កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ នាវាចម្បាំងមួយរបស់ប្រទេសរុស្ស៊ីបានបាញ់គំរាមទៅទូកនេសាទតួកគីមួយ ដែលនេះជាសញ្ញាចុងក្រោយ បញ្ជក់ពីស្ថានភាពកាន់តែតានតឹងឡើងរវាងប្រទេសទាំងពីរនេះ។ ប៉ុន្តែ សញ្ញាសំខាន់ជាងនេះ ដែលបញ្ជាក់ពីការផ្លាស់ប្តូរជាអចិន្ត្រៃយ៍នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងអង់ការ៉ា (Ankara) នៅក្នុងការបញ្ចប់ពឹងផ្អែកផ្នែកថាមពលទៅលើឧស្ម័ននាំចូលពីប្រទេសរុស្ស៊ី។ ការប្រែផ្លាស់បែបនេះនឹងនាំមកនូវបញ្ហាប្រឈមផ្សេងៗលើផ្នែកសេដ្ឋកិច្ច និងនយោបាយ។
ចាប់តាំងពីទំនាក់ទំនងរវាងប្រទេសតួកគី និងរុស្ស៊ីបានចុះដុនដាបជុំវិញការបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿងរបស់រុស្ស៊ីពីសំណាក់យុទ្ធជនតួកគី កាលពីខែមុនមក រដ្ឋាភិបាលក្រុងអង់ការ៉ា Ankara កំពុងតែរិះរកប្រភពផ្តល់ថាមពលពីប្រទេសកាតា (Qatar) រហូតដល់ប្រទេសជិតខាង ដូចជាប្រទេសអាហ្ស៊ែរបៃហ្សាន (Azerbaijan) និងក្រៅពីនេះទៀត។
អ្នកប្រឹក្សាយោបល់នៃអង្គការ Global Source Partners លោក Atilla Yesilada និយាយថា ចំណាត់ការដូចនេះ បង្ហាញថា ការផ្សះផ្សាគ្នារវាងប្រទេសទាំងពីរនេះ មិនអាចកើតឡើងក្នុងពេលឆាប់ៗនេះទេ។
«នេះជាជម្លោះអចិន្ត្រៃយ៍ ព្រោះ រដ្ឋាភិបាលក្រុងអង់ការ៉ាគ្មានបំណងផ្លាស់ប្តូរគោលនយោបាយលើប្រទេសស៊ីរីឡើយ។ អាចយល់បានថា នៅទីបំផុត យើងត្រូវតែកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលពីប្រទេសរុស្ស៊ី ដែលបច្ចុប្បន្នមានចំនួន៥៥ភាគរយនៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់យើង(តួកគី)»។
ក្រុមអ្នកសង្កេតការណ៍បានចង្អុលបង្ហាញថា រដ្ឋាភិបាលក្រុងអង់ការ៉ាបានជាប់កិច្ចសន្យាលើការទិញឧស្ម័នពីប្រទេសរុស្ស៊ីរយៈពេល៣ឆ្នាំទៀត ហើយនឹងត្រូវការពេលច្រើនឆ្នាំដើម្បីឲ្យអ្នកផ្គត់ផ្គង់ថ្មីបង្កើតហេដ្ឋរចនាសម្ព័ន្ធចាំបាច់ដែលអាចបំពេញគ្រប់តម្រូវការរបស់ប្រទេសតួកគី។
អ្នកវិភាគ Yesilada និយាយថា ការចុះកិច្ចសន្យាលើឧស្ម័នធម្មជាតិរាវ ជាមួយរដ្ឋអារ៉ាប់នៅឈូងសមុទ្រពែក និងប្រទេសកាតា ដែលជាសម្ព័ន្ធមិត្ត អាចមានគោលដៅនៅក្នុងការស្វែងរកដំណោះស្រាយចំពោះការគំរាមកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នជាបណ្តោះអាសន្នពីរដ្ឋាភិបាលក្រុងមូស្កូ(Moscow)។
«ប្រសិនបើប្រទេសរុស្ស៊ីយកបញ្ហាបច្ចេកទេសជាការដោះសារដើម្បីផ្តាច់ការផ្គត់ផ្គង់រយៈពេលខ្លី នោះប្រទេសតួកគីមានការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដែលអាចបំពេញតម្រូវការរបស់ខ្លួនចំនួនពីរទៅបីថ្ងៃបាន។ យើងអាចបង្កើនការនាំចូលឧស្ម័នធម្មជាតិរាវ ប៉ុន្តែ នៅកំពង់ផែរបស់យើងមិនមានចំណតគ្រប់គ្រាន់»។
មានការរិះគន់កាន់តែច្រើនឡើងចំពោះការបរាជ័យរបស់រដ្ឋាភិបាលតួកគីក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយ ដើម្បីទ្រទ្រង់យុទ្ធសាស្រ្តថាមពលឲ្យមានស្ថេរភាពប្រសើរជាងមុន។
ប៉ុន្តែ អ្នកសរសេរកាសែតនយោបាយ Cumhuriyet លោក Semih Idiz និយាយថា សូម្បីតែគោលដៅរបស់រដ្ឋាភិបាលក្រុងអង់ការ៉ាអំពីយុទ្ធសាស្រ្តពិពិធកម្មក្នុងរយៈពេលវែង ក៏កំពុងតែជួបនឹងបញ្ហាប្រឈមធំផ្សេងៗផងដែរ។
«ប្រទេសតួកគីហាក់ដូចជាកំពុងពឹងផ្អែកលើប្រទេសអាហ្ស៊ែរបៃហ្សាន (Azerbaijan) និងប្រហែលអាចជាប្រទេសសាធារណរដ្ឋផ្សេងទៀតនៅអាស៊ីកណ្តាល ប៉ុន្តែពួកគេបានភ្លេចថា ប្រទេសទាំងនេះមានការពឹងផ្អែកលើប្រទេសរុស្ស៊ី និងស្ថិតក្រោមឥទ្ធិពលរបស់ប្រទេសរុស្ស៊ី។ ដូច្នេះ វាមានការលំបាកជាច្រើនសម្រាប់រដ្ឋាភិបាលក្រុងអង់ការ៉ាក្នុងការស្វែងរកជម្រើសដទៃក្រៅពីការពឹងផ្អែកលើប្រទេសរុស្ស៊ី»។
រដ្ឋាភិបាលក្រុងអង់ការ៉ាក៏កំពុងតែសម្លឹងមើលទៅតំបន់ពួកឃឺដនៅអ៊ីរ៉ាក់ (Iran Kurdistan) ដើម្បីបំពេញតម្រូវការថាមពល មួយចំនួនរបស់ខ្លួន ប៉ុន្តែនៅទីនេះដែរ ការផ្គត់ផ្គង់អាចទទួលរងការគំរាមកំហែងពីក្រុមឧទ្ទាមឃឺដ PKK ដែលកម្លាំងសមត្ថកិច្ចតួកគីកំពុងប្រយុទ្ធប្រឆាំង។ ពួកអ្នកអង្កេតការណ៍ បានព្រមានថា ការស្វះស្វែងបង្កើនប្រភពថាមពលពីច្រើនកន្លែងបានក្លាយជាឧបសគ្គដ៏ពិបាក និងសំខាន់មួយសម្រាប់រដ្ឋាភិបាលក្រុងអង់ការ៉ា។
ប្រែសម្រួលដោយ វិញ សុជាតា