ដោយការរាប់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតជុំទីមួយនៅក្នុងប្រទេសតួកគីហាក់បង្ហាញថានឹងមានការបោះឆ្នោតសម្រេចជុំទី២ដើម្បីជ្រើសរើសប្រធានាធិបតី ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបង្ហាញទំនុកចិត្តនៅថ្ងៃចន្ទនេះថា លោកនឹងឈ្នះការបោះឆ្នោតនេះ រីឯគូប្រជែងរបស់លោក គឺលោក Kemal Kilicdaroglu វិញបាននិយាយថា លោកនឹង «ឈ្នះទាំងស្រុងនៅក្នុងការបោះឆ្នោតជុំទីពីរនេះ»។
លោក Erdogan ដែលបានកាន់អំណាចបាន ២០ ឆ្នាំមកហើយ និងជាមេដឹកនាំដែលកាន់អំណាចបានយូរជាងគេបំផុតនៅក្នុងប្រទេសតួកគី ទទួលបានការគាំទ្រប្រសើរជាងអ្វីដែលបានរំពឹងទុក ប៉ុន្តែមិនទទួលបានការគាំទ្រចំនួន ៥០% ដែលជាចំនួនត្រូវការដើម្បីឈ្នះការបោះឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យនោះទេ។
ដោយសន្លឹកឆ្នោតជាង ៩៩,៤% បានរាប់រួចរាល់ហើយ លោក Erdogan បាននាំមុនដោយទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៤៩,៤% ហើយលោក Kilicdaroglu ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៤៥% ។ នេះបើតាមការបញ្ជាក់របស់លោក Ahmet Yener ប្រធានគណៈកម្មការកំពូលរៀបចំការបោះឆ្នោតរបស់ប្រទេសតួកគី ដែលថ្លែងប្រាប់អ្នកយកព័ត៌មាន។
សន្លឹកឆ្នោតដែលបោះនៅបរទេសមិនទាន់ត្រូវបានរាប់នៅឡើយទេ។ ប្រសិនបើចាំបាច់ ការបោះឆ្នោតសម្រេចផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែឧសភាខាងមុខ។
មនុស្សជាង ៦៤ លាននាក់ ដែលក្នុងនោះរួមមានទាំងអ្នកបោះឆ្នោតនៅបរទេសផងដែរ មានសិទ្ធិបោះឆ្នោតកាលពីថ្ងៃអាទិត្យ ហើយក្នុងនោះអ្នកមានសិទ្ធិបោះឆ្នោតជិត ៨៩% បានចេញមកបោះឆ្នោត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ដោយអតិផរណាមានចំនួនជាង ៤០% ហើយមនុស្សកំពុងប្រឈមនឹងវិបត្តិជីវភាព បញ្ហាសេដ្ឋកិច្ចត្រូវបានគេមើលឃើញថាជាបញ្ហាសំខាន់បំផុតសម្រាប់អ្នកបោះឆ្នោតជាច្រើន៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។
ទីក្រុង ISTANBUL —