នៅថ្ងៃសៅរ៍នេះ នៅពេលប្រទេសតួកគីបានធ្វើការវាយប្រហារនៅតំបន់ចំនួនពីរ លោកនាយករដ្ឋមន្ត្រីប្រទេសនេះនិយាយថា កងទ័ពតួកគីនៅតែបន្តវាយប្រហារដែលបានចាប់កាលពីថ្ងៃសុក្រម្សិលមិញលើពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី។ ក្រៅពីនេះ ប្រទេសតួកគីបានចាប់ផ្តើមយុទ្ធនាការវាយប្រហារតាមអាកាសនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់លើពួកក្រៅច្បាប់ គឺគណបក្សពលករ Kurd ហៅកាត់ថា PKK។
ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Ahmet Davutoglu បានចេញសេចក្តីថ្លែងការណ៍ថា ការវាយប្រហារទាំងនេះមានគោលដៅកម្ចាត់ពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមដែលជាក្រុមភេរវកម្មនៅប្រទេសស៊ីរី និងក្រុមភេរវកម្ម PKK នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
កាវាយប្រហារលើពួកPKK ដោយប្រទេសតួកគីនៅប្រទេសអ៊ីរ៉ាក់គឺជា ការវាយប្រហារតាមអាកាសលើកទីមួយលើពួក Kurds នៅប្រទេសអ៊ីរ៉ាក់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពប្រកាសកាលពីឆ្នាំ២០១៣មក។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលនិយាយថា យន្តហោះចម្បាំងរបស់តួកគីបានវាយចំជម្រករបស់ពួក PKK ឃ្លាំង និងគោលដៅភស្តុភារមួយចំនួនទៀត។
លោក Bakhtiar Dogan អ្នកនាំពាក្យក្រុមPKKប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងថា យន្តហោះរបស់តួកគីបានវាយប្រហារលើទីតាំងរបស់ខ្លួននៅជិតព្រំដែន ដោយមានជំនួយដោយការបាញ់កាំភ្លើងធំផងដែរ៕