មនុស្ស​១២​នាក់​បាន​ស្លាប់​នៅ​ក្នុង​បាតុកម្ម​ក្នុង​ប្រទេស​អ៊ីរ៉ាក់

កងកម្លាំង​សន្តិសុខ​យាមល្បាត​នៅ​ក្រុង​ Basra ប្រទេស​អ៊ីរ៉ាក់ កាល​ពី​ថ្ងៃ​ទី០៨ ខែ​កញ្ញា ឆ្នាំ​២០១៨។

ក្រសួង​មហាផ្ទៃ​អ៊ីរ៉ាក់​បាន​ដាក់​កំហិត​បម្រាម​គោចរ​នៅក្នុង​ក្រុង Basra។

សភា​នៃ​ប្រទេស​អ៊ីរ៉ាក់​បានធ្វើការ​ប្រជុំ​គ្រាមាន​អាសន្ន​មួយ​នៅ​ថ្ងៃ​សៅរ៍នេះ ​ដើម្បី​ពិភាក្សា​គ្នា​អំពី​ចលាចល​ក្នុង​ក្រុង Basra ដែល​បានបណ្តាល​ឱ្យ​មនុស្សយ៉ាង​តិច​ណាស់​១២នាក់​បាត់បង់ជីវិត​នៅ​ក្នុង​ការ​ធ្វើបាតុកម្ម​បី​បួនថ្ងៃ​តវ៉ា​អំពី​សេវាសាធារណៈមិន​ល្អ បញ្ហា​មនុស្សគ្មាន​ការងារ​ធ្វើ និង​អំពើ​ពុក​រលួយ។​

ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​រាយការណ៍​ថា បាតុកម្មក្នុង​សប្តាហ៍​នេះ​បានបណ្តាល​មក​ពីមនុស្សប្រមាណ៣ម៉ឺន​នាក់​បាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ ​ដោយសារ​បានផឹក​ទឹក​មិនស្អាត​ក្នុង​ក្រុង​ Basra។

ក្រសួង​មហាផ្ទៃ​អ៊ីរ៉ាក់​បាន​ដាក់​កំហិត​បម្រាម​គោចរ​នៅក្នុង​ក្រុង Basra។

មន្ត្រី​ម្នាក់​នៅ​ឯចំណត​យន្តហោះ​ក្រុង​ Basra បាននិយាយ​ថា ​រ៉ូែកត Katyusha បី​គ្រាប់​បាន​ធ្លាក់​ក្នុង​បរិវេណអាកាសយានដ្ឋាន​នេះ​កាល​ពី​ព្រឹក​ថ្ងៃសៅរ៍នេះ ក៏​ប៉ុន្តែ​គេរាយការណ៍​ថា ​គ្មានមនុស្សត្រូវ​របួសទេ។ គ្មាន​ការអះអាង​ទាមទារ​ការ​ទទួលខុសត្រូវជា​បន្ទាន់​អំពី​ការវាយប្រហារនេះទេ។​ ការ​វាយ​ប្រហារ​ដោយ​រ៉ូកែត​នេះមិន​បាន​រារាំង​យន្តហោះមិន​ឲ្យ​ឡើង​ និង​ចុះ​ទេ។

កាល​ពី​ថ្ងៃសុក្រ​ម្សិលមិញ ពួក​បាតុការ​រាប់រយ​នាក់​នៅ​ក្នុង​ក្រុង Basra បានចូល​លុក​និង​ដុត​ស្ថានកុងស៊ុលអ៊ីរ៉ង់​នៅ​ក្នុង​ក្រុង​នេះ ដោយ​ស្រែក​បន្ទរថា «អ៊ីរ៉ង់​ចេញ​ទៅ អ៊ីរ៉ង់​ចេញ​ទៅ​ រំដោះ​អ៊ីរ៉ាក់ រំដោះអ៊ីរ៉ាក់»។

លោក Ahmed Mahjoub អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការបរទេសអ៊ីរ៉ាក់​បាននិយាយ​ថា​ «ការ​យក​ស្ថានបេសកកម្ម​ការទូត​ជា​ទីដៅ​នៃ​ការ​វាយប្រហារជា​ការមិន​អាច​ទទួល​យក​បានទេ​ហើយ​នាំ​ឱ្យមានផល​មិនល្អដល់អត្ថប្រយោជន៍នៃ​ប្រទេសអ៊ីរ៉ាក់ផងដែរ»។

លោកស្រី​ Heather Nauert អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ស.រ.អា​បាន

និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ «តាមរយៈរដ្ឋធម្មនុញ្ញនៃប្រទេស​អ៊ីរ៉ាក់​ សិទ្ធិ​នៃ​ការ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​និង​កាតព្វកិច្ច​ក្នុងការការពារ​ទ្រព្យសម្បត្តិ​សាធារណៈនិង​ឯកជនត្រូវ​មានធ្វើជា​មួយ​គ្នា...យើងអំពាវ​នាវ​ដល់​ភាគីទាំង​អស់ដោយ​មានរួម​បញ្ចូល​កងកម្លាំង​សន្តិសុខ​ និងពួក​បាតុករ​ឲ្យគោរព​សិទ្ធិ​នៃការធ្វើការ​តវ៉ា​ដោយ​សន្តិវិធី និង​ក្នុងការការពារ​ពួកអ្នកការទូត​និងកន្លែង​របស់​ពួក​គេ»។

ប្រភព​នានា​បាននិយាយថា​ អ្នកស្រុក​ច្រើន​នាក់នៅ​ក្នុង​ក្រុង​ Basra ដែលភាគ​ច្រើន​ជា​អ្នកកាន់សាសនា​ឥស្លាម និកាយ Shia បាន​ចោទប្រកាន់គណបក្ស​នយោបាយគាំទ្រ​ដោយ​អ៊ីរ៉ង់​ថា​ បាន​ជ្រៀតជ្រែក​ក្នុងវិស័យ​នយោបាយអ៊ីរ៉ាក់៕