ប្រព័ន្ធ​ផ្សព្វផ្សាយ​តួកគី​ចេញ​ផ្សាយ​ថា ស៊ីរី​ និង​រុស្ស៊ី​បាន​ព្រមព្រៀង​គ្នា​លើ​បទ​ឈប់​បាញ់​មួយ

បុរស​ស៊ីរី​ម្នាក់​ដើរ​កាត់​ស្រុក Salaheddin ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ក្រុង Aleppo ភាគ​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី។

ប្រទេស​តួកគី​ និង​ប្រទេស​រុស្ស៊ី ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ព្រមព្រៀង​គ្នា​លើ​ផែនការ​ឈប់​បាញ់​គ្នា​មួយ​នៅ​ក្នុង​ប្រទេស​ស៊ីរី ហើយ​កំពុង​នាំ​គ្នា​ធានា​ឲ្យ​ប្រាកដ​ថា ផែន​ការ​នោះ​នឹង​ចូល​ជា​ធរមាន​នៅ​ពាក់​កណ្ដាល​អាធ្រាត្រ​នេះ។

ទីភ្នាក់ងារ​សារព័ត៌មាន Anadolu ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​តួកគី បាន​រាយការណ៍​ថា​ផែនការ​ថ្មី​នេះ​ មាន​គោល​បំណង​ពង្រីក​ការ​អនុវត្ត​បទ​ឈប់​បាញ់​នេះ​នៅ​ក្នុង​ទីក្រុង Aleppo ប៉ុន្តែ​មិន​បាន​រាប់​បញ្ចូល​ក្រុម​ភេរវករ​នោះ​ទេ។

រដ្ឋ​មន្រ្តី​ការ​បរទេស​តួកគី បាន​មាន​ប្រសាសន៍​ថា រដ្ឋធានី​ អង់ការ៉ា មិន​បាន​ផ្លាស់ប្ដូរ​គោល​ជំហរ​របស់​ខ្លួនក្នុង​ការ​ប្រឆាំង​នឹង​ការ​កាន់​អំណាច​លោក​ប្រធានាធិបតី Bashar al-Assadនោះ​ទេ។ នេះ​បើ​តាម​ការ​ដក​ស្រង់​ពាក្យ​សម្ដី​ ដោយ​ទីភា្នក់ងារ​សារព័ត៌មាន Reuters។

នៅ​ពេល​ចូលរួមនៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​មួយ​នៅ​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​រដ្ឋ​ធានី អង់ការ៉ា លោក Mevlut Cavusoglu រដ្ឋមន្រ្តី​ការបរទេស​តួកគី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «មាន​ឯកសារ​ចំនួន​២​ច្បាប់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​រួច​រាល់​ហើយ​ស្តី​ពី​ដំណោះ​ស្រាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ឯកសារ​មួយ​ច្បាប់​និយាយ​ពី​ដំណោះស្រាយ​ផ្នែក​នយោបាយ ហើយ​មួយ​ច្បាប់​ទៀត​គឺ​ពាក់ព័ន្ធ​នឹង​បទ​ឈប់​បាញ់។ ដំណោះ​ស្រាយ​ទាំង​នេះ អាច​យក​មក​អនុវត្ត​នៅ​ពេល​ណា​មួយ​ក៏​បាន»។

កាល​ពី​សប្ដាហ៍​មុន ប្រទេស​រុស្ស៊ី អ៊ីរ៉ង់ និង​តួកគី បាន​អនុម័ត​លើ​សេចក្ដី​ប្រកាស​មួយ​ ដែល​បញ្ជាក់​អំពី​គោល​ការណ៍​ណែនាំ​ ដែល​នឹង​ត្រូវ​គោរព​តាម​ នៅ​ពេល​ដែល​មាន​កិច្ច​ព្រមព្រៀង​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រទេស​ស៊ីរី។

លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​មាន​ប្រសាសន៍​ថា ប្រទេស​ទាំង​បី​នេះ​បាន​ព្រមព្រៀង​គ្នា​ធ្វើ​ការ​ពិភាក្សា​នៅ​រដ្ឋ​ធានី Astana ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ។

លោក​ Putin ​បាន​បន្ថែម​ថា​ការ​ជម្លៀស​ប្រជាជន​ថ្មីៗ​នេះ​នៅ​ក្នុង​ទី​ក្រុង​ Aleppo គឺ​ជា «ប្រតិបត្តិការ​មនុស្សធម៌​អន្តរជាតិ​ដែល​មាន​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​សម័យ​ទំនើប​នេះ» ហើយ​វា​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​នោះ​ទេ ប្រសិន​បើ​គ្មាន​ «ការ​ចូលរួម​យ៉ាង​សកម្ម» ពី​ប្រទេស​រុស្ស៊ី តួកគី និង​អ៊ីរ៉ង់ ព្រម​ទាំង ​«ឆន្ទៈ និង​កិច្ច​ខិតខំប្រឹងប្រែង​របស់លោក​ប្រធានាធិបតី​ស៊ីរី Assad នោះ»។

ប្រភព​ពី​ក្រុម​ឧទ្ទាម​ស៊ីរី​មួយ​ដែល​ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AFP ថា ក្រុម​ប្រឆាំង​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​លម្អិត​ណា​មួយ​អំពី​កិច្ច​ព្រមព្រៀង​លើ​បទ​ឈប់​បាញ់​នោះ​នៅ​ឡើយ​ទេ ហើយ​បាន​បន្ថែម​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​នៅ​ឡើយ​ទេ៕