តុលាការខេត្តកំពតសម្រេចឃុំខ្លួនបុរសពីរនាក់ ពាក់ព័ន្ធនឹងករណីពុលស្រាក្នុងស្រុកកំពង់ត្រាចដែលបណ្តាលឲ្យមនុស្សយ៉ាងតិច១០នាក់ស្លាប់ និងជាច្រើននាក់ទៀតត្រូវទទួលការព្យាបាលចាប់តាំងពីថ្ងៃទី២១ ខែឧសភា។
បើតាមដីកាសម្រេចឲ្យឃុំខ្លួន ចំនួនពីររបស់តុលាការខេត្តកំពតដែលវីអូអេទទួលបាន ចៅក្រមស៊ើបសួរលោក អ៊ុំ ឆវត្តិក៍ បានសម្រេចឃុំខ្លួនបុរសឈ្មោះមុំ ផល្លា អាយុ៣៨ឆ្នាំ អ្នកលាយស្រាថ្នាំ និងបុរសម្នាក់ទៀតឈ្មោះ គុយ សុខ អាយុ៤៨ឆ្នាំ មុខរបរបិតស្រា។ ពួកគេត្រូវចោទប្រកាន់ក្រោមបទចោទ«មានស្ថានទម្ងន់ទោសនៃអំពើមិនសុចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់ ដោយសារការពិការឬមរណភាព»តាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលអាចជាប់ទោសពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ។
ដីការបស់ចៅក្រមចុះថ្ងៃទី២៨ ខែឧសភា បញ្ជាក់ថាបុរសទាំងពីរបានប្រព្រឹត្តបទល្មើសខាងលើនៅភូមិរបងក្រាស់និងភូមិធ្នង់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត។
លោក ម៉ាន់ បូរេត អ្នកនាំពាក្យតុលាការខេត្តកំពតបញ្ជាក់ថាមានមនុស្សពីរនាក់តែប៉ុណ្ណោះត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ប៉ុន្តែលោកបដិសេធមិនផ្តល់ការអធិប្បាយលម្អិតថាមានអ្នកពាក់ព័ន្ធផ្សេងទៀតឬយ៉ាងណា ក្រៅពីបុរសពីរនាក់នោះទេ។
លោកបញ្ជាក់ថា៖ «អត់ដឹងដែរ ខ្ញុំមិនដឹងថាពាក់ព័ន្ធអ្នកណាផង ចាំមើលខ្ញុំសួរនាំសិន»។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ប្រាប់វីអូអេថាក្រោយករណីពុលស្រានៅស្រុកកំពង់ត្រាចនោះ អាជ្ញាធរមូលដ្ឋានបានតម្រូវឲ្យផ្អាកអាជីវកម្មលក់ស្រាសនិងស្រាថ្នាំទាំងអស់ ក៏ប៉ុន្តែលោកមិនបានដឹងច្បាស់ពីចំនួនទីតាំងអាជីវកម្មលក់ស្រាទាំងនោះទេ។
«អាហ្នឹងអាជ្ញាធរ គឺគេផ្អាកសិនហើយ...ខ្ញុំអត់ច្បាស់ដែរពាក់ព័ន្ធហ្នឹង ព្រោះខ្ញុំអត់មានគ្រប់គ្រងខាងហ្នឹងផង»។
ពាក់ព័ន្ធនឹងករណីពុលស្រាក្នុងស្រុកកំពង់ត្រាចខេត្តកំពត មនុស្សប្រមាណ៦០នាក់ក្នុងនោះមានស្ត្រី៨នាក់ ត្រូវបាននាំយកមកព្យាបាលក្រោយការទទួលទានស្រាសនេះនៅក្នុងពិធីបុណ្យសពមួយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២៥ ខែឧសភា។
ក្រសួងសុខាភិបាលបានឲ្យដឹងពីលទ្ធផលនៃការពិសោធន៍សារធាតុមេតាណុលក្នុងស្រានោះថា លើសកម្រិតធំជាង«០,២%ដល់១១,៩% ដែលធ្វើឲ្យពុល ដែលកម្រិតមិនពុលនោះ មិនត្រូវលើសពី០,១%ឡើយ»។
ក្រសួងសុខាភិបាលបន្ថែមថាបន្ទាប់ពីការស្រាវជ្រាវ ក្រុមឆ្លើយតបបន្ទាន់បានដាក់ការសង្ស័យលើការពិសាស្រាសនិងស្រាថ្នាំដោយហេតុថាករណីទាំងអស់ចាប់ផ្តើមឡើងដោយមានរោគសញ្ញាដូចជាស្រវាំងភ្នែក ព្រិលភ្នែក ណែនដើមទ្រូង ចុកទ្រូង ថប់ដង្ហើម ត្រជាក់ចុងដៃជើង ងងុយដេក វិលមុខ ក្អួតរាក ឈឺក្បាលធីងធោងអស់កម្លាំង ទន់ដៃទន់ជើង និងសន្លប់។
ក្នុងការស្រាវជ្រាវនោះ ក្រសួងបានយកសំណាកស្រាថ្នាំ និងស្រាស ពីទីតាំងសិប្បកម្មផលិតចែកចាយស្រា២កន្លែង និងពីទីតាំងលក់រាយតូចៗចំនួន៧កន្លែងទៅវិភាគ។ ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធបានចុះអប់រំ និងណែនាំដល់អ្នកលក់ទាំងបោះដុំ និងរាយឲ្យផ្អាកអាជីវកម្មស្រា ស ដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវ ពីសមត្ថកិច្ចជំនាញ និងបានអប់រំ និងណែនាំដល់ប្រជាជននៅតាមភូមិឃុំដែលកើតហេតុ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ បញ្ឈប់ជាបន្ទាន់នូវការពិសាស្រា ដែលផលិត ឬបិតស្រា មិនបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពត លោក យន់ ផល្លី ជំរុញឲ្យអាជ្ញាធរបន្តស្វែងរកអ្នកដែលផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់បិតស្រាដែលបានសម្លាប់មនុស្សយ៉ាងតិច១០នាក់។ លោកយល់ថាការឃុំខ្លួនបុគ្គលតែពីរនាក់នោះមិនទាន់គ្រប់គ្រាន់ទេ ក្នុងការរារាំងមិនឲ្យមានសកម្មភាពបិតស្រាដែលមិនមានការត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ។
«ពាក់ព័ន្ធនឹងម្ចាស់លក់វត្ថុធាតុដើម សួរថាតើគាត់យកវត្ថុធាតុដើមមកពីណា អីចឹងបើយើងស្រាវជ្រាវទៅ សមត្ថកិច្ចគួរតែស្រាវជ្រាវរកអ្នក[ដែល]គាត់ទិញពីវត្ថុធាតុដើមនោះមកទៀត។ ហើយវត្ថុធាតុដើម បើតាមដែលយើងដឹងភាគច្រើន គឺច្រើនមកពីខាងវៀតណាម»។
គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ ក៏មានករណីពុលស្រានៅស្រុកល្វាឯម ខេត្តកណ្តាល ដែលបានបណ្តាលឲ្យប្រជាពលរដ្ឋ១៣នាក់បានស្លាប់ដោយសារស្រាសនោះដែលមានជាតិមេតាណុលខ្ពស់៕