សមាជិកគណបក្សភ្លើងទៀន ២ នាក់ ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃពុធ ក្រោមការចោទប្រកាន់ «ក្លែងបន្លំឯកសារ» នៅក្នុងសំណុំរឿងពាក់ព័ន្ធមួយ ដែលសកម្មជនគណបក្សជំទាស់ម្នាក់ត្រូវបានចាប់ខ្លួនកាលពីពាក់កណ្តាលខែមករា។ នេះបើតាមមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន និងមន្រ្តីនគរបាលរាជធានីភ្នំពេញ។
បើតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៤ សមាជិកគណបក្ស ២ នាក់ដែលត្រូវបានចាប់ខ្លួននោះ មានលោក ហាក់ កុសល លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌជ្រោយចង្វា និងលោក ម៉ា ចិន្តា អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌដូនពេញ។ គណបក្សភ្លើងទៀនចាត់ទុកថា ការចាប់ខ្លួនសមាជិកទាំង ២ នាក់ «គឺជារូបភាពគំរាមកំហែងថ្មីៗទៀត ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន និងជាការធ្វើឱ្យបរិយាកាសនយោបាយមុនការបោះឆ្នោតអសកលក្នុងឆ្នាំ ២០២៤ នេះ (បោះឆ្នោតព្រឹទ្ធសភា) រឹតតែមានភាពអាប់អួរថែមទៀត»។
គណបក្សភ្លើងទៀនជំរុញឱ្យអាជ្ញាធរដោះលែងពួកគេដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញសមាជិកគណបក្ស ដើម្បីធានាបរិយាកាសនយោបាយល្អប្រសើរ ក្នុងពេលដែលកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅថ្ងៃទី ២៥ ខែកុម្ភៈខាងមុខ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ អតីតអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ដែលបច្ចុប្បន្នចូលរួមជាមួយគណបក្សឆន្ទៈខ្មែរដែលនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភាខាងមុខ លើកឡើងថា ការចាប់ខ្លួនសកម្មជនទាំង ២ នាក់នោះគឺជាសម្ពាធបន្ថែមទៀតមកលើគណបក្សភ្លើងទៀន។
លោកបញ្ជាក់ថា៖ «អាហ្នឹងខ្ញុំគិតថា តិច ឬច្រើនពាក់ព័ន្ធជាមួយហេតុផលនយោបាយហើយការគំរាមកំហែងនៅជាមួយហ្នឹងដែរ។ អ៊ីចឹងទេ ខ្ញុំអំពាវនាវឱ្យអាជ្ញាធរកុំឱ្យមានការចាប់ខ្លួន ដោយឥតដីកាអ៊ីចឹង»។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេទាំង ២ នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួន កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ ពាក់ព័ន្ធនឹងបទចោទក្លែងបន្លំឯកសារ។ បើតាមអ្នកនាំពាក្យរូបនេះ ការចាប់ខ្លួននេះធ្វើឡើងទៅតាមដីការបស់តុលាការដែលប្តឹងដោយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការយកឈ្មោះពួកគេទៅឈរឈ្មោះដោយមិនដឹងខ្លួន។
លោក សំ វិច្ឆិកា បញ្ជាក់ថា៖ «ពួកគាត់ទាំងពីរហ្នឹងចូលរួមជាក្រុមក្នុងការក្លែងបន្លំឯកសារ។ អ៊ីចឹងសមត្ថកិច្ចយើងអនុវត្តទៅតាមដីការបស់តុលាការ»។
បើតាមលោក សំ វិច្ឆិកា អ្នកទាំង ២ ដែលត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងករណីតែមួយ ដែលសកម្មជនម្នាក់របស់គណបក្សភ្លើងទៀន គឺលោក ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។
កាលពីពាក់កណ្តាលខែមករា សកម្មជនគណបក្សភ្លើងទៀន២នាក់ ក្នុងនោះមានលោក ខឹម ចាន់វណ្ណៈ និងអ្នកស្រី ឆាយ ចិន្តា ប្រធានចលនាស្ត្រីខណ្ឌជ្រោយចង្វា ត្រូវបាននគរបាលចាប់ខ្លួនពាក់ព័ន្ធនឹងការសង្ស័យ «ការក្លែងបន្លំឯកសារសាធារណៈ» និង«ប្រើប្រាស់ឯកសារក្លែង» នៅក្នុងសំណុំរឿងពីរផ្សេងគ្នា។ ពួកគេត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស។
អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញប្រាប់វីអូអេថា ការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀន កាលពីថ្ងៃពុធ ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារសាធារណៈលើឯកសារឈរឈ្មោះធ្វើជាបេក្ខជនបម្រុងឈរឈ្មោះក្រុមប្រឹក្សាសង្កាត់ នៅសង្កាត់ផ្សារថ្មីទី ៣ ដែលអ្នកប្តឹងថាមិនបានដឹងខ្លួនអំពីការឈរឈ្មោះនោះទេ។
ពួកគេទាំងពីរនាក់នេះត្រូវបានបញ្ជូនទៅសាកសួរនៅតុលាការកាលពីព្រឹកថ្ងៃពុធ។
អ្នកនាំពាក្យរបស់តុលាការរាជធានីភ្នំពេញ លោក ប្លង់ សុផល ថ្លែងថា លោកមិនទាន់មានព័ត៌មានទាក់ទងនឹងសកម្មជនទាំង ២ នាក់នោះទេ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីគ្រួសាររបស់ពួកគេទាំងពីរនាក់បាននៅឡើយទេ។
វីអូអេបានព្យាយាមស្វែងរកដើមបណ្តឹង ដែលប្តឹងថា មន្ត្រីគណបក្សភ្លើងដាក់ខ្លួនជាបេក្ខជនបម្រុងឈរឈ្មោះក្នុងការបោះឆ្នោតដោយមិនដឹងខ្លួន ប៉ុន្តែមិនអាចរកបានដើម្បីផ្ទៀងផ្ទាត់ និងស្វែងយល់ថា ហេតុអ្វីក៏បណ្តឹងនេះមិនបានកើតមានអំឡុងពេលបញ្ជីបេក្ខជនត្រូវបានផ្សព្វផ្សាយ។
ការចាប់ខ្លួនដោយមិនមានព័ត៌មានអំពីដើមបណ្តឹងនេះបានរងការរិះគន់ទាក់ទងនឹងការអនុវត្តច្បាប់និងរំលោភសិទ្ធិមនុស្ស។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗ អង្គការសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំមួយ ដោយលើកឡើងថា ការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សកម្មជនដីធ្លី មេដឹកនាំសង្គមស៊ីវិល មេដឹកនាំសហជីពនៅតែកើតមានឡើង។
អង្គការនេះរិះគន់ថា ស្ថានភាពនៃការគោរពសិទ្ធិមនុស្សកាន់តែមាន«ភាពយ៉ាប់យ៉ឺនបន្ថែមទៀត»ក្នុងឆ្នាំ ២០២៣។ អង្គការនេះអះអាងថា នាយករដ្ឋមន្រ្តីថ្មី លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចចាប់តាំងពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ មិនបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សមានភាពល្អប្រសើរឡើយ៕