អង្គការអន្តរជាតិថ្នាក់តំបន់ដែលធ្វើការលើការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ រួមមានវេទិកាអាស៊ីសម្រាប់ការអភិវឌ្ឍសិទ្ធិមនុស្ស (FORUM-ASIA) និងសម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ (CIVICUS) បានស្នើឱ្យតុលាការក្រុងភ្នំពេញច្រានចោលបណ្តឹងបរិហារកេរ្តិ៍ប្រឆាំងនឹងលោក ស៊ឹង សែនករុណា ដោយលើកហេតុផលថា បណ្តឹងនោះមានជាប់ហេតុផលនយោបាយ។
លោក ស៊ឹង សែនករុណា គឺជាមន្រ្តីជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក និងជាអ្នកនាំពាក្យរបស់សមាគមនេះ ហើយជាញឹកញាប់ លោកត្រូវគេសង្កេតឃើញថាបានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយស្តីពីបញ្ហាសិទ្ធិមនុស្ស សិទ្ធិដីធ្លី និងស្ថានភាពវិវឌ្ឍសង្គមចុងក្រោយផ្សេងៗទៀតនៅប្រទេសកម្ពុជា។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្ស FORUM-ASIA និង CIVICUS ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ការប្តឹងផ្តល់ទៅតុលាការរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចទៅលើលោក ស៊ឹង សែនករុណា កើតមានឡើង បន្ទាប់ពីការចុះផ្សាយអត្ថបទមួយលើកាសែត The Cambodia Daily ដែលបានដកស្រង់សម្តីមន្ត្រីសិទ្ធិមនុស្សរូបនោះ ដែលនិយាយថា គណបក្សប្រជាជនកម្ពុជាតែងតែប្រើប្រព័ន្ធតុលាការរបស់ប្រទេស ដើម្បីបំភិតបំភ័យគណបក្សប្រឆាំង និងថាវិវាទនយោបាយគួរតែត្រូវបានដោះស្រាយដោយនយោបាយជាជាងតាមរយៈតុលាការ។
សេចក្តីថ្លែងការណ៍ដដែលឱ្យដឹងទៀតថា លោក ហ៊ុន សែន បានចោទលោក ស៊ឹង សែនករុណា ថាបានបង្ខូចកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយបញ្ជាក់ពីរបៀបនៃការបញ្ចេញមតិរបស់លោកអាចញុះញង់ឱ្យមានការស្អប់ខ្ពើមគណបក្សមុនការបោះឆ្នោតព្រឹទ្ធសភាខាងមុខ។ មេធាវីគណបក្សប្រជាជនកម្ពុជា ទាមទារសំណងជំងឺចិត្តចំនួន ២ ពាន់លានរៀល ឬស្មើនឹង ៥០ ម៉ឺនដុល្លារ។
សេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សថ្នាក់តំបន់ទាំងពីរបញ្ជាក់ថា៖ «បណ្ដឹងប្រឆាំងលោក ស៊ឹង សែនករុណា គឺគ្រាន់តែស្ថិតក្នុងចំណោមករណីជាច្រើនដែលបញ្ជាក់ឡើងវិញអំពីស្ថានភាពសិទ្ធិមនុស្សកាន់តែដុនដាបយ៉ាងខ្លាំងរបស់កម្ពុជា»។
សេចក្តីថ្លែងការណ៍បន្តថា សាលាដំបូងរាជធានីភ្នំពេញត្រូវច្រានចោលបណ្ដឹងបរិហារកេរ្តិ៍លើលោក ស៊ឹង សែនករុណា ជាបន្ទាន់។ រដ្ឋាភិបាលកម្ពុជាត្រូវធានាថា ប្រជាជនរបស់ខ្លួនអាចបញ្ចេញមតិនយោបាយដោយសុវត្ថិភាព ដោយសេរី និងដោយមិនខ្លាចការសងសឹក។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បញ្ជាក់វីអូអេឱ្យដឹងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា តំណាងអយ្យការបានទទួល និងបានចាត់ការលើបណ្តឹងតាមនីតិវិធីច្បាប់ ដោយបានធ្វើការកោះហៅភាគីទាំងអស់មកស្តាប់ចម្លើយ ហើយនិងធ្វើការសម្រេចចុងក្រោយដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេត ស្របតាមអង្គហេតុ អង្គច្បាប់ និងភស្តុតាង។
យ៉ាងណាមិញ លោកមិនបានបញ្ជាក់ឱ្យច្បាស់ពីដំណើរការនីតិវិធីច្បាប់ និងកាលបរិច្ឆេទនៃការកោះហៅសាកសួរលោក ស៊ឹង សែនករុណា ឡើយ។
ព័ត៌មានទាក់ទង៖ ក្រុមអង្គការសង្គមស៊ីវិលនិងយុវជនស្នើគណបក្សប្រជាជនកម្ពុជាដកពាក្យបណ្តឹងលើមន្រ្តីអាដហុកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ការចេញសេចក្តីថ្លែងការណ៍រួមរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិថ្នាក់តំបន់គឺមានគោលបំណងសុំឱ្យមានការដកពាក្យបណ្តឹងទៅលើលោក ស៊ឹង សែនករុណា។ លោកបន្តថា កន្លងទៅលោក ស៊ឹង សែនករុណា តែងតែធ្វើការសកម្មលើការលើកកម្ពស់សិទ្ធិមនុស្ស ស្វែងរកយុត្តិធម៌ និងការងារសង្គមជាច្រើនទៀត។
លោកថ្លែងថា៖ «ពីព្រោះបើយើងមើលទៅលោកស៊ឹង សែនករុណា កន្លងមកលោកធ្វើការយ៉ាងសកម្មទាក់ទងនឹងការលើកកម្ពស់សេរីភាពជាមូលដ្ឋាន និងលើកកម្ពស់លើសិទ្ធិមនុស្ស ហើយរាល់ការបញ្ចេញមតិយោបល់នៅតាមប្រព័ន្ធ media [ផ្សព្វផ្សាយ] ឬក៏ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗហ្នឹង គឺយើងឃើញថាជាគោលបំណងមួយនៅក្នុងការលើកកម្ពស់ទៅលើបញ្ហាសិទ្ធិមនុស្ស បញ្ហាស្វែងរកយុត្តិធម៌ ទាក់ទងនឹងបញ្ហាដីធ្លី កិច្ចការពារបរិស្ថានធនធានធម្មជាតិ និងព្រៃឈើ ហើយនិងការងារសង្គមតែប៉ុណ្ណោះ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វីអូអេថា សំណុំរឿងរបស់លោក ស៊ឹង សែនករុណា កំពុងស្ថិតនៅក្នុងនីតិវិធីតុលាការ ដូច្នេះការបញ្ចេញមតិរបស់អង្គការមួយចំនួនគឺជាសិទ្ធសេរីភាពរបស់ពួកគេ ហើយវាក៏មិនមានប្រសិទ្ធភាពដល់ការផ្អាកដំណើរការរបស់តុលាការកម្ពុជានោះដែរ។
លោកថ្លែងថា៖ «គាត់គ្រាន់តែមានសិទ្ធិបញ្ចេញមតិតែប៉ុណ្ណោះ តែវាអត់មានឥទ្ធិពល ឬប្រសិទ្ធភាពអីទៅលើដំណើរការនីតិវធីការងាររបស់តុលាការទេ។ ការដែលថាជាកិច្ចការនយោបាយ បើវាពាក់ព័ន្ធនឹងរកនយោបាយ អាហ្នឹងសង្កត់ធ្ងន់របស់គាត់តើ! ហើយតុលាការបើពាក់ព័ន្ធនឹងរឿងនយោបាយគាត់មិនដឹងកាត់សេចក្តីយ៉ាងម៉េច? នេះគេយករឿងក្តីមកនិយាយពីអង្គហេតុ អង្គច្បាប់ បើមានពិរុទ្ធភាពហ្នឹងគេកាត់ក្តីហើយ»។
កាលពីថ្ងៃទី ១៤ ខែកុម្ភៈ អង្គការមិនមែនរដ្ឋាភិបាល សមាគម សហជីព និងសហគមន៍មូលដ្ឋានចំនួន៥៥ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្នើឱ្យគណបក្សប្រជាជនកម្ពុជាដកពាក្យបណ្តឹង ក៏ដូចជាអំពាវនាវដល់តុលាការពិនិត្យពិចារណាមិនចោទប្រកាន់លើលោក ស៊ឹង សែនករុណា។ អង្គការសង្គមស៊ីវិលទាំង ៥៥ នេះ ក៏បានអំពាវនាវដល់អាជ្ញាធរឱ្យបញ្ឈប់នូវគ្រប់ទម្រង់នៃការរំលោភបំពានលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនសង្គម។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបានបញ្ជាក់ថា ជាច្រើនឆ្នាំមកនេះ លោក ស៊ឹង សែនករុណា ហ៊ាននិយាយជាសាធារណៈអំពីការរំលោភសិទ្ធិមនុស្ស ការបាត់បង់ធនធានធម្មជាតិ ព្រៃឈើ បរិស្ថាន និងភាពអយុត្តិធម៌នៅក្នុងសង្គម។ ពួកគេបន្តថា សេរីភាពក្នុងការបញ្ចេញមតិរិះគន់ពាក់ព័ន្ធនឹងសិទ្ធិនយោបាយ គឺត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយដែលកម្ពុជាបានអនុម័តផ្តល់សច្ចាប័ន ដូច្នេះការនិយាយក្នុងអត្ថបទសារព័ត៌មានបែបនេះ មិនគួរត្រូវបានគេប្តឹងពីបទល្មើសព្រហ្មទណ្ឌនោះឡើយ៕