសេធថា លោកមិនបានទម្លាក់បទចោទចំពោះលោក Flynn ដើម្បីបម្រើប្រយោជន៍លោកប្រធានាធិបតី ត្រាំ ទេ ហើយថា លោកបានធ្វើមានការណែនាំរបស់មេធាវីដែលបានពិនិត្យសំណុំរឿងនេះ៕