ប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានចាប់ដៃគ្នា និងនិយាយលេងសើចតិចតួច នៅមុនពេលលោកទាំងពីរចាប់ផ្ដើមកិច្ចប្រជុំលើកទី ២ របស់ពួកគេ ដែលផ្ដោតលើការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
នៅល្ងាចថ្ងៃពុធនេះ មេដឹកនាំទាំងពីរបានស្វាគមន៍គ្នាទៅវិញទៅមក នៅពីមុខទង់ជាតិសហរដ្ឋអាមេរិក និងទង់ជាតិកូរ៉េខាងជើង ដែលដោតជាជួរ នៅឯសណ្ឋាគារ Sofitel Legend Metropole ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
លោក Trump បានប្រាប់អ្នកកាសែតនានានៅពេលលោកធ្វើសន្និសីទកាសែតខ្លីជាមួយនឹងលោក Kim Jong Un យ៉ាងដូច្នេះថា៖ «វាជាកិត្តិយសសម្រាប់ខ្ញុំក្នុងការជួបជាមួយនឹងលោកប្រធាន Kim។ ខ្ញុំគិតថា ជំនួបលើកទីមួយគឺជាជោគជ័យដ៏អស្ចារ្យមួយ ហើយសង្ឃឹមថា ជំនួបលើកនេះក៏ដូចជាជំនួបលើកមុនដែរ ឬក៏អស្ចារ្យជាងនេះទៅទៀត»។
លោក Kim Jong Un បានបង្ហាញភាពជឿជាក់ថា ជំនួបលើកទី ២ របស់លោកជាមួយនឹងលោក Trump នឹងទទួលបានជោគជ័យ។
លោក Kim Jong Un និយាយដូច្នេះថា៖ «ខ្ញុំច្បាស់ថា លទ្ធផលនឹងទទួលបាននៅពេលនេះ ដែលមនុស្សទាំងអស់គ្នានឹងស្វាគមន៍»។
បន្ទាប់ពីមានជួបនិយាយគ្នាបន្តិចបន្តួចដូចនេះមក លោក Trump និងលោក Kim Jong Un បានពិសាអាហារពេលល្ងាចរួមគ្នា ដោយមានទីប្រឹក្សាកំពូលៗរបស់លោកទាំងពីរចូលរួមជាមួយផងដែរ៕