យ៉ាងហោចណាស់មនុស្ស ៣៩ នាក់បានស្លាប់ និងជិត ៩០០ នាក់ទៀងរងរបួស នៅក្នុងគ្រោះមហន្តរាយរញ្ជួយដី ដែលបានធ្វើឲ្យអគារបែកបាក់នៅក្នុងទីក្រុង Izmir ប្រទេសតួកគី និងបានបង្កឲ្យមានរលកសមុទ្រខ្ពស់នៅកោះយ៉ាងតិចចំនួន ២ នៅក្នុងប្រទេសក្រិក។
ក្រុមអ្នកជួយសង្គ្រោះក្នុងប្រទេសតួកគី នៅព្រឹកថ្ងៃអាទិត្យនេះ បានទាញបុរសម្នាក់ដែលនៅរស់នៅឡើយចេញពីគំនរអាគារបាក់បែក។ បុរសនោះមានឈ្មោះថា Ahmet Citim។ លោកបានកប់នៅក្នុងគំនរអាគារនេះអស់រយៈពេល ៣៣ ម៉ោង។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Izmir នេះកាលពីល្ងាចថ្ងៃសៅរ៍ ដែលនៅទីនោះ លោកបានសន្យាថា រដ្ឋាភិបាលនឹងជួយជនរងគ្រោះដែលបាត់បង់ផ្ទះសម្បែង ដោយការផ្ដល់កន្លែងស្នាក់នៅបណ្ដោះអាសន្ន និងថ្លៃជួល និងការចាប់ផ្ដើមសាងសង់អាគារថ្មី។
គ្រោះរញ្ជួយដីដ៏ប្រល័យដែលមានកម្លាំង ៧ លើរង្វាស់វ៉ិចទ័រ នេះ មានប្រភពចេញពីខ្សែបន្ទាត់នៃស្រទាប់ផែនដីប្រវែង ២៥០ គីឡូម៉ែត្រនៅក្នុងសមុទ្រជិតកោះ Samos របស់ប្រទេសក្រិក ដោយរញ្ជួយនៅទូទាំងសមុទ្រ Aegean ដែលបែងចែកប្រទេសតួកគីជាមួយនឹងប្រទេសក្រិក។
នៅប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីគ្រោះរញ្ជួយដីនេះបានកើតឡើង នាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis បានទូរស័ព្ទដោយកម្រមានទៅលោក Erdogan ដើម្បីចូលរួមរំលែកទុក្ខឈឺចាប់នេះ។
លោក Mitsokakis បានសរសេរនៅលើ Twitter ដូច្នេះថា៖ «ទោះបីជាពួកយើងមានការខ្វែងគំនិតគ្នាក៏ដោយ នេះគឺជាពេលដែលមនុស្សត្រូវរួមសហការគ្នា»។
លោក Erdogan បានឆ្លើយតបវិញនៅលើ Twitter ថា៖ «ប្រទេសជិតខាងពីរបង្ហាញនូវសាមគ្គីភាព និងការគាំទ្រក្នុងគ្រាលំបាក គឺមានតម្លៃជាងអ្វីៗជាច្រើននៅក្នុងជីវិតទៅទៀត»។
សហរដ្ឋអាមេរិកបានសាទរនូវទំនាក់ទំនងបែបការទូតក្នុងគ្រារញ្ជួយដីនេះរវាងក្រិកនិងតួកកី និងបានត្រៀមលក្ខណៈជួយប្រទេសទាំងពីរ៕