ការ​ប្រជុំ​បន្ទាន់​ធ្វើឡើង​នៅក្នុង​ប្រទេស​តួកគី​បន្ទាប់ពី​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ

ប៉ូលិសកងកំលាំងពិសេសជនជាតិតួកគីឈរពីមុខអាគារដែលរងការប៉ះទង្គិចមួយ។

ប្រធានាធិបតី​តួកគី Recep Tayyip Erdogan បាន​ជួបប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​នៅ​ព្រឹក​ថ្ងៃពុធ​នេះ បន្ទាប់ពី​មាន​រដ្ឋប្រហារ​ប៉ុនប៉ង​ទម្លាក់​រូប​លោក​ចេញ​ពី​តំណែង​កាលពី​សប្តាហ៍​មុន។

លោក​បាន​ជួប​ជាមួយ​គណរដ្ឋមន្រ្តី​របស់​លោក​នៅឯ​ពេល​បញ្ចប់​នៃ​កិច្ចប្រជុំ​ស្តីពី​បញ្ហា​សន្តិសុខ។

កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រុមប្រឹក្សា​អប់រំ​កំរិត​ឧត្តមសិក្សា​របស់​ប្រទេស​តួកគី​បាន​ប្រកាស​ហាម​ឃាត់​អ្នកសិក្សា​ស្រាវជ្រាវ​មិនឲ្យ​ធ្វើដំណើរ​ទៅ​បរទេស និង​ជំរុញ​ដល់​អ្នកសិក្សា​ស្រាវជ្រាវ​ដែល​កំពុង​ស្នាក់នៅ​បរទេស​ឲ្យវិល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​ជា​បន្ទាន់។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​តួកគី​បាន​រាយការណ៍​ថា ក្រសួង​អប់រំ​បាន​បញ្ឈប់​ការងារ​គ្រូបង្រៀន ចំនួន ១៥២០០នាក់ នៅ​ទូទាំង​ប្រទេស ក្រសួង​មហាផ្ទៃ​បាន​បញ្ឈប់​បុគ្គលិក​របស់​ខ្លួន​ជិត ៩០០០នាក់ ក្រសួង​ហិរញ្ញវត្ថុ​បាន​បញ្ឈប់​បុគ្គលិក​របស់​ខ្លួន​ចំនួន ១៥០០នាក់។ រីឯ​ក្រសួង​កិច្ចការ​សាសនា ក្រសួង​គោលនយោបាយ​សង្គម និង​ការិយាល័យ​នាយករដ្ឋមន្រ្តី បាន​បញ្ឈប់​បុគ្គលិក​របស់ខ្លួន​អស់​ជាច្រើន​រយ​នាក់​ផ្សេង​ទៀត។

ការ​បញ្ឈប់​នេះ​ធ្វើ​ឡើង​បន្ថែម​ទៅលើ​ចំនួន​មនុស្ស​ប្រហែល ៩០០០នាក់ ដែល​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា ប្រទេស​តួកគីបាន​ឃុំ​ខ្លួន​ពាក់ព័ន្ធ​នឹង​បទសង្ស័យ​ថា​បាន​ចូលរួម​នៅក្នុង​ការ​ប៉ុនប៉ង​ទម្លាក់ រដ្ឋាភិបាល​លោក​ប្រធានាធិបតី Erdogan។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Barack Obama បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​ការ​ស៊ើបអង្កេត​អំពី​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កាលពី​សប្តាហ៍​មុន​នេះ។

សេតវិមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា លោក Barack Obama និង​លោក Erdogan បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។ លោក Obama បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សហរដ្ឋអាមេរិក​នឹង​ផ្តល់​ការ​ជួយ​ជ្រោមជ្រែង​ដ៏​សមហេតុ​សមផល​ដល់​ការ​ស៊ើបអង្កេត​នេះ៕