ខ្យល់ព្យុះត្រូពិក Harvey បានសម្លាប់មនុស្សទីពីរកាលពីថ្ងៃសៅរ៍ម្សិលមិញ នៅពេលដែលទឹកជំនន់ និងខ្យល់គួចនៅតែបន្តបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអាមេរិកាំងនៅក្នុងតំបន់ភាគអាគ្នេយ៍រដ្ឋ Texas សហរដ្ឋអាមេរិក។
អាជ្ញាធរបានបញ្ជាក់ថា មនុស្សទីពីរដែលបានស្លាប់នោះគឺជាស្ត្រី ដែលគាត់បានស្លាប់បន្ទាប់ពីបានចេញពីរថយន្តរបស់គាត់ដែលជាប់នៅតាមដងផ្លូវដែលពោរពេញដោយទឹកជំនន់នៅតំបន់ភាគខាងលិចនៃទីក្រុង Houston។
ចំណែកឯមនុស្សដំបូងដែលបានស្លាប់ដោយសារខ្យល់ព្យុះនេះ គឺជាជនរងគ្រោះដែលគេមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ ដែលជនរងគ្រោះនេះបានស្លាប់នៅក្នុងអគ្គីភ័យឆេះផ្ទះមួយខ្នងនៅក្នុងក្រុង Rockport ដែលមានចម្ងាយ ៤៨ គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងទីក្រុង Corpus Christi។
ទីភ្នាក់ងារជាតិអាកាសធាតុរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា យ៉ាងហោចណាស់មានខ្យល់គួចចំនួន ៧ លើក បានកើតឡើងនៅតំបន់ទីក្រុង Houston ចាប់តាំងពីល្ងាចថ្ងៃសុក្រមក។
ក្រៅពីធ្វើឲ្យមនុស្ស ២ នាក់ ស្លាប់បាត់បង់ជីវិត ខ្យល់ព្យុះ Harvey នេះក៏បានធ្វើឲ្យមនុស្សយ៉ាងតិច ១៤ នាក់ ផ្សេងទៀតរងរបួសផងដែរ។ នៅក្នុងតំបន់រវាងទីក្រុង Corpus Christi និងទីក្រុង Houston មនុស្សជាច្រើនខ្លាចថា តួលេខអ្នកស្លាប់ និងរបួសអាចមានការកើនឡើង។ អាជ្ញាធររដ្ឋ Texas បាននិយាយថា ពួកគេរំពឹងថានឹងអាចស្វែងរកជនរងគ្រោះបន្ថែមទៀត ស្របពេលដែលខ្យល់ព្យុះនេះធ្វើដំណើរផុតពីតំបន់រងគ្រោះទាំងនោះ៕