គូប្រជែងចម្បងពីររូបសម្រាប់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់ បានចុះឈ្មោះកាលពីថ្ងៃទី ១៥ ខែឧសភាកន្លងទៅនេះ ដើម្បីឈរឈ្មោះនៅក្នុងការបោះឆ្នោតនៅខែក្រោយ។ គូប្រជែងទាំងពីររូបនោះគឺលោក Ebrahim Raisi ដែលជាប្រធានតុលាការប្រកាន់គោលការណ៍តឹងរ៉ឹង និងលោក Ali Larijani ដែលជាអតីតប្រធានរដ្ឋសភា។
ការបោះឆ្នោតនៅក្នុងប្រទេសអ៊ីរ៉ង់នៅថ្ងៃទី១៨ ខែមិថុនាខាងមុខ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មីជំនួសតំណែងលោកប្រធានាធិបតី Hassan Rouhani ត្រូវបានគេមើលឃើញថា ជាការសាកល្បងរបស់មេដឹកនាំបព្វជិតនានានៅក្នុងប្រទេស។
លោក Raisi អាយុ ៦០ ឆ្នាំ គឺជាបព្វជិតថ្នាក់កណ្ដាលនៅក្នុងស្ថាប័នឥស្លាមនិកាយស៊ីអ៊ីត (Shi'ite) ក្នុងប្រទេសអ៊ីរ៉ង់។ លោកត្រូវបានមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei តែងតាំងជាប្រធានតុលាការកាលពីខែមីនា ឆ្នាំ២០១៩។ លោកបានលេចមុខជាបុគ្គលមានឥទ្ធិពលបំផុតមួយរូបនិងជាអ្នកប្រជែងមួយរូបសម្រាប់ជំនួសតំណែងរបស់លោក Khamenei។
លោក Larijani ដែលជាអតីតអ្នកចរចានុយក្លេអ៊ែរ និងជាទីប្រឹក្សាមួយរូបរបស់លោក Khamenei សង្ឃឹមថានឹងទទួលបានការគាំទ្រពីក្រុមអ្នកប្រកាន់ទស្សនៈកណ្ដាលនិយម និងក្រុមអ្នកប្រកាន់ទស្សនៈតឹងរ៉ឹង និងសង្ឃឹមថាអាចភ្ជាប់គម្លាតរវាងក្រុមទាំងពីរ។
នៅមុនពេលចុះឈ្មោះជាបេក្ខជនប្រជែងតំណែងប្រធានាធិបតី លោក Raisi ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសដកស្រង់សម្ដីដែលបាននិយាយថា៖ «ខ្ញុំឡើងមកកាន់ឆាកនយោបាយក្នុងនាមជាអ្នកឯករាជ្យ ដើម្បីធ្វើការផ្លាស់ប្ដូរលើការគ្រប់គ្រងអង្គនីតិប្រតិបត្តិរបស់ប្រទេស និងដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ អំពើពុករលួយ ការប្រមាថ និងការរើសអើង»។
លោក Raisi បានបន្ថែមថា៖ «ខ្ញុំឈរឈ្មោះដើម្បីបង្កើតរដ្ឋាភិបាលខ្លាំងក្លាមួយរបស់ប្រជាពលរដ្ឋសម្រាប់ប្រទេសអ៊ីរ៉ង់ដ៏ខ្លាំងក្លា ដោយមានការជួយជ្រោមជ្រែងពីយុវជនក្លាហាននានា»។
លោក Raisi ថ្លែងដូច្នេះចង់សំដៅបញ្ឆិតបញ្ឆៀងលើការលើកឡើងកាលពីពេលថ្មីៗនេះរបស់លោក Khamenei ដែលបាននិយាយថា លោករំពឹងថានឹងមាន «រដ្ឋាភិបាលមួយដែលមានសមត្ថភាពនិងភាពក្លៀវក្លា» នៅក្នុងការដឹកនាំប្រទេស។
លោក Raisi បានចាញ់លោក Rouhani នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ ២០១៧។ លោក Rouhani ត្រូវបានកំហិតដោយលក្ខខណ្ឌកំណត់អាណត្តិមិនឲ្យឈរឈ្មោះបោះឆ្នោតម្ដងទៀត។
អ្នកកំណែទម្រង់និយមនិងសកម្មជនសិទ្ធិមនុស្សនានាបាននិយាយថា ពួកគេភ្ញាក់ផ្អើលនឹងប្រវត្តិរូបរបស់លោក Raisi ក្នុងនាមជាចៅក្រមប្រកាន់ទស្សនៈតឹងតែងខ្លាំង ជាពិសេសនៅក្នុងអំឡុងទសវត្សរ៍ ១៩៨០ ដែលនៅពេលនោះ លោកគឺជាចៅក្រមមួយរូបក្នុងចំណោមចៅក្រម ៤ រូប ដែលបានកាត់ទោសប្រហារជីវិតអ្នកទោសនយោបាយរាប់ពាន់នាក់។
មេដឹកនាំបព្វជិតនានាសង្ឃឹមថានឹងមានអ្នកចេញមកបោះឆ្នោតច្រើន។ ប៉ុន្តែ ចំណាប់អារម្មណ៍របស់អ្នកបោះឆ្នោតប្រហែលជាអាចប៉ះពាល់ដោយសារការមិនពេញចិត្តនឹងសេដ្ឋកិច្ចដែលត្រូវបានរាំងស្ទះដោយសារទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាថ្មីលើអ៊ីរ៉ង់ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពី ៣ ឆ្នាំមុន។
លោក Raisi បាននិយាយថា ប្រសិនបើលោកត្រូវបានគេជ្រើសរើសឲ្យធ្វើជាប្រធានាធិបតីអ៊ីរ៉ង់ រដ្ឋាភិបាលរបស់លោក «នឹងប្រញាប់ប្រញាល់ដើម្បីធ្វើឲ្យអ៊ីរ៉ង់បានរួចផុតពីទណ្ឌកម្មទាំងនោះ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ