ពួកអ្នករត់ពន្ធគ្រឿងញៀនដែលកំពុងព្យាយាមយកថ្នាំញៀនចូលក្នុងទីផ្សារដែលទទួលបានប្រាក់យ៉ាងច្រើននៅក្នុងសហរដ្ឋអាមេរិកបានធ្វើផ្លូវសម្ងាត់គ្រប់បែបយ៉ាងដើម្បីដឹកជញ្ជូនទំនិញខុសច្បាប់របស់ពួកគេ។ កលល្បិចមួយគឺដឹកជញ្ជូនតាមក្រោមដី។
នៅឯព្រំដែនសហរដ្ឋអាមេរិកនិងម៉ិកស៊ិក ផ្លូវក្រោមដីជាមធ្យោបាយដ៏មានប្រជាប្រិយ ភាពបំផុតនៃការដឹកជញ្ជូនកញ្ឆាខុសច្បាប់។ ចាប់តាំងពីឆ្នាំ១៩៩០មក ផ្លូវក្រោមដីជាង២២០បានត្រូវគេរកឃើញនៅទីនោះ រួមមាន៦០នៅក្នុងតំបន់មួយដែលត្រួតត្រាដោយ ការិយាល័យត្រួតពិនិត្យព្រំដែនក្រុង San Diegoសហរដ្ឋអាមេរិកផង។
លោកJose Hernandez អ្នកនាំពាក្យទីភ្នាក់ងារត្រួតត្រាព្រំដែនបានធ្វើការពន្យល់ពីការទាក់ទាញពួកជួញដូរថ្នាំញៀនថា «អស់លោក អ្នក ឃើញទេ តំបន់នេះជាតំបន់ឧស្សាហកម្ម»។
លោកបាននិយាយទៀតថា «យើងឃើញឃ្លាំងជាច្រើនហើយរថយន្តជាច្រើនបានឆ្លងកាត់។ វាជាការធម្មតាដែលឃើញរថយន្តទាំងនោះនៅម៉ោង២ថ្ងៃត្រង់ឬ២ព្រឹក។ការណ៍នេះបានកើតមានឡើងជាច្រើនដង។ ដូច្នេះ អ្វីដែលពួកអ្នកជួញដូរថ្នាំញៀនធ្វើគឺពួកគេលាក់ក៏ប៉ុន្តែគេនៅតែឃើញដដែល»។
រដ្ឋបាលប្រឆាំងថ្នាំញៀនអាមេរិក បានប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press នៅដើមឆ្នាំនេះថា ពួកអ្នកជួញដូរថ្នាំញៀននឹងចំណាយប្រាក់យ៉ាងច្រើនរហូតដល់២លានដុល្លារដើម្បីធ្វើរូងក្រោមដីក្នុងក្តីសង្ឃឹមនឹងបានទទួលប្រាក់ចំណេញយ៉ាងច្រើនមកវិញ៕