សមត្ថកិច្ច​ដោះ​លែង​មនុស្ស​២១​នាក់​និង​បន្ត​ឃុំ​ខ្លួន​៩​នាក់​ក្នុង​ជម្លោះ​ដី​ធ្លី​​គម្រោង​ព្រលាន​យន្ត​ហោះ​ខេត្ត​កណ្តាល

ប៉ូលិស​ដាក់​របាំងការពារ និង​បាញ់​ទឹក​ដាក់​ពលរដ្ឋ ដែល​មាន​ជម្លោះ​ដីធ្លី​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។ (រូបភាព​ថត​ពី​វីដេអូ​ Facebook/ព័ត៌មាន​ពលរដ្ឋ- CJ News)

សមត្ថកិច្ច​ខេត្ត​កណ្តាល​បាន​សម្រេច​ដោះ​លែង​ប្រជា​ពលរដ្ឋ​២១​នាក់ ​និង​បន្ត​ឃុំ​ខ្លួន​៩​នាក់ ដែល​ពួកគេ​ទាំង​អស់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ ក្នុង​ជម្លោះ​ដី​ធ្លី​នៃ​គម្រោង​ព្រលាន​យន្ត​ហោះ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង។

លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាលប្រាប់​វីអូអេ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ថា ​ប្រជាពលរដ្ឋ​ចំនួន​៩​នាក់ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បង្ក​របួស​ស្នាម​ធ្ងន់​ធ្ងរ​ដល់​កម្លាំង​សមត្ថកិច្ច មិន​ត្រូវ​បាន​ដោះ​លែង​នោះ​ទេ ហើយ​កំពុង​បន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់។ លោក​បន្ត​ថា ​សមត្ថ​កិច្ច​មាន​ភ័ស្តុតាងតាម​រយៈ​ការ​ថតរូបភាព​ដែល​ថតបាន​ពី​កន្លែង​ផ្ទុះ​ហិង្សា​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១។

លោក​ថ្លែង​ថា៖«អ្នក​ដែល​ប្រជាជន​ត្រឹម​ត្រូវ ដែល​គ្រាន់​តែ​កាន់​ដុំ​ថ្ម គាត់​(ប្រជាពលរដ្ឋ)គ្រាន់​តែ​ជេរ គាត់​(ប្រជា​ពលរដ្ឋ)​ដេញ​យោកយ៉ាក​តិច​តួច ហ្នឹង​យើង​បាន​ឲ្យ​គាត់​មក​ផ្ទះ​ក្នុង​២១​នាក់។ ឲ្យ​គាត់​មក​ផ្ទះ​វិញ​ហើយ។ ឯ​អ្នក​(ពលរដ្ឋ​៩​រូប) ដែល​ជើង​ដៃ​ដល់​ខ្លាំង​ត្រូវ​ប៉ូលិស ត្រូវ​អី​ខ្លាំង​មែន​ទែន​នឹង​ដែល​ជា​បទ​ល្មើស​ជាក់​ស្តែង ដែល​យើង​ថត​រូប​បាន​ ដែល​គាត់​ចេញ​មុខ​ខ្លាំង​ហ្នឹង គឺ​យើង​ឲ្យ​តាម​នីតិ​វិធី​ច្បាប់​សិន»។

នៅ​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​ដែល​តាន​តឹង​នេះ រដ្ឋបាល​ខេត្ត​កណ្តាល​បាន​ចោទ​ប្រកាន់​ប្រជា​ពលរដ្ឋ​ថា​ប្រើ​អំពើ​ហិង្សា និង​ជេរ​ប្រមាថ​កម្លាំង​សមត្ថកិច្ច ហើយ​បាន​ដុត​កៅ​ស៊ូ​កង់ និង​ប្រើ​ដំបង គប់​ដុំថ្ម បាញ់​ជំពាម​កៅស៊ូ គប់​ដប​សាំង​ ទៅ​លើ​សមត្ថកិច្ច។ រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា ​សកម្ម​ភាព​ទាំង​នេះ​បណ្តាល​ឲ្យ​កង​កម្លាំង​សមត្ថ​កិច្ច​ចំនួន​១៣​នាក់​រង​របួស។

អ្នក​ភូមិ​ដែល​តវ៉ា​បាន​ឲ្យ​ដឹង​ថា ​អ្នក​ភូមិ​ប្រមាណ​៣០០​គ្រួសារ មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុម​ហ៊ុន​OCIC​របស់​លោក​ឧកញ៉ា ពុង ឃាវសែ ក្នុង​គម្រោង​សាង​សង់​ព្រលាន​យន្ត​ហោះ​ថ្មី ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល​។ ពលរដ្ឋ​បញ្ជាក់​ថា​ សំណង​សម​រម្យ​លើ​ដី​ធ្លី ទៅ​តាម​តម្លៃ​ទី​ផ្សារ មិន​ត្រូវ​បាន​ផ្តល់​ឲ្យប្រជាពលរដ្ឋ​នោះ​ទេ ទើប​ពួកគេ​ចេញ​មុខ​តវ៉ា៕