ប្រធានាធិបតីដែលកំពុងកាន់តំណែងនៅក្នុងប្រទេសតួកគីលោក Recep Tayyip Erdogan បានឈ្នះ ការបោះឆ្នោតមួយអាណត្តិទៀតនៅក្នុងការបោះឆ្នោតផ្ដាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។
លោក Erdogan បានថ្លែងទៅកាន់អ្នកគាំទ្របន្ទាប់ពីលទ្ធផលបោះឆ្នោតបឋមមិនផ្លូវការបានបង្ហាញថា លោកទទួលបានសំឡេងគាំទ្រចំនួន ៥២% បើប្រៀបជាមួយនឹងសំឡេងគាំទ្រចំនួន ៤៨% ដែលលោក Kemal Kilicdaroglu ដែលជាគូប្រជែងរបស់លោកទទួលបាន។
លោក Kilicdaroglu បានរិះគន់ការបោះឆ្នោតនេះថាមិនយុត្តិធម៌ និងបានអរគុណអ្នកបោះឆ្នោតជាង ២៥ លាននាក់ដែលបានបោះឆ្នោតឱ្យលោក។
មុនការបោះឆ្នោតជុំទីពីរកាលពីថ្ងៃអាទិត្យ លោក Erdogan ត្រូវបានគេមើលឃើញថាគឺជាអ្នកនាំមុខ បន្ទាប់ពីលោកស្ទើរតែទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជុំទីមួយ។
ទាំងលោក Erdogan និងលោក Kilicdaroglu សុទ្ធតែបាននិយាយនៅក្នុងការឃោសនានៅនាទីចុងក្រោយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកចេញមកបោះឆ្នោតគឺសំខាន់សម្រាប់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនេះ។
កន្លងមក អ្នករិះគន់បានចោទប្រកាន់លោក Erdogan ថាបានធ្វើឱ្យអន្តរាយលទ្ធិប្រជាធិបតេយ្យ ដោយសារលោកបានចាប់អ្នករិះគន់ដាក់គុក និងក្ដោបក្ដាប់អំណាច។ លោក Kilicdaroglu បានសន្យាថានឹងធ្វើឱ្យប្រទេសតួកគីត្រឡប់ទៅរកប្រទេសប្រជាធិបតេយ្យអាស្រ័យសភាឡើងវិញនិងដោះលែងអ្នកទោសនយោបាយល្បីឈ្មោះទាំងឡាយ។
ប៉ុន្តែ លោក Erdogan បានលើកឡើងពីរឿងជាតិនិយមដើម្បីប្រយោជន៍នយោបាយ ដោយបានចោទគូប្រជែងរបស់លោកថាមិនរឹងមាំក្នុងរឿងភេរវកម្មនិងបានទទូចថាប្រទេសតួកគីត្រូវការមេដឹកនាំខ្លាំងក្លាដើម្បីតទល់នឹងសម្ព័ន្ធមិត្តបស្ចិមប្រទេសរបស់ខ្លួន និងដោះស្រាយបញ្ហាប្រឈមដ៏គ្រោះថ្នាក់នានាដែលកំពុងកើតឡើងនៅតាមប្រទេសជិតខាងដូចជាស៊ីរីនិងអ៊ុយក្រែនជាដើម៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និង Reuters។
ក្រុង Istanbul ប្រទេសតួកគី —