អង្គការសិទ្ធិមនុស្សចំនួនពីរបានបន្តទាមទារឲ្យមានការកែទម្រង់វិធីទូទាត់បំណុល ដោយម្ចាស់បំណុលត្រូវបញ្ឈប់ការរឹបអូសដីធ្លីពីអ្នកខ្ចីប្រាក់ ដើម្បីលក់សងប្រាក់ជំពាក់ដែលការធ្វើបែបនេះត្រូវបានសង្ស័យថា កំពុងបង្កឡើងដោយគ្រឹះស្ថានហិរញ្ញវត្ថុឯកជនធំៗចំនួន៦ក្នុងប្រទេសកម្ពុជា។
ការទាមទារ ធ្វើឡើងតាមរយៈពាក្យបណ្តឹងមួយរបស់អង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការសមធម៌កម្ពុជាដែលត្រូវបានដាក់ទៅកាន់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដើម្បីជំរុញឲ្យមានការស៊ើបអង្កេតដ៏ចាំបាច់មួយចំពោះការរំលោភបំពានជាច្រើនឆ្នាំទៅលើស្ដង់ដារអនុវត្តន៍ របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពីសំណាក់ស្ថាប័នផ្ដល់កម្ចីឥណទានខ្នាតតូចនៅកម្ពុជា។
ពាក្យបណ្តឹងរបស់អង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការសមធម៌កម្ពុជាដែលបានដាក់ទៅកាន់ការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយវិវាទ (CAO) នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា IFC កាលពីខែកុម្ភៈ បង្ហាញថា ធនាគារអេស៊ីលីដា ធនាគារហត្ថា ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានរំលោភបំពានទៅលើ «បញ្ជីលើកលែង» របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ចំពោះការហាមឃាត់ការវិនិយោគទាំងឡាយណាដែលពាក់ព័ន្ធនឹង ពលកម្មកុមារ និងការរំលោភសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិចដោយគ្មានការយល់ព្រម ក៏ដូចជាការរំលោភបំពានទៅលើបទដ្ឋានអនុវត្តន៍ស្តង់ដាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិមួយចំនួនទៀត។ នេះបើតាមសេចក្តីរាយការណ៍របស់អង្គការទាំងពីរចេញផ្សាយជាសាធារណៈកាលពីថ្ងៃអង្គារ។
សេចក្តីថ្លែងការណ៍លើកឡើងថា ការសិក្សាស្រាវជ្រាវមួយ ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលអាល្លឺម៉ង់ បានរកឃើញថា មានការលក់ដីដោយសារការជំពាក់បំណុលកើតឡើងនៅរៀងរាល់១៦នាទីម្ដងនៅក្នុងប្រទេសកម្ពុជា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលោកអំ សំអាត ប្រាប់វីអូអេកាលពីថ្ងៃពុធថា ពាក្យបណ្តឹងដែលដាក់ជូនការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយវិវាទ (CAO) នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មានបំណងទាមទារឲ្យមានការការពារអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុទាំង៦នោះ និងបើកការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីមួយចំនួន ពាក់ព័ន្ធនឹងការរំលោភសិទ្ធិដីធ្លីរបស់កូនបំណុល។
លោកថ្លែងថា៖«យើងទាមទារឲ្យមានការស៊ើបអង្កេតទៅលើការរំលោភបំពាន ដែលកើតចេញអំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំង៦ហ្នឹងដោយឯករាជ្យ ហើយនិងផ្តល់សំណងសមរម្យដល់ជនរងគ្រោះដែលរងការខូចខាត ដោយការវិនិយោគ ខ្វះការប្រុងប្រយ័ត្ន របស់ពួកគេហ្នឹង។ ហើយអ្វីដែលសំខាន់សុំឲ្យមានការពង្រឹងកិច្ចការពារសម្រាប់អ្នកខ្ចីហ្នឹង»។
លោកបន្ថែមថា៖ «មួយទៀត គឺគួរពិនិត្យទៅលើការផ្តល់ បណ្ណកម្មសិទ្ធិត្រឡប់វិញ ទៅដល់ប្រជាពលរដ្ឋទាក់ទងនឹងរឿងកម្ចីខ្នាតហ្នឹង ដើម្បីចៀសវាងការបាត់បង់ដីធ្លីរបស់ប្រជាពលរដ្ឋទៅថ្ងៃក្រោយជាពិសេសគឺការលក់ដីដោយបង្ខំដើម្បីសងទៅមីក្រូហិរញ្ញវត្ថុ និងធនាគារហ្នឹង»។
អង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការសមធម៌កម្ពុជាកំពុងធ្វើជាតំណាងពលរដ្ឋខ្មែរដែលជាអ្នកខ្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខាងលើ។
នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា លោកអៀង វុទ្ធី លើកឡើងក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើរួមគ្នាជាមួយអង្គការលីកាដូថា ប្រជាពលរដ្ឋខ្មែររាប់លាននាក់ នៅតែកំពុងជាប់ផុងក្នុងវិបត្តិបំណុល ដូច្នេះហើយតម្រូវឲ្យមានការកែទម្រង់ពិតប្រាកដដើម្បីបញ្ចប់ការអនុវត្តបែបកេងប្រវ័ញ្ច និងការរំលោភសិទ្ធិមនុស្សនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។
លោកប្រាប់វីអូអេបន្ថែមកាលពីថ្ងៃពុធថា បណ្តឹងដែលដាក់ទៅការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយវិវាទ (CAO) នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិមានបំណងជំរុញឲ្យមានការសើរើឡើងវិញនូវគោលនយោបាយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ទាក់ទិនការផ្តល់ប្រាក់កម្ចី និងការការពារសិទ្ធិកាន់កាប់ដីធ្លីរបស់កូនបំណុល ហើយបណ្តឹងនោះក៏ទាមទារឲ្យមានការសងជំងឺចិត្តទៅអ្នកខ្ចីប្រាក់ផងដែរ។
លោកថ្លែងថា៖«យើងចង់ឃើញឲ្យមានការត្រួតពិនិត្យទៅលើការអនុវត្តគោលនយោបាយផង ការដោះស្រាយទៅលើផលប៉ះពាល់ផ្សេងៗទៅដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលបាត់បង់ដីធ្លី អ្នកដែលរងនូវគេហៅថា បញ្ហាប្រឈមកន្លងមកហ្នឹង គឺឲ្យអាចឈានទៅដល់រកគេហៅថា ដំណោះស្រាយដើម្បីអាចឲ្យគាត់ស្តារនូវជីវភាព»។
មេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះបន្ថែមថា ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់កូនបំណុលដែលកំពុងស្ថិតក្នុងដៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគួរតែត្រូវបានប្រគល់តឡប់មកវិញ ដើម្បីធានាថា ដីធ្លីនោះមិនត្រូវបានយកទៅលក់ សម្រាប់ទូទាត់ប្រាក់កម្ចី ហើយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលជាសមាជិករបស់ធនាគារពិភពលោក ត្រូវបង្កើតឲ្យមានយន្តការពិនិត្យលើកិច្ចព្រមព្រៀងដែលបានធ្វើជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីបញ្ចៀសផលប៉ះពាល់បង្កឡើងដោយសារការរំលោភសិទ្ធិមនុស្ស។
បើតាមលោកអៀង វុទ្ធី យន្តការដោះស្រាយរបស់បណ្តឹងដែលដាក់ទៅសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មានពីរដំណាក់កាល គឺទីមួយការសម្របសម្រួល ដែលបានបរាជ័យរួចហើយនៅការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយវិវាទ (CAO) ក្រោមហេតុផលខ្វះការសហការចូលរួមចរចាពីភាគីពាក់ព័ន្ធ ហើយទីពីរ គឺយន្តការពិនិត្យអនុលោមភាព ឬឯកសារ និងគោលនយោបាយដែលព្រមព្រៀងគ្នា កន្លងមករវាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងគ្រឹះស្ថានហិញ្ញវត្ថុនៅកម្ពុជា។ យន្តការពិនិត្យអនុលោមភាពនេះកំពុងចាប់ផ្តើមដំណើរការ។
គួរបញ្ជាក់ថា គ្រឹះស្ថានហិរញ្ញវត្ថុទាំង៦ខាងលើ បានទទួលមូលនិធិពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលបានកំណត់បទដ្ឋានអនុវត្តន៍ស្តង់ដារសម្រាប់ការផ្តល់មូលនិធិរបស់ខ្លួន ក្នុងនោះគឺការវាយតម្លៃ និងការគ្រប់គ្រងផលប៉ះពាល់និងហានិភ័យលើបរិស្ថានសង្គម លក្ខខណ្ឌការងារ និងពលកម្ម លទ្ធកម្មដីធ្លី ឬការទទួលបានដី និងបទដ្ឋានអនុវត្តន៍ចំពោះជនជាតិដើមភាគតិច។
ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លោកអ៊ិន ចាន់នី ថ្លែងថាសេចក្តីថ្លែងការណ៍របស់ អង្គការសង្គមស៊ីវិល ដែលបង្ហាញពី ភាពមិនប្រក្រតីជុំវិញការរឹបអូស និងលក់ដូរដីធ្លីរបស់ពលរដ្ឋ ដែលផ្តើមចេញពីការផ្តល់ប្រាក់កម្ចីនោះ គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។
លោកប្រាប់វីអូអេកាលពីថ្ងៃពុធថា៖ «ខ្ញុំសូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍ហ្នឹងគ្មានមូលដ្ឋានទេ។ ហើយយើងមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ ហើយសូមបញ្ជាក់ថា ធនាគារអេស៊ីលីដាគឺជាក្រុមហ៊ុនបោះផ្សាយមូលបត្រកម្មសិទ្ធិនៅក្នុងផ្សារហ៊ុនកម្ពុជា ដែលជាធនាគារមួយមានតម្លាភាព ជាទីបំផុតទៅតាមច្បាប់របស់ជាតិយើងស្តីអំពីការបោះផ្សាយ»។
លោកបន្ថែមថា៖ «អ៊ីចឹងការយកមូលនិធិពីបរទេសមកប្រើប្រាស់ សម្រាប់ជាកម្ចីទៅឲ្យសហគ្រាសគ្រប់ខ្នាតហ្នឹង គឺយើងមានគោលច្បាប់ គោលនយោបាយរបស់យើងស្របទៅតាមច្បាប់ជាតិ ហើយមានគោលនយោបាយរបស់យើងដែលយកចិត្តទុកដាក់ជាពិសេសទៅលើ ការគោរពកិច្ចសន្យានានាជាមួយនឹងអ្នកផ្តល់ហិរញ្ញប្បទានដល់យើងដើម្បីយើងយកទៅប្រើជាទូ ទៅដល់សហគ្រាសគ្រប់ខ្នាតហ្នឹង គឺបានចែងច្បាស់ណាស់ ហើយគ្មានអ្វីទៅធ្វើឥណទាន ឬក៏ផ្តល់ឥណទានដល់សហគ្រាសដែលប្រើពលកម្មកុមារ ឬក៏រំលោភ សិទ្ធិដីធ្លី គឺវាមិនមែនជាកិច្ចការដែលយើងត្រូវធ្វើ»។
ចំណែក ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាអ្នកនាំពាក្យលោក កាំង តុងងី យល់ថា សេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា ពាក់ព័ន្ធនឹងការផ្តល់ប្រាក់កម្ចី និងការរំលោភលើសិទ្ធិពលរដ្ឋនោះ ជារឿងច្រំដែល និងមិនស្របតាមស្ថានភាពពិតទេ ព្រោះអង្គការទាំងពីរនេះបានប្រើប្រាស់របាយការណ៍ ដែលបានមកពីការស្រាវជ្រាវមួយខ្វះការពិគ្រោះយោបល់ពីភាគីពាក់ព័ន្ធក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។
លោកថ្លែងថា៖ «អ្វីដែលយើងកត់សម្គាល់ គឺរបាយការណ៍ហ្នឹងគឺជារបាយការណ៍ដែលគាត់រកតែខ្លួនគាត់ ក្រុមគាត់តែប៉ុន្មាននាក់ហ្នឹងទេ ដោយសារកន្លងមកយើងធ្លាប់ទាក់ទងទៅគាត់ដែរ ដើម្បីស្វែងយល់បន្ថែម ប៉ុន្តែហាក់ដូចជាមិនមានការទទួលស្វាគមន៍នៅក្នុងការចូលរួមការសិក្សាស្រាវជ្រាវហ្នឹងទេ»។
យ៉ាងណាក៏ដោយ លោកកាំង តុងងីនិយាយថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាទទួលស្វាគមន៍ចំពោះការស្រាវជ្រាវរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដើម្បីបានជាទុននៅក្នុងការចាត់វិធានការជាក់លាក់ទៅលើសមាជិកសមាគមណាមួយដែលពិតជាបានធ្វើខុសដូចការចោទប្រកាន់របស់អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា។
លោកលើកឡើងថា៖ «យើងទទួលស្វាគមន៍ទៅលើការស្រាវជ្រាវរបស់ IFC ហើយប្រសិនបើពិតជារកឃើញថា មានសមាជិកណាមួយរបស់សមាគមមីក្រូហិរញ្ញវត្ថុប្រព្រឹត្តខុស ដូចការចោទប្រកាន់របស់អង្គការលីកាដូ ឬក៏អង្គការសមធម៌មែន សមាគមនឹងចាត់វិធានការទៅតាមច្បាប់ជាមួយនឹងសមាជិកទាំងអស់នោះ។ តែយ៉ាងណា ដូចជាខ្ញុំលើកឡើង អ្វីដែលសមាគមបានចុះទៅរក ពិនិត្យផ្ទាល់ហ្នឹងគឺយើងមិនឃើញក្នុងទម្រង់ធ្ងន់ធ្ងរដូចការចោទប្រកាន់ហ្នឹងទេ គឺក្នុងកម្រិតក្រមសីលធម៌វិជ្ជាជីវៈ ហើយយើងតម្រូវឲ្យសមាជិករបស់យើងហ្នឹងចាត់វិធានការដោះស្រាយលើបញ្ហាហ្នឹងហើយ»។
ដោយឡែក នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន៨ ដែលក្នុងនោះមានអង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយបង្ហាញការសោកស្តាយចំពោះការសម្រេចរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលផ្តល់ឥណទានចំនួន១៧៥លានដុល្លារ ដល់គ្រឹះស្ថានហិរញ្ញវត្ថុចំនួនពីរ គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និងធនាគារអេស៊ីលីដា។ សេចក្តីថ្លែងការណ៍លើកឡើងថា ការផ្តល់កម្ចីរបស់ធនាគារ AIIB នេះនាំឲ្យមានហានិភ័យកាន់តែអាក្រក់ឡើងដល់វិបត្តិសិទ្ធិមនុស្ស ដែលកើតចេញពីការផ្តល់ប្រាក់កម្ចី ជាមួយនឹងការតម្រូវឲ្យដាក់តម្កល់បណ្ណកម្មសិទ្ធិដីធ្លី។
សេចក្តីថ្លែងការណ៍លើកឡើងថា៖ «ជាទូទៅ ស្ថាប័នផ្តល់កម្ចីឥណទានខ្នាតតូចនៅកម្ពុជា ទាមទារបណ្ណកម្មសិទ្ធិដីធ្លី ដើម្បីដាក់ជាទ្រព្យធានាដែលជាការអនុវត្តមួយត្រូវបានរិះគន់ថា ជា គម្រោងដែលគ្មានក្រមសីលធម៌ និងបង្កើតឲ្យមានការបាត់បង់ជម្រកជាច្រើន»។
សេចក្តីថ្លែងការណ៍បន្ថែមថា ជារឿងគួរឲ្យសោកស្តាយដែលធនាគារ AIIB បានសម្រេចចិត្តចាប់ផ្តើមវិនិយោគនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងពេលដែលរឿងនេះវាជាបញ្ហាក្តៅគគុក ក្រោយពីមានរបាយការណ៍គួរឲ្យជឿទុកចិត្តមួយចំនួនរបស់អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងការសិក្សាដែលផ្តល់ជំនួយដោយវិនិយោគិន បានរកឃើញបញ្ហាជាច្រើននៃការរឹបអូសដីធ្លី ការបាត់បង់ជីវភាពរស់នៅសមរម្យ ផលប៉ះពាល់លើបញ្ហាសុខភាព ការបាត់បង់ដីធ្លី របស់ជនជាតិដើមភាគតិច អសុវត្ថិភាពស្បៀងអាហារ និងពលកម្មកុមារជាដើម។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីភាគីធនាគារ AIIB ដែលមានទីស្នាក់កណ្តាលនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន តាមប្រព័ន្ធទូរសព្ទបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ៕
លោក លាស់ លីបលីប រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។