លោកនាយករដ្ឋមន្ត្រីនៃប្រទេសតួកគីនិយាយថា ការគាំទ្ររបស់អ.ស.ប.ដល់ផែនទីបង្ហាញផ្លូវថ្មីមួយសម្រាប់សន្តិភាពក្នុងប្រទេសស៊ីរីជាជំហានវិជ្ជមានមួយឆ្ពោះទៅកាន់ការដោះស្រាយសង្គ្រាមស៊ីវិលដ៏យូរយារ និងអស់សោហ៊ុយច្រើនតាមរយៈការទូត។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏លោកនាយករដ្ឋមន្ត្រី Ahmet Davutoglu បានមានប្រសាសន៍ថា សេចក្តីសម្រេចចិត្តដែលបានត្រូវអនុម័តជាឯកច្ឆ័ន្ទដោយក្រុមប្រឹក្សាសន្តិសុខអ.ស.ប.កាលពីយប់ថ្ងៃសុក្រមិនបានផ្តល់កិច្ចការពារដល់ប្រជារាស្ត្រស៊ីរីដែលបានរងទុក្ខវេទនាយ៉ាងខ្លាំងរួចស្រេចហើយនៅក្នុងរយៈពេលជិតប្រាំឆ្នាំនៃការបង្ហូរឈាមដោយសារ «អំពើឃោរឃៅរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad»។
លោក Davutoglu និយាយថាប្រទេសតួកគីនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការស្វែងរកអន្តរកាលនយោបាយមួយក្នុងប្រទេសស៊ីរីឱ្យបានសមស្របតាមសេចក្តីថ្លែងការណ៍ក្នុងក្រុងហ្សឺណែវស្តីពីប្រទេសស៊ីរីកាលពីឆ្នាំ២០១២។កិច្ចខិតខំប្រឹងប្រែងអន្តរជាតិទីមួយដើម្បីព្រាងដំណោះស្រាយជាសក្តានុពលនៃវិបត្តិនយោបាយក្នុងប្រទេសស៊ីរីនេះចង់ឃើញអង្គការគ្រប់គ្រងអន្តរកាលមួយដែលនឹងត្រូវបង្កើតដោយមានការមូលមតិគ្នាពីភាគីទាំងអស់ដែលពាក់ព័ន្ធក្នុងសង្គ្រាមនេះ។
លោកនាយករដ្ឋមន្ត្រីនៃប្រទេសតួកគីបាននិយាយដូច្នេះកាលពីថ្ងៃសៅរ៍នៅក្នុងក្រុង Istanbul មួយថ្ងៃក្រោយពីក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានបោះឆ្នោតនៅក្នុងបុរីញូវយ៉កដើម្បីផ្តល់ការយល់ព្រមដល់ផែនទីបង្ហាញផ្លូវមួយដែលបានត្រូវសម្រេចឡើងនៅក្នុងការប្រជុំមួយនៃក្រុមអន្តរជាតិគាំទ្រប្រទេសស៊ីរីដែលមានប្រទេសជាតិ២០ជាសមាជិកគឺស.រ.អា. និងសម្ព័ន្ធមិត្តរបស់អាមេរិកាំង ប្រទេសរុស្សី ក្រុមរដ្ឋអារ៉ាប់ និងប្រទេសឯទៀតៗដែលទាក់ទិនក្នុងសង្គ្រាមស៊ីរី។
នៅពេលជាមួយគ្នានេះ លោកប្រធានាធិបតីរុស្សី Vladimir Putin បាននិយាយថាប្រទេសលោកមិនបានប្រើសមត្ថភាពយោធាទាំងអស់របស់ខ្លួនក្នុងប្រទេសស៊ីរីទេ ហើយប្រហែលជានឹងប្រើមធ្យោបាយយោធាច្រើនជាងមុននៅក្នុងប្រទេសនេះប្រសិនបើជាមានការចាំបាច់៕