រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman នៅថ្ងៃចន្ទនេះ បាននិយាយតាមទូរស័ព្ទជាមួយនឹងកូនប្រុសរបស់លោក Jamal Khashoggi ដែលជាអ្នកកាសែតអារ៉ាប៊ីសាអូឌីតដែលត្រូវបានគេសម្លាប់ ដើម្បីបង្ហាញអំពីការចូលរួមរំលែកទុក្ខរបស់ព្រះអង្គចំពោះការស្លាប់នេះ។
លោក Khashoggi បានស្លាប់បន្ទាប់ពីលោកបានចូលស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅក្នុងទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគីកាលពីថ្ងៃទី ២ ខែតុលាកន្លងទៅនេះ។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានសន្យាថា នឹងបង្ហាញការពិតលម្អិតអំពីករណីនេះនៅក្នុងការថ្លែងរបស់លោកទៅកានរដ្ឋសភាតួកគីនៅថ្ងៃអង្គារស្អែក។
លោកបានប្រាប់ក្រុមអ្នកគាំទ្រលោកកាលពីថ្ងៃអាទិត្យម្សិលមិញថា៖ «យើងកំពុងស្វែងរកយុត្តិធម៌នៅទីនេះ ហើយការពិតទាំងអស់អំពីករណីនេះនឹងត្រូវបង្ហាញឡើង»។
លោក Erdogan បាននិយាយតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអាទិត្យម្សិលមិញ។ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់តួកគីបានរាយការណ៍ថា មេដឹកនាំទាំងពីរបានឯកភាពគ្នាថា ករណីរបស់លោក Khashoggi នេះចាំបាច់ត្រូវតែ «បង្ហាញឡើងគ្រប់ជ្រុងជ្រោយទាំងអស់»។
រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានហៅការសម្លាប់លោក Khashoggi នៅក្នុងស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងប្រទេសតួកគីថាជា «កំហុសដ៏ធំ និងធ្ងន់ធ្ងរមួយ» និងបានសន្យាថា នឹងវែកមុខរកឃាតករឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៕