ការ​បោះ​ឆ្នោត​ប្ដូរ​ទៅ​ជា​ប្រព័ន្ធ​គ្រប់គ្រង​បែប​ប្រធានាធិបតី​របស់​ប្រទេស​តួកគី​ប្រឈម​នឹង​ការ​តវ៉ា

ស្រ្តី​ម្នាក់​កំពុង​បោះ​ឆ្នោត​នៅ​ក្នុង​ស្ថានីយ​បោះឆ្នោត​ទីក្រុង Diyarbakir ភាគអាគ្នេយ៍​ប្រទេស​តួកគី​កាល​ពី​ថ្ងៃទី​១៦ មេសា ២០១៧។

អ្នក​សង្កេតការណ៍​អន្តរជាតិ​បាន​ចោទ​ជា​សំណួរ​អំពី​ភាព​ត្រឹមត្រូវ​នៃ​ការ​ធ្វើ​ប្រជាមតិ​នៅ​ក្នុង​ប្រទេស​តួកគី កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​ម្ង៉ៃ ដោយ​បាន​និយាយ​ថា ការ​ធ្វើ​ប្រជាមតិ​នេះ​បាន​ធ្វើ​ឡើង​ដោយ​មិន​ស្មើ​ភាព។

ការ​ធ្វើ​ប្រជាមតិ​ឲ្យ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​គ្រប់គ្រង​អាស្រ័យ​សភា ទៅ​ជា​ប្រព័ន្ធ​គ្រប់គ្រង​អាស្រ័យ​ប្រធានាធិបតី​នេះ បាន​ទទួល​ជោគជ័យ​ក្នុង​សំឡេង​តិច​តួច​ប៉ុណ្ណោះ។ ចំណែក​ឯ​គណបក្ស​ប្រឆាំង​វិញ កំពុង​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​ឡើង​វិញ។

នៅ​ឯ​សន្និសីទ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​អង់ការ៉ា អ្នក​សង្កេតការណ៍​មកពី​អង្គការ​ដើម្បី​សន្តិសុខ និង​កិច្ច​សហ​ប្រតិបត្តិការ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ដែល​ហៅ​កាត់​ថា OSCE បាន​បញ្ជាក់​ថា យុទ្ធនាការ​មិន​គាំទ្រ​ចំពោះ​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​នេះ បាន​ជួប​ប្រទះ​ឧបសគ្គ​ជា​ច្រើន ដូចជា កង្វះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ការ​គំរាមកំហែង និង​កង្វះ​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដើម។ អង្គការ OSCE ក៏​បាន​ចោទ​ប្រកាន់​លើ​លោក​ប្រធានាធិបតី Recep Tayyip Erdogan ថា​បាន​ប្រើប្រាស់​ធនធាន​រដ្ឋបាល​មិន​ត្រឹមត្រូវ​ផង​ដែរ។

គេ​ក៏​ឃើញ​មាន​ការ​រិះគន់​ចំពោះ​ការ​សម្រេចចិត្ត​ដោយ​ប្រទាំង​ប្រទើស​នៅ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​សន្លឹក​ឆ្នោត ដែល​មិន​មាន​ត្រា​ផ្លូវការ​ផង​ដែរ។ នៅ​ក្រោម​ច្បាប់​បោះ​ឆ្នោត​ឆ្នាំ ២០១០ របស់​ប្រទេស​តួកគី សន្លឹក​ឆ្នោត​ទាំង​អស់​តម្រូវ​ឲ្យ​មាន​ត្រា​ផ្លូវការ ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។

ក្រសួង​ការបរទេស​តួកគី បាន​ចេញ​នូវ​សេចក្ដី​ប្រកាស​មួយ ដែល​បាន​បញ្ជាក់​ថា ខ្លួន​មាន​ក្ដី​បារម្ភ​អំពី​ការ​រក​ឃើញ​របស់​អង្គការ OSCE ដែល​ថា ការ​ធ្វើ​ប្រជាមតិ​នេះ​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​អន្តរជាតិ​នោះ។ ក្រសួង​ការបរទេស​តួកគី​បាន​ហៅ​ការ​រក​ឃើញ​នេះ​ថា «ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន‍» និង​បាន​ចោទ​ប្រកាន់​អង្គការ OSCE ថា​មាន​ភាព​លំអៀង​ផ្នែក​នយោបាយ៕