ការ​បង្រ្កាប​នយោបាយ​នៅ​តួកគី​នាំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ

រូបឯកសារ៖ ក្រុមអ្នកតវ៉ាកាន់បដាចូលរួមបាតុកម្មប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការតួកគីក្នុងការរំលាយគណបក្ស Peoples' Democratic Party ដែលគាំទ្រជនជាតិឃឺដ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១។

ការ​បង្រ្កាប​មក​លើ​គណបក្ស​គាំទ្រ​ជនជាតិ​ឃឺដ​ នៅ​តួកគី ​ហាក់​ដូច​ជា​កំពុង​តែ​រីក​ធំ​ឡើង​ បន្ទាប់​ពី​មាន​ការ​ឃុំខ្លួន​សមាជិក​ជាន់​ខ្ពស់​នៃ​ចលនា​គាំទ្រ​សិទ្ធិមនុស្ស​នៅ​តួកគី​ កាល​ពី​ថ្ងៃ​សុក្រ ទី១៩ ខែ​មីនា​កន្លង​ទៅ​នេះ។ ការ​ចាប់ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ​ខណៈ​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ពី​សម្ព័ន្ធមិត្ត​បស្ចិមលោក​របស់​តួកគី។​

លោក Ozturk Turkdogan សហប្រធាន​អង្គការ​សមាគម​សិទ្ធិ​មនុស្ស​តួកគី (IHD) ត្រូវ​បាន​ចាប់​ខ្លួន​ អំឡុងពេល​ការ​ចុះ​បង្រ្កាប​នៅ​ពេល​ព្រឹក​ព្រលឹម​មួយ​ដោយ​ប៉ូលិស​ប្រឆាំង​ភេរវកម្ម។ ការ​ចាប់ខ្លួន​នេះ​នាំ​ឲ្យ​មាន​ការ​ថ្កោល​ទោស​ទាំង​នៅ​ក្នុង​ប្រទេស​និង​ជា​អន្តរជាតិ។

អ្នកស្រី Emma Sinclair-Webb អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ មាន​មូលដ្ឋាន​នៅ​ក្រុង​ញូវយ៉ក ​បាន​និយាយ​ថា៖ «វា​ជា​រឿង​ហួសហេតុ​។ នេះ​ជា​ការ​វាយប្រហារ​មក​លើ​ក្រុម​សកម្មជន​គាំទ្រ​សិទ្ធិ​មនុស្ស​ដែល​មាន​អាយុកាល​យូរជាង​គេ​បង្អស់​មួយនៅ​តួកគី»។​

អ្នកស្រី Sinclair-Webb បាន​បន្តថា៖ «លោក Turkogan ​គឺ​ជាបុគ្គល​ដ៏​គួរ​ឲ្យ​គោរព​មួយ​នៅ​ក្នុង​ចលនា​គាំទ្រ​សិទ្ធិមនុស្ស​ជា​មិត្តភក្តិ​យូរ​អង្វែង និង​ជា​មេធាវី​ម្នាក់។​ ការ​ចាប់ខ្លួន​លោក Turkogan គឺ​ជា​ការ​វាយប្រហារ​ដ៏​ហួសហេតុ​មួយ ​មក​លើ​សង្គម​ស៊ីវិល​តួកគី​ទាំង​មូល»។

គ្មាន​សេចក្តី​លម្អិត​ណា​មួយ​ត្រូវ​បាន​បញ្ចេញ​ជុំវិញ​ហេតុផល​ដែល​លោក​ Turkdogan ត្រូវ​បាន​ឃុំខ្លួន​នោះ​ទេ ​ក្រៅ​តែ​ពី​ហេតុផល​ដែល​ថា​ លោក​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្រោម​ច្បាប់​ប្រឆាំង​នឹង​ភេរវកម្ម​ដ៏​ទូលំទូលាយ​របស់​តួកគី។ នៅ​ក្រោម​ច្បាប់​នេះ​ លោក Turkogan មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​មេធាវី​ទេ​នៅ​អំឡុងពេល​ឃុំខ្លួន​រយៈពេល ២៤​ ម៉ោង​ដំបូង។

នៅ​ខែ​មីនា ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​តួកគី​ លោក Suley Soylu បាន​ចោទប្រកាន់​សមាគម​សិទ្ធិ​មនុស្ស​របស់​លោក Turkogan​ ថា​ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុមភេរវកម្ម។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ កងកម្លាំង​សន្តិសុខ​តួកគី​កំពុង​ធ្វើការ​បង្រ្កាប​មក​លើ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​បង្អស់​ទី​ ២ ​នៅ​តួកគី​ គឺ​គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន People's Democratic Party ឬ HDP ដែល​គាំទ្រ​ជនជាតិ​ឃឺដ។

កាល​ពី​ថ្ងៃ​សុក្រ ទី ១៩ ខែ​មីនា ​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស HDP ត្រូវ​បាន​ចាប់ខ្លួន​ នៅ​ក្នុង​យុទ្ធនាការ​បង្រ្កាប​នា​ពេល​ព្រឹកព្រលឹម​មួយ ​ដោយ​ដៅ​លើ​មនុស្ស​ចំនួន​ ៣៥ នាក់។ កាល​ពី​ថ្ងៃ​ពុធ ទី ១៧ ខែ​មីនា​ ក្រុម​រដ្ឋអាជ្ញា​ក៏​បាន​ចាប់ផ្តើម​បើក​សំណុំ​រឿង​ប្រឆាំង​នឹង​គណបក្ស HDP ​ផងដែរ។​

គណបក្ស​ HDP ត្រូវ​បាន​ចោទប្រកាន់​ថា​ មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម​ផ្តាច់​ខ្លួន​ឃឺដ​ ឬ​ហៅ​កាត់​ថា PKK ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋ​អំណាច​តួកគី។ សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ ចាត់​ទុក​ក្រុម PKK ជា​ក្រុម​ភេរវកម្ម។

កាល​ពី​ថ្ងៃ​ពុធ​ដដែល ​សមាជិក​សភា​ក៏​បាន​បោះឆ្នោត​លុប​ចោល​អភ័យឯកសិទ្ធិ​សភា​របស់​អនុប្រធាន​គណបក្ស​ HDP លោក Omer Faruk Gergerlioglu បន្ទាប់​ពី​លោក​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ផ្សព្វផ្សាយ​ការ​ឃោសនា​របស់​ក្រុម​ភេរវកម្ម​ នៅ​ក្នុង​សារ​បង្ហោះ​មួយ​តាម​បណ្តាញ​សង្គម ​Twitter។

ចាប់តាំង​ពី​ឆ្នាំ ២០១៩ ​មក អភិបាល​ក្រុងជាប់ឆ្នោត​មក​ពី​គណបក្ស HDP ចំនួន ​៤៨ ​នាក់ ​ក្នុង​ចំណោម​អភិបាល​ក្រុង​សរុប ​៦៥ ​នាក់​ នៅ​តំបន់​ដែល​មាន​ប្រជាជន​ភាគច្រើន​ជា​ជនជាតិ​ឃឺដ​ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ដក​ចេញ​ពី​តំណែង ​ដោយ​យក​លេស​ថា​ ពួកគេ​រង​ការ​ចោទ​ប្រកាន់​ពី​បទ «ភេរវកម្ម»។

រូបឯកសារ៖ លោក Omer Gergerlioglu សមាជិករដ្ឋសភាមកពីគណបក្ស Peoples' Democratic Party ដែលគាំទ្រជនជាតិឃឺដ និងសមាជិកសភាផ្សេងទៀត បង្ហាញការប្រឆាំងនឹងសេចក្តីសម្រេចរបស់រដ្ឋសភាដែលដកអភ័យឯកសិទ្ធិរបស់លោក នៅវិមានសភាតួកគី ក្នុងទីក្រុង Ankara ប្រទេសតួកគី កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១។

សម្ព័ន្ធមិត្ត​បស្ចិមលោក​ព្រួយ​បារម្ភ​ពី​ការ​បង្រ្កាប​នៅ​តួកគី

យ៉ាង​ណា​ក្តី​ សម្ព័ន្ធមិត្ត​បស្ចឹម​លោក​របស់​តួកគី​កំពុង​ព្យាយាម​ជំរុញ​ឲ្យ​មាន​ការ​ថមថយ​ នៅ​ក្នុង​ការ​បង្ក្រាប​មក​លើ​គណបក្ស​HDP។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Ned Smith បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៨​ ខែ​មីនា​ថា៖ «យើង​កំពុង​តាម​ដាន​ការ​ចាប់ផ្តើម​នូវ​កិច្ចប្រឹងប្រែង​ដើម្បី​រំលាយ​គណបក្ស HDP​ ដែល​សេចក្តីសម្រច​លើ​ការ​រំលាយ​នេះ​ នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​ឆន្ទៈ​របស់​អ្នក​បោះឆ្នោត​តួកគី ​ធ្វើ​ឲ្យ​ដុនដាប​លទ្ធិប្រជាធិតបតេយ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​នៅ​តួកគី​ និង​រារាំង​ពលរដ្ឋ​តួកតី​រាប់​លាន​នាក់​មិន​ឲ្យ​ទទួល​បាន​តំណាង​ដែល​ខ្លួន​ជ្រើសរើស»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ សហភាព​អឺរ៉ុប​និយាយ​ថា​ខ្លួន «មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង» ។ សេចក្តី​ថ្លែងការណ៍​ដដែល​នោះ​ បាន​បន្ថែម​ទៀត​ថា ​តួកគី «ត្រូវ​តែ​គោរពតាម​កាតព្វកិច្ច​ប្រជាធិបតេយ្យ​ចម្បង​របស់​ខ្លួន​ រួម​មាន​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស ​និង​នីតិរដ្ឋ»។

សំណុំ​រឿង​រំលាយ​គណបក្ស HDP​ និង​ការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ខាង​លើ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​សប្តាហ៍​ បន្ទាប់​ពី​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​ប្តេជ្ញា​បង្កើត​ទំព័រ​សករាជ​ថ្មី​មួយ​ សម្រាប់​សិទ្ធិមនុស្ស​ខណៈ​បង្ហាញ​ពី​ផែនការសកម្មភាព​ផ្នែក​សិទ្ធិ​មនុស្ស​របស់​លោក​ផងដែរ។

អ្នកស្រី Sinclair-Webb បាន​ថ្លែង​ទៀត​ថា៖ «ផែនការ​សកម្មភាព​ផ្នែក​សិទ្ធិ​មនុស្ស​នោះ​ហាក់​ដូច​ជា​ពាក្យ​សម្ងាត់​មួយ ​សម្រាប់​ផែនការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​អញ្ចឹង ពីព្រោះ​អ្វីៗ​ទាំង​អស់​ដែល​បាន​កើត​ឡើង​ចាប់ពីពេល​នោះ​មក ​គឺ​មាន​សភាព​កាន់​តែ​អាក្រក់​ឡើង​គួប​ផ្សំ​នឹង​ការ​វាយប្រហារ​មក​លើ​លិទ្ធិ​ប្រជាធិបតេយ្យ​ផងដែរ»។

តួកគី​ធ្លាប់​មាន​ប្រវត្តិ​យូរ​មក​ហើយ​ ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​នយោបាយ ​ជាពិសេស​គណបក្ស​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​គាំទ្រ​ជនជាតិ​ឃឺដ។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ច្រាន​ចោល​ការ​រិះគន់​ជុំវិញ​ការ​បង្រ្កាប​នា​ពេល​បច្ចុប្បន្ន​នេះ​ ដោយ​ទទួច​ថា ​ខ្លួន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម។

លោក Fahretin Altun នាយក​ផ្នែក​ទំនាក់ទំនង​របស់​ប្រធានាធិបតី​តួកគី​ បាន​សរសេរ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ Twitter ថា៖ «ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន​ដែល​គណបក្ស HDP មាន​ទំនាក់ទំនង​យ៉ាង​ច្បាស់​ជាមួយ​នឹង​ក្រុម PKK»។ ប៉ុន្តែ​គណបក្ស​ HDP បាន​បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​ណា​មួយ​ជាមួយ​នឹង​ក្រុម PKK។

រដ្ឋាភិបាល​អាល្លឺម៉ង់​ហាក់​ដូច​ជា​ទទួល​យក​គោលជំហរ​របស់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា ស្រប​ពេល​អំពាវនាវ​ឲ្យ «តួកគី​គោរព​តាម​នីតិរដ្ឋ​ប្រជាធិបតេយ្យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជា​ទីបំផុត»។ នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែ​មីនា រដ្ឋាភិបាល​អាល្លឺម៉ង់​ បាន​លើក​ឡើង​ថា៖ «យើង​អំពាវនាវ​ឲ្យ​គណបក្ស HDP ដក​ខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ពី​ក្រុម PKK ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ក្រុម​ភេរវកម្ម​នៅ​សហភាពអឺរ៉ុប​»។

ក្រុម​អ្នក​សង្កេតការណ៍ និង​សកម្មជន​សិទ្ធិ​មនុស្ស​បាន​ចោទប្រកាន់​មេ​ដឹក​នាំ​នៅ​អឺរ៉ុប និង​សហភាព​អឺរ៉ុប​ពី​ការ​បន្ទន់​ការ​រិះគន់​មក​លើ​កំណត់ត្រា​សិទ្ធិ​មនុស្ស​ ដែល​កំពុង​ចុះ​ដុនដាប​របស់​តួកគី។

តួកគី​និង​សហភាព​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​កំពុង​ពិភាក្សា​លើ​ការ​បន្ត​ជា​ថ្មី​នូវ​កិច្ចព្រមព្រៀង​លើ​ជនភៀស​ខ្លួន​ ដែល​គេ​ឃើញ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ដើរ​តួ​ជា​ឆ្មាំ​យាម​ទ្វារ​របស់​អ៊ឺរ៉ុប​ នៅ​ក្នុង​ការ​គ្រប់គ្រង​លើ​លំហូរ​ជន​ចំណាក​ស្រុក​ និង​ជន​ភៀស​ខ្លួន​ជា​ថ្នូរ​នឹង​ជំនួយ​រាប់​សិប​ពាន់លាន​ដុល្លារ។

លោក Sezin Oney អ្នក​សរសេរ​អត្ថបទ​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន Duvar នៅ​តួកគី​ បាន​និយាយ​ថា៖ «នេះ​ជា​ថ្នូរ​ដ៏​ធំ​បំផុត​មួយ​ដែល​តួកគី​មាន​ក្នុង​ដៃ។ ដោយសារ​តែ​មាន​កិច្ចព្រមព្រៀង​លើ​ជន​ភៀស​ខ្លួន​នេះ​ហើយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ហាក់​ដូច​ជា​មិន​អាច​ដាក់​សម្ពាធ ឬ​ដាក់​ជា​ថ្នូរ​នឹង​អ្វី​មួយ មក​លើ​តួកគី​បាន»៕

ប្រែសម្រួល​ដោយ​លោក​ណឹម សុភ័ក្រ្តបញ្ញា