សមាជិក​សភាហុង​កុង​ពីររូប​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​ចាប់​ខ្លួន

សមាជិកសភាគាំទ្រលិទ្ធប្រជាធិបតេយ្យលោក Ted Hui ត្រូវបានប៉ូលិសចាប់ខ្លួននៅក្រុងហុងកុង កាលពីថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២០។

សមាជិក​សភា​ប្រចាំ​ទីក្រុងហុងកុង​ពីរ​រូប​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ថា​ជាប់​ទាក់ទង​នឹងបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាល​ពី​ថ្ងៃមុន។ ការ​ចាប់​ខ្លួន​សមាជិក​សភាទាំង​ពីរ​រូប​នេះបាន​ធ្វើ​ឲ្យ​រញ្ជួយ​ទីក្រុង​ហុងកុង ដែល​បច្ចុប្បន្ន​ជា​ទីក្រុង​ពាក់​កណ្ដាល​ស្វយ័ត។ បើ​យោង​តាម​ទំព័រ​ហ្វេកប៊ុក​របស់គណបក្ស​ប្រជាធិបតេយ្យ​ លោក Lam Cheuk-ting និង​លោក Ted Hui ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃពុធ នៅគេហដ្ឋាន​របស់​ពួក​គាត់​រៀង​ខ្លួន។

លោក Lam ត្រូវ​បាន​គេ​ចាប់​ខ្លួន​ដោយ​សង្ស័យ​ថា​បាន​ចូល​រួម​ក្នុង​កុប្បកម្ម​ថ្ងៃទី២១ កក្កដា ឆ្នាំ​មុន នៅ​ពេល​ដែល​បុរស​ជា​ង១០០​នាក់​ បានប្រើ​ដំបងដែក​ និង​គល់​អំពៅ វាយ​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​អ្នក​ដំណើរ​នៅ​ស្ថានីយ៍រថភ្លើង​ក្រោម​ដី​ Yuen Long។ ក្រុម​បាតុករ​បាន​ចោទ​ប៉ូលិស​ថា​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​យឺត​យ៉ាវ និង​បាន​អនុញ្ញាត​ឲ្យ​ជន​ប្រដាប់​អាវុធ​មួយ​ចំនួន​ចាក​ចេញ​ពី​កន្លែង​កើត​ហេតុ។​ លោក Lam ក៏​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ជាមួយ​លោក Hui ថា​ជាប់​ពាក់​ព័ន្ធ​នឹង​បាតុកម្ម​ថ្ងៃ​ទី ៦​ខែកក្កដា នៅ​ក្នុងសង្កាត់ Tuen Mun ផង​ដែរ។

ដោយ​សារ​តែ​មានបាតុកម្មហិង្សា​ជា​ច្រើន​លើក​ច្រើន​សារ នៅ​ពេលថ្មី​ៗ​នេះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ដាក់ច្បាប់​សន្តិសុខ​ថ្មីមួយ​ទៅលើ​ទីក្រុង​ហុង ដែល​ច្បាប់​នេះអាច​ចាប់ជន​ណា​ម្នាក់ ដែល​គេ​ជឿ​ថា​បាន​ប្រព្រឹត្តិ​អំពើ​ភេរវកម្ម បំបែក​ខ្លួន ធ្វើ​វិទ្ធង្ស​នា និង​ឃុបឃិត​ជាមួយ​កង​កម្លាំង​បរទេស ​ដាក់​ពន្ធនាគារអស់​មួយ​ជីវិត​បើ​ត្រូវ​បាន​គេ​រក​ឃើញថា​ មាន​ទោស​៕