បាតុកម្មអហិង្សានៅមុខរដ្ឋសភាជាតិកាលពីព្រឹកថ្ងៃច័ន្ទនេះបានប្រែក្លាយជា អំពើហិង្សា ដោយក្រុមបាតុករបើការវាយតប់លើតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ។ មិនទាន់មានក្រុមណាចេញមកអះអាងទាក់ទិននឹងការប្រព្រឹត្តអំពើហិង្សានេះនៅឡើយនោះទេ។
បាតុកម្មដែលទាមទារឲ្យដកតំណែងលោក កឹម សុខា អនុប្រធានគណបក្សជំទាស់ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភាបានផ្ទុះជាអំពើហិង្សា ក្រោយពេលដែលបាតុករមួយចំនួន បើកការវាយតប់លើតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សនេះ។ យ៉ាងហោចណាស់មានតំណាងរាស្ត្រគណបក្សសង្គ្រោះពីររូបបានរងរបួសនាថ្ងៃច័ន្ទនេះ។
កាលពីព្រឹកថ្ងៃច័ន្ទមានក្រុមអ្នកតវ៉ាប្រឆាំងលោក កឹម សុខា ជាង១.០០០នាក់ ដែលគេស្គាល់ថា ជាអ្នកគាំទ្រគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភា ធ្វើការស្រែកសុំឲ្យប្តូរលោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភា។ ក្រុមអ្នកតវ៉ាលើកហេតុផលថាលោក កឹម សុខា ប្រើនយោបាយបោកប្រាស់ និងលាបពណ៌។
វីដេអូនៃការវាយប្រហារ៖
ក្រុមអ្នកតវ៉ាភាគច្រើនបានរំសាយពីមុខរដ្ឋសភា ក្រោយពេលដែលតំណាងរដ្ឋសភាចេញមកទទួលញត្តិ។ ខណៈពេលដែលរថយន្តរបស់ក្រុមតំណាងចេញពីរដ្ឋសភា ក្រុមអ្នកតវ៉ា ដែលគេជឿថា នៅសេសសល់ បានរារាំង រថយន្តរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មុននឹងអូសពួកគាត់ចេញពីរថយន្ត ធ្វើការវាយតប់នោះ។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានប្រាប់ VOA ថា តំណាងរាស្ត្រពីររូបគឺលោក គង់ សភាតំណាងរាស្ត្រខេត្តស្វាយរៀង និង លោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាមត្រូវបានបាតុករវាយ ទាត់ធាក់ឲ្យរបួសក្បាល និងផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ។ លោក យឹម សុវណ្ណ និងគណបក្សសង្គ្រោះជាតិបានប្រកាសថ្កោលទោសការវាយប្រហារលើតំណាងរាស្រ្តនៅមុខស្ថាប័នរបស់ខ្លួនយ៉ាងសាហាវបែបនេះ។
«បាទ! របួសធ្ងន់ ពីព្រោះត្រូវក្បាល។ ពួកបាតុករទាំងនោះវាយ ទាត់គាត់ផង ធាក់គាត់ផង ហើយវាយក្បាល និងមុខគាត់ផង ហើយរបួសធ្ងន់ធ្ងរណាស់ កំពុងព្យាបាល។ បញ្ហាធ្ងន់ធ្ងរបែបនេះមិនគួរទុកឲ្យមានការប្រព្រឹត្តអំពើឃោរឃៅនៅក្នុងស្ថាប័នកំពូលបែបនេះទេ។ ខ្ញុំជឿថា នឹងមានវិធានការណាមួយ»។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា អ្នកដែលបើកការវាយប្រហារនៅពេលថ្ងៃត្រង់នេះគឺចេញពីក្រុមអ្នកតវ៉ា ដែលសុំឲ្យរដ្ឋសភាដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភាជាតិនោះ។ ក៏ប៉ុន្តែលោកមិនទាន់ហ៊ានសន្និដ្ឋានថា ក្រុមណាមួយនៅពីក្រោយខ្នងនៃការវាយប្រហារនោះនៅឡើយទេ ដោយទុកពេលឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតរកជនដៃដល់។
«ពីព្រឹកមិញមានបាតុករតវ៉ា ហើយថ្ងៃត្រង់ម៉ោង១២ និង៣០នាទីគឺចេញពីក្រុមបាតុករ មានមនុស្សមួយក្រុមតូច ដែលចេញពីក្រុមបាតុករហ្នឹង មកវាយប្រហារអ្នកតំណាងរាស្ត្រ។ យើងមិនទាន់បានទទួលព័ត៌មានពីក្រសួងមហាផ្ទៃថា តើការស៊ើបអង្កេតនេះយ៉ាងម៉េចនៅឡើយនោះទេ។ យើងចង់ទុកពេលវេលាឲ្យក្រសួងមហាផ្ទៃធ្វើការស៊ើបអង្កេតរកជនដៃដល់ ហើយនិងរកយុត្តិធម៌ដល់ជនរងគ្រោះ»។
ក្រុមអ្នកតវ៉ាភាគច្រើន ដែលបានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភាកាលពីព្រឹកថ្ងៃច័ន្ទ បានអះអាងថា ខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ហើយកើតទុក្ខមិនសុខចិត្តចំពោះលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះ ដែលធ្លាប់សន្យារឿងឲ្យថវិកាដល់ជនក្រីក្រ និងចាស់ជរា។ លើសពីនេះទៀត បាតុករមួយចំនួនបានប្រៀបធៀបលោកទៅនឹងពួកខ្មែរក្រហម ដែលបង្កភាពវឹកវរដល់ប្រទេសកម្ពុជានោះ។
ការលើកឡើងរបស់ក្រុមបាតុករគឺស្រដៀងទៅនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានថ្លែងកាលពីសប្ដាហ៍កន្លងទៅ។ ក្នុងនោះលោកបានលើកឡើងថា ប្រទេសកម្ពុជានឹងអាចមានសង្គ្រាម ប្រសិនបើគណបក្សជំទាស់ឡើងកាន់អំណាចនោះ។
លោក សុខ ឦសាន អ្នកតំណាងរាស្ត្រ និង ជាអ្នកនាំពាក្យរបស់គណបក្សកាន់អំណាច បានថ្លែងថ្កោលទោសចំពោះការប្រើអំពើហិង្សាកាលពីថ្ងៃច័ន្ទនេះ។ លោកបានអះអាងថា គណបក្សប្រជាជនកម្ពុជាមិនបានដឹងពីការបង្កអំពើហិង្សានេះទេ ព្រោះបាតុករកាលពីព្រឹកថ្ងៃច័ន្ទនោះគឺមានសមាសភាពមិនច្បាស់លាស់។
«ខ្ញុំមិនដឹងដែរបាទ! តែបើនរណាគេរកឃើញថា ជនណាជាអ្នកប្រព្រឹត្ត អាហ្នឹងអ្នកហ្នឹងជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ទៅ។ ព្រឹកមិញ ខ្ញុំចេញមកជួបបងប្អូន និងទទួលញ្ញតិបងប្អូនគឺសួរទៅថា សមាសភាពចម្រុះទេ មិនមាននរណានៅក្រោយខ្នងនោះទេ។ ហើយដល់ពេលថ្ងៃត្រង់ម៉ោង១២កន្លះ ហើយខ្ញុំចេញមកស្រូតមកផ្ទះ ព្រោះឃ្លានបាយផង។ ដល់មកដល់ផ្ទះ ទើបអ្នកសារព័ត៌មានទូរស័ព្ទមកសួរហ្នឹង ទើបខ្ញុំមានការភ្ញាក់»។
លោក ហ៊ុន មានី តំណាងរាស្ត្ររបស់គណបក្សកាន់អំណាច និងជាកូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននារសៀលថ្ងៃច័ន្ទនេះថា៖
«ខ្ញុំមិនគាំទ្រ និងខ្ញុំថ្កោលទោសលើអំពើហិង្សា ដែលប្រព្រឹត្តលើប្រជាពលរដ្ឋ និងជាពិសេសលើតំណាងរាស្ត្រ ហើយសូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ ដើម្បីវែកមុខ និងដាក់ទោសដល់ជនដៃដល់ដែលបានប្រព្រឹត្តអំពើហិង្សាទាំងនេះ ស្របតាមគោលការណ៍នីតិរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា»។
VOA មិនអាចទំនាក់ទំនងសុំការអធិប្បាយពីមន្ត្រីក្រសួងមហាផ្ទៃ និងប៉ូលិសជាតិបានទេ។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូបានបញ្ជាក់ពីការព្រួយបារម្ភ ចំពោះការប្រើអំពើហិង្សាទៅលើតំណាងរាស្ត្រដែលជា «ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា»។ លោកបានអំពាវនាវឲ្យរដ្ឋាភិបាល និងអាជ្ញាធរស្វែងរកចាប់ខ្លួនអ្នកដែលបើកការវាយដំលើតំណាងរាស្ត្របែបនេះ។
«ហើយបើមិនអញ្ចឹងទេ គឺយើងឃើញហើយឋានៈដល់ទៅតំណាងរាស្ត្រ ដែលជាអ្នកបង្កើត និងអនុម័ត្រច្បាប់ ត្រូវគេធ្វើការវាយដំនិងប្រើប្រាស់អំពើហិង្សាក្នុងពេលបំពេញកិច្ចការងារ ដូច្នេះបើគ្មានការចាត់វិធានការណាមួយនោះទេ អាហ្នឹងហើយវាគឺជាការរើសអើង និន្នាការនយោបាយបាទ!»។
ប្រតិកម្មពីលោក សម រង្ស៊ី នៅរាត្រីថ្ងៃច័ន្ទ៖
លោកអំ សំអាត ដែលឃ្លាំមើលការធ្វើបាតុកម្មកាលពីព្រឹកថ្ងៃច័ន្ទ បានបញ្ជាក់ប្រាប់ VOA ពីភាពខុសប្លែកនៃការធ្វើបាតុកម្មនាមុខរដ្ឋសភា ដោយមិនមានវត្តមាននៃក្រុមប៉ូលិសប្រឆាំងកុប្បកម្ម ឬមិនមានការរារាំងពីសមត្ថកិច្ចអ្វីនោះឡើយ។ ក្រុមបាតុករទាំងនោះ ដែលអះអាងថា ខ្លួនជាតំណាងប្រជាពលរដ្ឋ អាចធ្វើការដើរក្បួន និងស្រែកហោរ នាមុខបរិវេណរដ្ឋសភាជាតិដោយសេរី។
ការវាយប្រហារលើក្រុមអ្នកតំណាងរាស្ត្រនេះបានកើតមានឡើងមួយម៉ោងក្រោយពេលដែលបាតុករភាគច្រើនធ្វើការរំសាយ និងវិលត្រឡប់ទៅទីលំនៅរៀងៗខ្លួនវិញ៕