សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃពុធ បានសម្រេចឃុំខ្លួនសកម្មជននយោបាយគណបក្សប្រឆាំង ២នាក់ គឺលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ក្រោមបទចោទប្រកាន់ប្រមាថអង្គព្រះមហាក្សត្រ និងបង្កភាពវឹកវរក្នុងសង្គម។
ពួកគេទាំងពីរនាក់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការចោទប្រកាន់ថាលោក ហ៊ុន សែន មិនគោរពព្រះមហាក្សត្រ តាមរយៈរូបភាពដែលបង្ហោះក្នុងពិធីមួយក្នុងខេត្តសៀមរាប ដែលលោក ហ៊ុន សែន បានឈរ និងអង្គុយក្បែរព្រះមហាក្សត្រ ហើយក្លស់បាំងលើលោក ហ៊ុន សែន មិនមែននៅលើព្រះមហាក្សត្រ។
ដីការបស់តុលាការបង្គាប់ឱ្យឃុំខ្លួនសកម្មជននយោបាយ២នាក់គឺលោក ហ៊ុន កុសល និងលោក យឹម ស៊ីណន អតីតប្រធានចលនាគណបក្សសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង ដែលចេញដោយសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃពុធ បញ្ជាក់ថា៖ «ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៤៣៧(ស្ទួន)នៃច្បាប់ស្តីពីវិសោធនកម្ម ក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ»។ ដីកាបង្គាប់ឱ្យឃុំខ្លួនបន្ថែមថាសកម្មជននយោបាយ២នាក់នេះ ត្រូវបញ្ជូនទៅមណ្ឌលកែប្រែទីមួយ ដោយអនុវត្តតាមច្បាប់ដោយស្ថិតក្រោមការគ្រប់គ្រងពីប្រធានមណ្ឌល រហូតមានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
ប្រសិនបើតុលាការរកឃើញកំហុស សកម្មជននយោបាយទាំង២នាក់ នឹងត្រូវប្រឈមជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ តាមមាត្រាថ្មីនៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានអនុម័ត កាលពីឆ្នាំ២០១៨ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។
អង្គការសង្គមស៊ីវិលបានរាយការណ៍ថាយ៉ាងតិចមនុស្ស១០នាក់ ត្រូវបានចោទប្រកាន់ និងឃុំខ្លួន តាមមាត្រាថ្មីនេះ ចំពោះការប្រមាថអង្គព្រះមហាក្សត្រ។
កាលពីថ្ងៃពុធ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថាលោក យឹម ស៊ីណន បានបង្ហោះសាររួចហើយលោកលុបចោលវិញ ក្នុងន័យចោទសួរថា«អ្នកណាជាស្តេចពិតប្រាកដ?» នៅពេលលោក ហ៊ុន សែន ដើរ ឱ្យនិងអង្គុយអមព្រះមហាក្សត្រក្នុងពិធីមួយនៅក្នុងខេត្តសៀមរាប។
ចំណែកសាររបស់លោក ហ៊ុន កុសល ភ្ជាប់ជាមួយរូបថតមួយសន្លឹករបស់ព្រះមហាក្សត្រដោយសរសេរក្នុងន័យដើមថា៖ «ឃើញពួកគេធ្វើបាបព្រះទ័យ និងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងប្រើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្តាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្រ្តខ្មែរមិនអាចខ្វះបាន»។
ភរិយារបស់លោក យឹម ស៊ីណន អ្នកស្រី សុផាត មករា ដែលមានកូនពីរនាក់ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាបន្ទាប់ពីអ្នកស្រីបានដឹងពីដីកាបង្គាប់ឱ្យឃុំខ្លួន លោក យឹម ស៊ីណន ដែលជាស្វាមី អ្នកស្រីបានអំពាវនាវសុំឱ្យមានការដោះលែងលោក យឹម ស៊ីណន។
អ្នកស្រីថ្លែងថា៖ «នៅក្នុងចិត្តខ្ញុំ ខ្ញុំអំពាវនាវឱ្យសម្តេចពុក គាត់ជួយពិនិត្យមើលកូនចៅត្រង់ចំណុចហ្នឹងបន្តិចទៀតឱ្យគាត់មេត្តា ដោយសារពួកខ្ញុំគឺនៅមានកូន ដែលគាត់សួររកប៉ារបស់គេរាល់ថ្ងៃ ហើយគាត់ព្យាយាមសួរប៉ាគាត់នៅណា ហើយខ្ញុំអត់អាចដឹងថាគាត់នៅឯណាទេ នៅក្នុងខណៈពេលនេះខ្ញុំអត់ដឹងថាទៅរកអន្តរាគមន៍នៅកន្លែងណា។ ខ្ញុំនឹកឃើញតែចង់ឱ្យគាត់មេត្តាករុណា ជួយសន្តោសដល់គាត់នេះខ្ញុំអត់ដឹងថាទៅពឹងអ្នកណាទៀត ខ្ញុំមានជម្រើសបែបហ្នឹងអ៊ីចឹង»។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីរបស់អង្គការ Human Rights Watch បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាសេរីភាពនៃការបញ្ចេញមតិនឹងបាត់បង់ក្រោមរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ខណៈការបោះឆ្នោតជាតិខិតជិតមកដល់។ លោកបន្ថែមថាការបង្ហោះសារលើហ្វេសប៊ុកជាការបញ្ចេញយោបល់អំពីកម្មវិធីណាមួយរបស់រដ្ឋាភិបាល មិនមែនជាបទល្មើសឡើយ៕