នាវាចម្បាំងរបស់ជប៉ុនពីរគ្រឿងឈ្មោះ URAGA និងHIRADO បានចូលមកដល់ដែនសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុ ហើយកងកម្លាំងស្វ័យការពារជើងទឹកជប៉ុននឹងបំពេញទស្សនកិច្ចនៅកំពង់ផែសមុទ្ររាម ដែលជាទីតាំងមូលដ្ឋានកងទ័ពជើងទឹករបស់កម្ពុជាផងដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលជាបណ្តាញព័ត៌មានរដ្ឋ និងអាជ្ញាធរក្នុងខេត្តព្រះសីហនុ។
វត្តមានរបស់នាវាជប៉ុនទាំងពីរគ្រឿងនៅកម្ពុជា គឺជាផ្នែកមួយនៃការពង្រឹងចំណងមិត្តភាពប្រទេសកម្ពុជា និងជប៉ុន ក្នុងវិស័យការពារជាតិ និងជាការរំឭកឡើងវិញនូវបេសកកម្មកងថែរក្សាសន្តិភាពរបស់ជប៉ុននៅកម្ពុជាកាលពី៣០ឆ្នាំមុន។
ភ្នាក់ងារសារព័ត៌មានរបស់ AKPប្រចាំខេត្តព្រះសីហនុ បានរាយការណ៍ថា នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿងប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានមកដល់ខេត្តព្រះសីហនុកាលពីថ្ងៃចន្ទម្សិលមិញ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុលោកឃាង ភារម្យ ប្រាប់វីអូអេនៅថ្ងៃអង្គារតាមប្រព័ន្ធតេឡេក្រាមថា កាលពីព្រឹកថ្ងៃទី១៥ខែមីនានេះ នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿងនោះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់ថ្ងៃទី១៧ខែមីនា «ដើម្បីបំពេញទស្សនកិច្ចជាមិត្តភាព និងអបអរសាទរខួបលើកទី៣០នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ប្រទេសជប៉ុនមកបំពេញបេសកកម្មនៅកម្ពុជា ដែលជាការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុនចេញក្រៅប្រទេសជាលើកដំបូង»។
ដោយឡែកស្ថានទូតជប៉ុនប្រចាំកម្ពុជាបានលើកឡើងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ទស្សនកិច្ចរបស់នាវាពីរគ្រឿងខាងលើ គឺជាទស្សនកិច្ចលើកដំបូងក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ និងបានកត់សម្គាល់ខួបលើកទី៣០ឆ្នាំនៃការណ៍ដែលប្រទេសជប៉ុនបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកាន់កម្ពុជា។
ទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនបានសរសេរតាមន័យដើមថា៖ «យើងសង្ឃឹមថា ក្នុងឆ្នាំខួបអនុស្សាវរីយ៍នេះ យើងនឹងបន្តអភិវឌ្ឍនូវទំនាក់ទំនងក្នុងវិស័យសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ»។
ដំណើរទស្សនកិច្ចរបស់នាវាស្វ័យការពារជប៉ុន URAGA និងHIRADO កើតមានឡើងក្រោយដំណើរទស្សនកិច្ចរបស់កូនប្រុសលោកនាយករដ្ឋមន្ត្រីហ៊ុន សែនគឺលោកហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុនកាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២នេះ។
នៅប្រទេសជប៉ុន លោកហ៊ុន ម៉ាណែត ជានាយទាហានជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាទេ្វភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោកFumio Kishida និងរដ្ឋមន្ត្រីសំខាន់ៗទៀត រួមមានរដ្ឋមន្ត្រីការបរទេស និងការពារជាតិ នៅទីក្រុងតូក្យូ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានជួបពិភាក្សាជាមួយមន្ត្រីយោធាជាន់ខ្ពស់ជប៉ុនផងដែរ។
ដោយឡែលោកហ៊ុន សែន បានថ្លែងកាលពីខែកុម្ភៈក្នុងប្រទេសកម្ពុជាថា លោកស្វាគមន៍ឱ្យមានការធ្វើសមយុទ្ធយោធារវាងកម្ពុជា និងជប៉ុន ប៉ុន្តែលោកថាសមយុទ្ធកងទ័ពបែបសង្គ្រោះបន្ទាន់ក្នុងពេលមានគ្រោះមហន្តរាយ និងការប្រឆាំងអំពើភេរវកម្មគួរតែជាកិច្ចការអាទិភាព ក្នុងទំនាក់ទំនងយោធាកម្ពុជា និងជប៉ុន៕