ប្រទេសតួកគីបានចោទប្រកាន់ប្រទេស អារ៉ាប៊ីសាអូឌីត (Saudi Arabia) ថាបានបញ្ជូនភ្នាក់ងារសម្ងាត់របស់ខ្លួនមកកាន់ទីក្រុង Istanbul កាលពីខែមុន ក្នុងគោលបំណងដ៏បើកចំហមួយ ដើម្បីលុបបំបាត់ភស្តុតាងក្នុងករណីធ្វើឃាតអ្នកសារព័ត៌មានម្នាក់គឺលោក Jamal Khashoggi នៅក្នុងស្ថានកុងស៊ុលទីក្រុង Riyahd។
ថ្លែងដោយលាក់អត្តសញ្ញាណពិតរបស់លោក មន្ត្រីតួកគីម្នាក់ បានបញ្ជាក់ក្នុងសេចក្តីរាយការណ៍មួយរបស់កាសែត Sabah នៅតួកគី ដែលស្និទ្ធនឹងរដ្ឋាភិបាលតួកគី ថា អ្នកជំនាញខាងគីមីម្នាក់ គឺលោក Ahmad Abdulaziz al-Janobi និងអ្នកជំនាញខាងជាតិពុលម្នាក់ គឺលោក Khaled Yahya al-Zahrani បានចូលរួមជាមួយមនុស្សមួយក្រុម ដែលត្រូវបានបញ្ជូនពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីស៊ើបអង្កេតលើករណីធ្វើឃាតលោក Khashoggi ដែលបានកើតឡើងកាលពីថ្ងៃទី ២ ខែតុលា កន្លងទៅនេះ។
សេចក្តីរាយការណ៍របស់កាសែត Sabah បានអះអាងថា អ្នកជំនាញទាំងពីរនាក់នេះ បានចូលពិនិត្យស្ថានកុងស៊ុលជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃដែលពួកគេបានមកដល់ប្រទេសតួកគី គឺចាប់ពីថ្ងៃទី១១ ខែតុលា រហូតដល់ថ្ងៃទី១៧ ខែតុលា ដោយគេឃើញមាន មន្ត្រីសមត្ថកិច្ចអារ៉ាប៊ីសាអូឌីត បានអនុញ្ញាតឲ្យក្រុមអ្នកស៊ើបអង្កេតតួកគី ចូលត្រួតពិនិត្យស្ថានកុងស៊ុល នៅថ្ងៃទី១៥ ខែតុលាកន្លងទៅ។
មន្ត្រីតួកគីរូបនេះបាននិយាយថា «យើងជឿថា បុគ្គលទាំងពីរនាក់នេះមកប្រទេសតួកគីគឺដើម្បីតែបិទបាំងភស្តុតាងនៃឃាតកម្មលើលោក Jamal Khashoggi នៅមុនពេលដែលប៉ូលិសតួកគីត្រូវបានអនុញ្ញាតឲ្យធ្វើការស្រាវជ្រាវនៅក្នុងអគារនេះ»៕