មនុស្ស​១២នាក់​ស្លាប់​នៅក្នុង​ការ​វាយប្រហារ​ទៅ​លើ​ទស្សនាវដ្តី​បែប​ត្លុកកំប្លែង​ប្រចាំ​សប្តាហ៍​របស់​បារាំង

លោក Charb នាយក​ទស្សនាវដ្តី​បែប​ត្លុក​កំប្លែង​ប្រចាំ​សប្តាហ៍​ Charlie Hebdo បង្ហាញ​ទំព័រ​មុខ​នៃ​កាសែត​របស់​លោក​នៅ​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២។

មនុស្ស​១២នាក់​បាន​ស្លាប់​បន្ទាប់​ពី​ជន​ប្រដាប់​អាវុធ​បាន​បើកការ​បាញ់​ប្រហារ​នៅ​ខាង​ក្នុង​ការិយាល័យ​កាសែត​មួយ​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​តាម​ប្រមាញ់អ្នក​វាយប្រហារ​ដ៏​ធំ​មួយ​ហើយ​បាន​ទាក់​ទាញមនុស្ស​រាប់ម៉ឺននាក់​ចេញ​មក​តាម​ផ្លូវ​នានា​នៅ​ទូទាំង​ប្រទេស​បារាំង​ដើម្បី​គាំទ្រ​ជន​រងគ្រោះ។

​បុរស​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​យ៉ាង​ហោច​ណាស់​ក៏​២​នាក់​ដែរបាន​ចូល​ក្នុង​ការិយាល័យ​របស់​ទស្សនាវដ្តី​ត្លុក​កំប្លែង​ប្រចាំ​សប្តាហ៍ Charlie Hebdo ​ក្នុង​អំឡុងពេល​នៃ​ការ​ប្រជុំរបស់​បណ្ណាធិការ​ដោយ​បាន​សម្លាប់​អ្នកកាសែត​ជា​ច្រើន​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដែល​មាន​ទិសដៅ​នោះ។

​ក្រុម​មន្រ្តី​បារាំង​បាន​និយាយ​ថា ​បុរស​៣នាក់​បាន​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។ ​ពួកគេ​នៅ​មិន​ទាន់​ចាប់​ខ្លួននៅ​ឡើយទេ។

​អ្នក​ឃើញ​ហេតុការ​ផ្ទាល់​ភ្នែក​បាន​រាយការណ៍ថា ពួកគេ​បាន​ឮ​បុរស​ពាក់​របាំង​មុខបាន​ស្រែក​ថាព្រះ​ជាម្ចាស់​អស្ចារ្ស​ណាស់​ជា​ភាសា​អារ៉ាប់​នៅពេល​ដែល​ពួកគេ​បាន​ចូល​ក្នុង​ការិយាល័យ​កាសែត​ ក៏ប៉ុន្តែ​គេ​ក៏​បាន​សង្កេត​ឃើញ​ថា ​អ្នក​វាយប្រហារ​ទាំង​នោះ​និយាយ​ភាសាបារាំង​យ៉ាង​រអិល​ដែរ។

គ្មាន​ក្រុម​ណាមួយ​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការបាញ់​ប្រហារ​នេះ​ទេ។

​បារាំង​បាន​បង្កើន​ការ​ប្រុងប្រយ័ត្ន​ផ្នែក​ភេរវកម្ម​ដល់​កម្រិត​ខ្ពស់​បំផុត​បន្ទាប់​ពី​ការ​វាយ​ប្រហារ​នេះ។​ ទង់​ជាតិ​បាន​ត្រូវ​ទម្លាក់​ត្រឹម​ពាក់​កណ្តាល​ដង​នៅ​ជុំ​វិញ​រដ្ឋ​ធានី​ហើយ​លោក​ប្រធានា​ធិបតី​បារាំង Francois Hollande បាន​អំពាវ​នាវឲ្យ​កាន់​ទុក​ជាតិ​រយៈ​ពេល​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ ​មាន​លោក Stephane Charbonnier ​នាយក​របស់​កាសែត​នោះ​ហើយ​និង​អ្នក​គូរ​គំនូរ​ត្លុកកំប្លែង​ដ៏​ល្បី​ល្បាញ​៣​នាក់​ទៀត។​មន្រ្តី​ប៉ូលីស២​នាក់​ក៏​ត្រូវ​បាន​សម្លាប់​ដែរ។

​ដោយ​ភាព​ល្បីល្បាញ​ចំពោះ​ភាសា​ដែល​មិន​ចេះ​ខ្លាច​រអា ​ទស្សនាវដ្តី​ឆ្វេង​និយម​នេះ​ជា​រឿយៗ​បាន​ធ្វើ​អត្ថាធិប្បាយ​ពី​សាសនា​និង​វប្បធម៌​ហើយ​បាន​បោះពុម្ភ​ផ្សាយ​រូប​គំនូរបង្កហេតុដែល​ជា​រឿយ​ៗ​សំដៅ​ដល់​លទ្ធិ​ជ្រុល​និយម​នៃ​សាសនា​អ៊ី​ស្លាម។

​លោក​ប្រធានាធិបតី​បារាំង Francois Hollande ​បាន​ប្រកាស​ប្រឆាំង​ការ​បាញ់​ប្រហារ​នេះ​ថា​ ជា​ការ​វាយប្រហារ​ភេរវកម្ម​ហើយ​បាន​និយាយ​ថា ផែនការ​វាយ​ប្រហារ​ភេរវកម្ម​ជា​ច្រើន​បាន​ត្រូវ​បង្អាក់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ។

លោកប្រធា​នា​ធិបតី​បាន​មាន​ប្រសាសន៍​ថា «​យើងបាន​ទទួល​រងការ​គំរាម​កំហែង​ពីព្រោះ​តែ​យើង​ជា​ប្រទេស​មាន​សេរីភាព។ ​ហើយ​ពី​ព្រោះ​តែ​យើង​ជា​ប្រទេស​មាន​សេរីភាព​នេះ​ហើយ ​យើង​នឹង​ប្រយុទ្ធ​ប្រឆាំង​ការ​គំរាម​កំហែង​ទាំង​នេះហើយ ​យើងនឹង​ដាក់​ទណ្ឌកម្ម​ជន​គគ្លើន​ទាំង​នេះ»៕