នៅថ្ងៃចន្ទនេះប្រទេសតួកគីបាននិយាយថា យន្តហោះប្រតិកម្មមួយគ្រឿងរបស់ប្រទេសរុស្ស៊ីបានហោះរំលោភចូលក្នុងដែនអាកាសរបស់ខ្លួន នៅជិតព្រំដែនជាមួយប្រទេសស៊ីរី បណ្តាលឱ្យយន្តហោះធុន F-16 ពីរគ្រឿងរបស់តួកគីហោះអមយន្តហោះរុស្ស៊ីនោះចេញពីតំបន់នោះវិញ។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសតួកគីបាននិយាយថាឧប្បត្តិហេតុនេះបានកើតមានឡើងកាលពីថ្ងៃសៅរ៍ ហើយថាតួកគីបាន
ព្រមានប្រទេសរុស្ស៊ីថា ខ្លួននឹងត្រូវ «ទទួលខុសត្រូវដល់ឧប្បត្តិហេតុដោយអចេតនាណាមួយ» ប្រសិនបើមានការរំលោភដែនអាកាសមួយលើកទៀត។
ទីភ្នាក់ងារសារព័ត៌មាន Interfaxនៃប្រទេសរុស្ស៊ីបានដកស្រង់ពាក្យសម្តីស្ថានទូតរុស្ស៊ីក្នុងប្រទេសតួកគីដែលបាននិយាយថាឧប្បត្តិហេតុបានកើតមានមែន ហើយថាមានការពន្យល់ដល់ក្រុមមន្ត្រីតួកគីហើយ។
លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Philip Hammond បានមានប្រសាសន៍ថាការរំលោភរបស់រុស្ស៊ីក្នុងដែនអាកាសរបស់ប្រទេសតួកគីបាន «បង្កើនគ្រោះថ្នាក់នៅស្ថានភាពដែលមានភាពគ្រោះថ្នាក់ខ្លាំងហើយនោះ។»
នៅពេលជាមួយគ្នានេះ កងយន្តហោះចម្បាំងរុស្ស៊ីបានបន្តធ្វើការវាយប្រហារតាមអាកាសតទៅទៀត នៅក្នុងប្រទេសស៊ីរី។ ក្រសួងការពារប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារលើគោលដៅចំនួន៩របស់ក្រុមរដ្ឋឥស្លាមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយត្រូវចំកាំភ្លើងធំ មជ្ឈមណ្ឌលទំនាក់ទំនង មជ្ឈមណ្ឌលបញ្ជាការ និងជំរុំហ្វឹកហ្វឺនមួយនៅខេត្ត Hama, Homs, Latakia and Idlib៕