តុលាការ​ខេត្ត​កោះកុង​ដោះលែង​សកម្មជន​ការពារ​បរិស្ថាន​របស់​អតីត​អង្គការ​មាតា​​​​​​​​​​​​​​​​​​​​​​​​​​​ធម្មជាតិ

លោក​ ហ៊ុន វណ្ណៈ​ និង​លោក​ ឌឹម​ គុនឌី ​ជា​សកម្មជន​​បរិស្ថាន​ដែលត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ពី​ក្រុមហ៊ុន​ ​LYP​ ​របស់​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​គឺ​លោក​ លី យ៉ុងផាត់​ ដែល​ជា​សេដ្ឋី​មួយ​រូប​ផង​ដែរ។​ (រូបថតដោយចលនាមាតាធម្មជាតិ)

សកម្មជន​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ពី​ក្រុមហ៊ុន​ ​LYP​ ​របស់​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ​គឺ​លោក​ លី យ៉ុងផាត់​ ដែល​ជា​សេដ្ឋី​មួយ​រូប​ផង​ដែរ។

សាលា​ដំបូង​ខេត្ត​កោះកុង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​បាន​សម្រេច​ដោះលែង​សកម្មជន​ការពារ​បរិស្ថាន​ពីរ​នាក់​របស់​អតីត​អង្គការ​មាតា​ធម្មជាតិ​ គឺ​លោក​ ហ៊ុន វណ្ណៈ​ ​វ័យ​៣៥​ឆ្នាំ​ ​និង​លោក​ ឌឹម គុណឌី​ វ័យ២១ឆ្នាំ​ ​ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ «ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល»​ និង​ ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»​ ហើយដែល​បាន​ទទួល​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​មួយ​ឆ្នាំ​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​ ២០១៨​ តែ​ទោស​របស់​ពួក​គេ​ត្រូវ​បាន​ព្យួរ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំ​ខេត្ត​កោះ​កុង​ ​និង​មេធាវី​ការពារ​កី្ត​សកម្មជន​ទាំង​ពីរ។​

លោក អ៊ិន គង់ជិត​ មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង​ មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​ថា​ ការ​ដោះលែងសកម្មជន​ទាំង​ពីរ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​ មិនបាន​បញ្ជាក់​ថា​ អ្នក​ទាំង​ពីរ​នឹង​មាន​សេរីភាព​ពេញទីដើម្បី​ចូលរួម​សកម្មភាព​តស៊ូ​មតិ​ ប្រឆាំង​នឹង​ការ​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ​របស់​ប្រទេស​ដូច​មុន​ឡើយ ​ដោយហេតុ​ថា ពួក​គេ​នឹង​បន្ត​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ។​

«យើង​មើល​សាលក្រម​ថ្ងៃ​២៦​មករា​នេះ​ គឺ​មាន​បញ្ជាក់​ថា​ នៅ​ពេល​ដែល​គាត់​នៅ​ក្រៅ​ឃុំ​រយៈ​ពេល​៧​ខែ​នេះ​ គឺ​បើ​សិន​ជា​គាត់​បាន​ទៅ​ធ្វើ​ការ​ងារ​អ្វី​ដែល​នាំ​ឲ្យ​មាន​បទល្មើស​បទ​អី​ណា៎​គឺគាត់​នឹង​អាច​នឹង​ត្រូវ​បាន​ចាប់​ខ្លួន ​យក​មក​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ​ឡើងវិញ។ ​អីចឹង​ រឿង​នេះ​ ធ្វើ​ឲ្យ​គាត់​មាន​ការ​ភ័យ​ខ្លាច​ ធ្វើ​ឲ្យ​គាត់​មាន​ការ​ខ្លាច​រអា។ អីចឹង​មិន​អាច​ធ្វើ​សកម្មភាព​អ្វី​ដែល​ចូល​រួម​នៅ​ក្នុង​កិច្ចការ​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​បាន​ទេ»។​

សកម្មជន​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ពី​ក្រុមហ៊ុន​ ​LYP​ ​របស់​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​គឺ​លោក​ លី យ៉ុងផាត់​ ដែល​ជា​សេដ្ឋី​មួយ​រូប​ផង​ដែរ។​ ​ពាក្យ​បណ្ដឹង​នេះ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពី​អង្គការ​មាតា​ធម្មជាតិ​បាន​ចេញ​ផ្សាយ​ខ្សែ​អាត់​វីដេអូ​មួយ​ ដែល​បង្ហាញ​ពី​ភាព​ខុស​គ្នា​នៃ​ទិន្នន័យ​នៃ​ការ​នាំខ្សាច់​ចេញ​របស់​រដ្ឋាភិបាល​កម្ពុជា ​និង​អង្គភាព​គយ​របស់​កោះតៃវ៉ាន់។

លោក​ ​សំ ចំរើន​ ​មេធាវី​ការពារ​ក្តី​សកម្មជន​ការពារ​បរិស្ថាន​ទាំង​ពីរ​នាក់​នេះ​ មិន​ត្រេក​អរ​ចំពោះ​ការ​ដោះលែង​កូន​ក្តី​របស់​លោក​ទាំង​ពីរនាក់​នោះ​ឡើយ។​

លោក​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ៖

«យើង​មាន​អារម្មណ៍​អី​ទៅ​សប្បាយទៅ​រួច​ ​បើ​សិន​ជា​យើង​ អា​ដែង ​នែ៎​ការ​ កិច្ចការ​នៃ​ការ​អនុវត្ត​នីតិវិធី​កន្លងមក​ដោយ​ការ​ភាន់​ច្រឡំ​ ប៉ះពាល់​ដល់​សិទ្ធិ​ពួកគេ​ច្រើន​ស៊ឹង​អីហ្នឹង!​ យើង​មាន​អី​ត្រូវ​សប្បាយ​ និង​ត្រេកអរ​អី!​ គ្រាន់តែ​ថា​ ​បាន​ពួកគេ​នៅ​ខាង​ក្រៅ។​ វា​ជា​កិច្ចការ វា​ជា​លទ្ធផល​មួយ។​ វា​ជា​ការណ៍​មួយ​ល្អដែរ​ តែ​បើ​ថា​ ឲ្យ​អារម្មណ៍​ពួក​យើងរីករាយ អរអី​នោះ​ វា​ដូច​ជា...​ វា​អត់​មាន​អឺ​ ចំណុច​ល្អ​ណា​មួយ​ ធ្វើ​ឲ្យ​យើងមាន​អារម្មណ៍​រំភើប​អី​បែប​ហ្នឹង​ទេ​ មិន​មាន​ទេ»។​

ដើម​បណ្តឹង​ប្រឆាំង​នឹង​សកម្មជន​ទាំង​ពីរ​គឺ​លោក​ចាន់ ណាគ្រី​ ​ដែល​ជា​តំណាង​ឲ្យ​ក្រុម​ហ៊ុន ​LYP​ ​របស់​លោក លី យ៉ុងផាត់​ មាន​ប្រសាសន៍​ថា​ ​ថៅកែ​ក្រុមហ៊ុន​លោក​មិន​មាន​ចេតនា​បន្ត​រក​រឿង​សកម្ម​ជន​ទាំង​ពីរ​ទៀត​នោះ​ទេ​ ​ហើយលោក​បាន​និយាយការ​ពារ​ការ​ប្តឹងផ្តល់​កន្លង​មក​ថា​ ​«ជា​មេ​រៀន»​ ​សម្រាប់​អប់រំ​អ្នក​ទាំង​ពីរ ​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​ឆ្គាំឆ្គង​បន្ថែម​ទៀត។​

«ខាង​ខ្ញុំ​នេះ​ មិន​ទៅ​ចង់​ចាញ់​ ចង់​ឈ្នះ​អីទេ!​ គ្រាន់តែ​ថា​ ឲ្យ​ក្មេង​វា​យល់​ថា​ ស្អី​ដែល​គួរ​ធ្វើ​ ស្អី​មិន​គួរ​ធ្វើ​ ពីព្រោះ​ពាក់​ព័ន្ធ​ផ្លូវ​ច្បាប់​ យើង​មិន​ចេះ​មក​ធ្វើ​តាម​តែ​ចិត្ត​បាន​អីចឹង​ឯ​ណ៎ា​បង!​ គិត​ថា​តុលាការ​គាត់​សម្រេច​ម៉េច​អាស្រ័យ​លើ​លោក​ ព្រោះ​ជា​សិទ្ធិ​របស់​លោក​ទេ»។​

លោក​ថ្លែង​បន្ត​ថា៖​

«លោក​ឧកញ៉ា​ គាត់​មិន​ដែល​មាន​គំនិត​ថា​ ចង់​ដាក់​ទោសទណ្ឌ​អីចឹង​ទេ​ ដោយសារ​ថា ​លោក​ប្អូន​ប៉ុន្មាននាក់​ហ្នឹង​ គាត់​បាន​ធ្វើ​ខុស​អីចឹង​ណា៎!​ ចង់​ឲ្យច្បាប់​គេ​វិនិច្ឆ័យ។​ បើ​សិន​ថា​ ច្បាប់​ គាត់​គិត​ថា​ គាត់​អស់​ទោស​ អស់​ពៃរ៍​ហើយ​ អាហ្នឹង​អត់​អី​ទេ​ ខាង​ខ្ញុំ​ឯក​ភាព​ណ៎ា!»​

ពីរ​ថ្ងៃ​ក្រោយ​ការ​ចាប់​ខ្លួន​សកម្មជន​ទាំង​ពីរ​គឺ​លោក​ ហ៊ុន វណ្ណៈ​ និង​លោក​ ឌឹម គុណឌី​ ​ក្រសួង​មហា​ផ្ទៃ​បាន​សម្រេច​លុប​ឈ្មោះ​អង្គការ​«មាតា​ធម្មជាតិ»​ ​ចេញ​ពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល។​ ​នាយ​ឧត្តមសេនីយ៍​ខៀវ សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​ផ្តល់​ហេតុផល​ថា​ ​ការ​សម្រេច​លុប​ឈ្មោះ​អង្គការ​មាតា​ធម្មជាតិ​នេះ​គឺ​ធ្វើ​ទៅតាម​សំណើ​របស់​ប្រធាន​អង្គការ​នេះ​ គឺ​ព្រះ​តេជគុណ ​ព្រហ្មធម្មជាតិ​ ដែល​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​បញ្ចប់​អាណត្តិ​អង្គការ​មាតា​ធម្មជាតិ។​

​អង្គការ​មាតា​ធម្មជាតិ​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា​ ​«ជា​ក្រុម​ញុះញង់»​ ​នៅ​ពេល​ពួក​គេ​ទម្លាយ​របាយ​ការណ៍​របស់​គយ​តៃវ៉ាន់​ទាក់​ទិន​ការ​នាំ​ខ្សាច់​របស់​កម្ពុជា​ទៅ​កាន់​កោះ​តៃវ៉ាន់។​ របាយការណ៍​នោះ​ បាន​បង្ហាញ​នូវ​ទិន្នន័យ​តម្លៃ​នាំ​ខ្សាច់​ចេញ​មាន​ទឹក​ប្រាក់រាប់​លាន​ដុល្លារ​ ដែល​មិន​ត្រូវ​គ្នា​នឹង​ទិន្នន័យ​របស់​រដ្ឋាភិបាល​កម្ពុជា។

បន្ថែម​លើ​ការ​ទប់ស្កាត់​ការ​បូម​ខ្សាច់​បំផ្លាញ​ស្ថានភាព​បរិស្ថាន​ក្នុង​ដែន​សមុទ្រ​ខ្មែរ​ និង​នៅ​តាម​ដង​ទន្លេ​ ក្រុម​សកម្មជន​នៃ​អតីត​អង្គការ​មាតា​ធម្មជាតិ​ ក៏​ត្រូវ​គេ​ដឹង​ថា​ បាន​ចូលរួម​សកម្មភាព​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​សង់​ទំនប់​វារី​អគ្គិសនី​នៅ​ក្នុង​តំបន់​អារ៉ែង​នៃ​ខេត្ត​កោះកុង​ ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​ផង​ដែរ។​

​ក្រុម​មេធាវីនិង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា​ ​ការ​សម្រេច​ដោះ​លែង​សកម្មជន​បរិស្ថាន​ ​ទាំង​ពីរ​រូប​នេះ​ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ពី​ពួកគេ​បាន​អនុវត្តន៍​ទោស​ចំនួន​ ​៥​ខែ​នៃ​ការ​អនុវត្ត​ទោស​សរុប​ ចំនួន​១២​ខែក្នុង​ពន្ធនាគារ​នៃ​ខេត្ត​កោះកុង។​ ​តុលាការ​ខេត្ត​ជាប់​ដែន​សមុទ្រ​នេះ​បាន​ព្យួរទោស​អ្នក​ទាំងពីរ​នៅ​ក្រៅ​ឃុំ​ចំនួន​ ​៧ខែ​ ​ដោយ​ឱ្យ​ពួក​គេ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​សមត្ថកិច្ច៕