តុលាការខេត្តរតនគិរីកំពុងពិនិត្យនិងចាត់វិធានការផ្លូវច្បាប់ចំពោះបណ្តឹងលើអ្នកយកព័ត៌មានពីររូបរបស់កាសែត The Cambodia Daily អំពីការ«ញុះញង់ និងគំរាមកំហែង» អ្នកបោះឆ្នោត បន្ទាប់ពីពួកគេបានចុះទៅធ្វើសេចក្តីរាយការណ៍នៅខេត្តនេះទាក់ទិនការបោះឆ្នោតឃុំ-សង្កាត់។ នេះបើតាមការបញ្ជាក់ពីមន្ត្រីតុលាការខេត្តនិងការចុះផ្សាយរបស់កាសែត The Cambodia Daily កាលពីថ្ងៃច័ន្ទ។
លោក ប្រាក់ សឿន អគ្គលេខាធិការរងនៃលេខាធិការដ្ឋានតុលាការខេត្ត រតនគិរី បញ្ជាក់ប្រាប់ VOA នៅថ្ងៃ ច័ន្ទនេះថាពាក្យបណ្តឹងប្រឆាំងនឹងសកម្មភាពរបស់អ្នកយកព័ត៌មានរបស់កាសែត The Cambodia Daily បានទៅដល់តុលាការខេត្តហើយ ហើយព្រះរាជអាជ្ញាកំពុងពិនិត្យលើបណ្តឹងនោះ។ លោកមិនទាន់អាចបញ្ជាក់បាន ថាអ្នកយកព័ត៌មានទាំងពីរ នឹងរងការចោទប្រកាន់ពីតុលាការតាមមាត្រាណាមួយនៃក្រមព្រហ្មទណ្ឌប្រទេសកម្ពុជា ឬច្បាប់ដែលពាក់ព័ន្ធផ្សេងទៀតនៅឡើយទេ។
លោក ប្រាក់ សឿនបានបន្ថែមថា៖
«ចាំមើលគាត់សម្រេចថាម៉េចៗ ចាំមើលម៉េចៗ ចាំបងតេមកខ្ញុំ»។
កាលពីសប្តាហ៍មុន អ្នកកាសែតThe Cambodia Daily ២រូបគឺលោក Zsombor Peter និងលោក អូន ភាព បានដើរសួរប្រជាពលរដ្ឋនៅស្រុកអូយ៉ាដាវ ខេត្ត រតនគិរី អំពីការបោះឆ្នោតឃុំ-សង្កាត់ថា តើប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ បានបោះឆ្នោតឲ្យគណបក្សមួយណាកាលពីឆ្នាំ២០១២?
បន្ទាប់ពីការសួរនាំនោះ បណ្តឹងមួយត្រូវបានដាក់ទៅកាន់អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវកាលពីថ្ងៃទី២២ ខែឧសភា។ ពាក្យបណ្តឹងបានចោទថា សកម្មភាពរបស់អ្នកសារព័ត៌មានទាំង២រូប គឺផ្ទុយពីច្បាប់បោះឆ្នោត ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
លោក ម៉ា វិចិត្រ អភិបាលស្រុកអូយ៉ាដាវ ថ្លែងប្រាប់ VOA ថា អាជ្ញាធរបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ហើយបានណែនាំ ឲ្យពួកគេបញ្ជូនពាក្យបណ្តឹងនោះ ទៅកាន់មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ លោកថា ទាក់ទិននឹងបណ្តឹងទៅកាន់តុលាការ មានតែមន្ត្រីតុលាការប៉ុណ្ណោះដែលអាចដឹងដំណើរនៃការប្តឹងផ្តល់នោះ។
លោក ម៉ា វិចិត្រថ្លែង ថា៖
«ពាក្យបណ្តឹងដែលគាត់សួរនាំមក ប្តឹងមកហ្នឹងគឺ យើងពន្យល់គាត់ដាក់ទៅខាងគណៈកម្មការរៀបចំការបោះឆ្នោតនៅថ្នាក់ឃុំ។ អីចឹង គាត់ដាក់មកឃុំ ហើយគណៈកម្មការបានសម្របសម្រួល រួចមួយសារហើយ រឿងហ្នឹង។ រឿងទៅតុលាការទាល់បងសួរទៅតុលាការបានដឹង»។
VOA មិនទាន់អាចទាក់ទង លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តរតនៈគិរី ដើម្បីសុំសេចក្តីអធិប្បាយ បានទេ កាលពីថ្ងៃច័ន្ទ។
លោកDouglas Steele អ្នកគ្រប់គ្រងទូទៅរបស់កាសែត The Cambodia Daily មិនឆ្លើយតបទៅនឹងការសុំសេចក្តីអធិប្បាយរបស់ VOA ពាក់ព័ន្ធនឹងបណ្តឹងប្រឆាំងអ្នកយកព័ត៌មានរបស់ស្ថាប័នកាសែតមួយនេះទេ។
ក៏ប៉ុន្តែ ក្នុងអត្ថបទជាភាសាអង់គ្លេសមួយរបស់កាសែត The Cambodia Daily ដែលចុះផ្សាយនាព្រឹកថ្ងៃច័ន្ទនេះបានដកស្រង់សម្តីលោក Douglas Steele ក្នុងន័យដើមថា អ្នកយកព័ត៌មានទាំងពីរនាក់នោះ បានបំពេញការងាររបស់ពួកគេតែប៉ុណ្ណោះ។ លោក Douglas Steele បានលើកឡើងថា បញ្ហាដែលបានកើតឡើង នឹងរសាត់បាត់ទៅ។ លោកថា ប្រព័ន្ធផ្សព្វផ្សាយជាភាសាអង់គ្លេស មានភាពសេរីជាងទីកន្លែងផ្សេងទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយថា ការណ៍នេះនឹងមិនមានការប្រែប្រួលឡើយ។
កាលពីថ្ងៃពុធ សប្តាហ៍កន្លងទៅក្លឹបអ្នកកាសែតបរទេសនៅកម្ពុជា (Overseas Press Club of Cambodia) បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានថ្កោលទោសការបង្ហោះអត្តសញ្ញាណរបស់អ្នកកាសែតបរទេសមួយរូបរបស់កាសែត The Cambodia Daily លើបណ្ដាញសង្គមហ្វេសប៊ុក។
ការថ្កោលទោសនោះ ធ្វើឡើងបន្ទាប់ពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន បានបង្ហោះលើទំព័រ Facebook របស់លោកនូវរូបថតនិងព័ត៌មានផ្ទាល់ខ្លួនក្នុងលិខិតឆ្លងដែនរបស់អ្នកកាសែត The Cambodia Daily ម្នាក់គឺលោក Zsombor Peter។ ក្លឹបអ្នកកាសែតបរទេសនៅកម្ពុជា បានទទូចឲ្យមានការលុបចោលនូវព័ត៌មានទាំងនោះពីប្រព័ន្ធអ៊ីនធឺណិត ដោយលើកឡើងថា ការបង្ហោះរបស់លោក ខៀវ កាញារីទ្ធនេះ អាចបង្កគ្រោះថ្នាក់ និងធ្វើឲ្យខូចឈ្មោះដល់អ្នកកាសែតបាន។ លោក ខៀវ កាញារីទ្ធក្រោយមកបានលុបចោលការបង្ហោះនោះ។
កាសែត The Cambodia Dailyគឺជាស្ថាប័នព័ត៌មានបោះពុម្ពផ្សាយជាភាសាខ្មែរ និងអង់គ្លេសជាង២៤ឆ្នាំមកហើយ។ ជារឿយៗកាសែតនេះបានរិះគន់ធ្ងន់ៗទៅលើភាពអវិជ្ជមានរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចអស់រយៈពេលជាង៣០ឆ្នាំ។ នេះមិនមែនជាលើកទី១នោះទេ ដែលអ្នកសារព័ត៌មានរបស់កាសែត The Cambodia Daily រងការចោទប្រកាន់ពីតុលាការដែលគេដឹងថាមានភាពជិតដិតជាមួយគណបក្សកាន់អំណាចនោះ៕