លោកនាយករដ្ឋមន្រ្តីតួកគី Ahmet Davutoglu បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងមិនព្យាយាមទាមទារឲ្យមានការបោះឆ្នោតជាថ្មីឡើងវិញក្នុងនាមលោកជាប្រធានគណបក្សកាន់អំណាច នៅក្នុងសមាជបក្សដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះនោះទេ ដែលនេះមានន័យថា លោកនឹងចុះចេញពីតំណែង។
បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិនៃគណបក្សយុត្តិធម៌និងអភិវឌ្ឍន៍ដែលកាន់អំណាចបានបញ្ចប់ លោក Davutoglu បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុងអង់ការ៉ាថា ដើម្បីការបង្រួបបង្រួមគណបក្ស ការផ្លាស់ប្ដូរថ្នាក់ដឹកនាំគណបក្សនឹងកាន់តែមានលក្ខណៈល្អប្រសើរជាងមុន។
លោក Davutoglu បានមានប្រសាសន៍ថា «ខ្ញុំមិនមានអារម្មណ៍ថាបរាជ័យឬសោកស្តាយអ្វីចំពោះការសម្រេចចិត្តយ៉ាងដូច្នេះនោះទេ»។ ហើយការលាលែងពីតំណែងរបស់ខ្ញុំគឺមិនមែនជា «ជម្រើសរបស់ខ្ញុំនោះទេ ប៉ុន្តែវាគឺជារឿងចាំបាច់មួយ»។ លោកក៏បានសង្កត់ធ្ងន់ថា លោកមិនមានអារម្មណ៍ពិបាកនោះទេ។
លោក Davutoglu បានចង្អុលបង្ហាញថា លោកនឹងនៅតែធ្វើជាសមាជិករបស់គណបក្ស និងបន្តធ្វើជាតំណាងរាស្ត្ររបស់គណបក្សកាន់អំណាច។ លោកក៏បានសន្យាស្មោះស្ម័គ្រនឹងលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan ផងដែរ។ លោក Erdogan បានមានប្រសាសន៍ថា វាគឺជាការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីផ្ទាល់ ហើយលោកសូមជូនពរដល់លោក Davutoglu។
ការលាលែងពីតំណែងរបស់លោក Davutoglu នឹងមិនមានប្រសិទ្ធភាពភ្លាមៗនោះទេ។ គណបក្សយុត្តិធម៌និងអភិវឌ្ឍន៍នឹងបើកកិច្ចប្រជុំសមាជបក្សជាបន្ទាន់មួយនៅថ្ងៃទី២២ខែឧសភាខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សថ្មីដែលនឹងជំនួសតំណែងរបស់លោកនាយករដ្ឋមន្ត្រី Davutoglu។
លោក Davutoglu គ្រោងនឹងធ្វើដំណើរទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី២ខែឧសភា ដើម្បីជួបប្រជុំជាមួយនឹងលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងលោកអនុប្រធានាធិបតី Joseph Biden។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់តួកគី។ សេចក្តីរាយការណ៍មួយចំនួនបានឲ្យដឹងថា ដំណឹងនេះធ្វើឲ្យលោក Erdogan ខឹងសម្បារ ហើយទស្សនកិច្ចនោះក៏ត្រូវបានបញ្ឈប់វិញ។
លោក Erdogan និងលោក Davutoglu បានជួបប្រជុំគ្នាកាលពីល្ងាចថ្ងៃពុធ ប៉ុន្តែបានបរាជ័យក្នុងការសម្របសម្រួលទៅលើភាពចម្រូងចម្រាសរបស់ពួកគេ។ លោក Davutoglu មិនគាំទ្រគោលនយោបាយមួយចំនួនរបស់លោក Erdogan នោះទេ ដោយរួមមានទាំងសក្តានុពលនៃការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញដើម្បីឲ្យប្រធានាធិបតីស្ថិតក្នុងតំណែងមួយដែលមានអំណាចទាំងស្រុងផងដែរ៕