កាលពីថ្ងៃសៅរ៍ មានមនុស្សយ៉ាងតិចណាស់ពីរនាក់បានស្លាប់នៅក្នុងរដ្ឋធានី ម៉ូហ្គាឌីស្យូ (Mogadishu) នៃប្រទេសសូម៉ាលី ដែលនៅទីនោះអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះខ្លួនឯងនៅខាងក្នុងភោជនីយដ្ឋានមួយដែលក្រុមអ្នកកាសែត និងក្រុមមន្ត្រីរដ្ឋាភិបាលចូលចិត្តទៅបរិភាគអាហារ។
អ្នកយកពត៌មានម្នាក់ឱ្យ VOA បាននិយាយថាឧប្បត្តិហេតុនេះបានកើតមានឡើងនៅឯភោជនីយដ្ឋាន Village នៅជិតវិមានប្រធានាធិបតីក្នុងក្រុង ម៉ូហ្គាឌីស្យូ។
អ្នកបំផ្ទុះគ្រាប់បែកនេះបានសម្លាប់ខ្លួនឯង និងមនុស្សម្នាក់ទៀត និងបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់បួននាក់ត្រូវរបួស។
អ្នកកាសែតមួយចំនួនបានរត់ចេញពីកន្លែងកើតហេតុនៅមុនមានការផ្ទុះគ្រាប់បែកនេះ។ ពួកគេបាននិយាយប្រាប់ VOA ថាពួកគេបានឃើញអ្នកដាក់គ្រាប់បែកនេះព្យាយាមបំផ្ទុះគ្រឿងផ្ទុះរបស់គាត់។
ភោជនីយដ្ឋាន Village ជាកន្លែងនៃការវាយប្រហារពីរលើកកាលពីពេលមុនកាលពីបីឆ្នាំកន្លងទៅនេះ។ ការវាយប្រហារមួយបានកើតមានឡើងកាលពីខែកញ្ញាឆ្នាំ២០១២ដែលនៅពេលនោះមានមនុស្ស១៥នាក់បានត្រូវសម្លាប់ហើយការវាយប្រហារលើកទីពីរបានកើតមានឡើងកាលពីខែវិច្ឆិកានៃឆ្នាំដដែលដែលនៅក្នុងនោះមនុស្សបួននាក់បានស្លាប់នៅក្នុងការផ្ទុះពីរលើកនៅជិតភោជនីយដ្ឋាននេះ៕