លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានសម្តែងការសោកស្តាយអំពីការបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿងដែលបាញ់ដោយប្រទេសតួកគី ដោយលោកបានមានប្រសាសន៍ថាប្រទេសលោក «មានទុក្ខព្រួយពិតប្រាកដ» ដោយសារឧប្បត្តិហេតុនេះ ហើយមិនចង់ឱ្យរឿងនេះកើតមានទៀតទេ។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រលោកកាលពីថ្ងៃសោរ៍នៅក្នុងខេត្ត Balikesir លោក Erdogan បានមានប្រសាសន៍ថា លោកសង្ឃឹមថា ភាពតានតឹងរវាងប្រទេសតួកគី និងប្រទេសរុស្ស៊ីអំពីឧប្បត្តិហេតុនេះមិនកើនឡើងខ្លាំងថែមទៀត ហើយនឹងមិននាំទៅកាន់ផលវិបាកធ្ងន់ធ្ងរទេ។ លោកក៏បាននិយាយដែរថាលោកសង្ឃឹមថាអ្វីដែលដូចឧប្បត្តិហេតុនេះមិនកើតមានទៀតទេ។
លោក Erdogan ក៏បានអំពាវនាវជាថ្មីដល់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ឱ្យមានជំនួបទល់មុខគ្នាមួយនៅក្នុងក្រុងប៉ារីសនៅខាងក្រៅសន្និសីទកំពូលធាតុអាកាសសាកលនៅថ្ងៃច័ន្ទខាងមុខនេះ។
លោក Putin ដែលមានប្រតិកម្មខឹងសម្បារនឹងការបាញ់ទម្លាក់យន្តហោះប្រយុទ្ធរុស្ស៊ីនោះ មិនទាន់យល់ព្រមថា នឹងធ្វើការចរចានេះនៅឡើយទេ។
កាលពីថ្ងៃសៅរ៍ដែរ ប្រទេសតួកគីបានណែនាំដល់ពលរដ្ឋខ្លួនឱ្យពន្យារពេលធ្វើដំណើរជាបន្ទាន់ទៅកាន់ប្រទេសរុស្ស៊ី។ ក្រសួងការបរទេសតួកគីបាននិយាយថា ខ្លួនបានចេញផ្សាយការព្រមានមួយអំពីការធ្វើដំណើរដោយសារមាន «ការពិបាក» មិនជាក់លាក់ណាមួយដែលក្រុមអ្នកទេសចរ និងពលរដ្ឋតួកគី អាចប្រឈមមុខនៅក្នុងប្រទេសរុស្ស៊ីបាន៕