ការ​ចោទសួរ​ពី​ទំនាក់ទំនង​រវាង​លោក​ត្រាំ​ និង​រុស្សី​ត្រូវ​បាន​ធ្វើ​ឡើង​អំឡុងពេល​វេទិកា​សាធារណៈ

លោកដូណាល់ ត្រាំ ជួបជាមួយ​នឹង​រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី​លោក Sergey Lavrov នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពីថ្ងៃ​ពុធ ទី១០ ខែ​ឧសភា ឆ្នាំ​២០១៧។

ទោះ​បី​ជា​ប្រធាន​សភា​តំណាងរាស្រ្ត​លោក Paul Ryan ចង់​ផ្តោត​លើ​ដោះស្រាយ​បញ្ហា​កំណែទម្រង​ពន្ធដារ​ ក៏​ដោយ​ក៏​​ការ​ផ្តោតចម្បង​នោះ​គឺ​ នៅ​តែ​មាន​ទំនោរ​ទៅ​លើ​ប្រទេស​រុស្ស៊ី។

សភា​តំណាងរាស្រ្ត​អាមេរិក​វិល​ត្រលប់​មក​ធ្វើ​ការ​នៅ​វិមាន​រដ្ឋសភា Capitol Hill វិញ​ បន្ទាប់​ពី​មាន​រឿង​ដ៏​ចម្រូងចម្រាស​បង្ក​ឡើង​ដោយ​ការ​បណ្តាញ​ចេញ​ប្រធាន​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធលោក James Comey ដោយ​លោក​ប្រធានាធិបតី​ត្រាំ កាល​ពី​ថ្ងៃ​អង្គារ ទី០៩ ខែ​ឧសភា​នេះ។ រឿងរ៉ាវ​ចម្រូងចម្រាស​ផ្នែក​នយោបាយ​នេះ​ បាន​បង្ក​ឲ្យ​បាន​ការ​អំពាវនាវ​សារ​ជាថ្មី​ពី​សំណាក់​តំណាងរាស្រ្ត​គណបក្ស​ប្រជាធិបតេយ្យ​ ដោយ​ជំរុញ​ឲ្យ​តំណាងរាស្រ្ត​គណបក្ស​សាធារណរដ្ឋ​ ផ្តល់​មូលនិធិ និង​បង្កើត​ជា​ការ​ស៊ើបអង្កេតឯករាជ្យ​មួយ។

ភាព​ខឹង​សម្បារ​មាន​ពាសពេញ​ផ្ទៃ​ប្រទេស....

បុរស​ម្នាក់​នៅ​ក្នុង​វេទិកា​សាធារណៈ​បាន​ស្រែក​សួរ​យ៉ាង​គំហក​ថា៖ «ហេតុអ្វី​លោក​មើល​មិន​ឃើញ លោក​តំណាងរាស្រ្ត?»

ស្រប​ពេល​ដែល​តំណាងរាស្រ្ត​ប្រឈម​នឹង​សំណួរ​ពិបាកៗ​ពី​សំណាក់​ក្រុម​អ្នក​បោះឆ្នោត...

ជាមួយ​នឹង​សំឡេង​ស្រែក​បន្ត​ពី​ក្រោយ​ថា៖ «សូម​ឆ្លើយ​ចម្លើយ​ចុង​ក្រោយ​នេះ!»

.... នេះ គឺ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​ត្រាំ​អបអរសាទរ​ជ័យជម្នះ​ក្នុង​ការ​អនុម័ត​កញ្ចប់​ច្បាប់​ធានារ៉ាប់រង​សុខភាព​នៅ​សភា​តំណាងរាស្រ្ត។

ហើយ​ស្របពេល​ដែល​អ្នក​បោះឆ្នោត​មួយ​ចំនួន​ចាត់ទុក​តំណាងរាស្រ្ត​គណបក្ស​សាធារណរដ្ឋ​ថា មាន​ការ​ទទួលខុសត្រូវពី​ក្រោយ​ការបោះឆ្នោត​ឲ្យ​អនុម័ត​កញ្ចប់​ច្បាប់​នោះ...

តំណាងរាស្រ្ត​ម្នាក់​បាន​និយាយ​ថា៖ «ខ្ញុំ​ឮ​អំពី​ការ​រិះគន់»។

...ការ​បណ្តេញ​លោក​ James Comey ចេញ​ពី​តំណែង​ដោយ​លោក​ប្រធានាធិបតី​ត្រាំ​ក៏​បាន​បង្ក​ឲ្យ​មាន​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​ផងដែរ។

តំណាងរាស្រ្ត​មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក Tom Macarthur និយាយ​ថា៖ «ចម្លើយ​គឺ​ថា ទេ។ មិនទាន់​ទេ»។

ចម្លើយ​មិន​ស៊ីជម្រៅ​ពី​តំណាងរាស្រ្ត​គណបក្ស​សាធារណរដ្ឋ​រូប​នេះ គឺ​មិន​គ្រប់គ្រាន់​ទេ ស្របពេល​ដែល​មាន​ការ​តឹងតែង​ចិត្ត​យ៉ាង​ខ្លាំង​នៅ​អំឡុងពេល​វេទិកាសាធារណៈ​នៅ​រដ្ឋ New Jersey។

«តើ​លោក​ និង​តំណាងរាស្រ្ត​គណបក្ស​សាធារណរដ្ឋ​ឯទៀត​នឹង​ការពារ​សុបិន្ត​អាក្រក់​ដែល​កើត​មាន​លើ​ជនជាតិ​អាមេរិក​ យូរប៉ុណ្ណា​ទៅ​មុខ​ទៀត? លោក Mitch McConnell? សូម​បើក​ភ្នែក​ឡើង»។

​នៅ​ឯ​វេទិកា​សាធារណៈ​ឯ​ទៀត​ជុំវិញ​ប្រទេស​ ដូចជា វេទិកា​មួយ​នៅ​រដ្ឋ Iowa តំណាងរាស្រ្ត​គណបក្ស​សាធារណរដ្ឋ​គឺ​គ្រាន់​តែ​និយាយ​ការពារ​លោក​ប្រធានាធិបតី​តែ​ប៉ុណ្ណោះ។

តំណាងរាស្រ្ត​គណបក្ស​សាធារណរដ្ឋ​លោក Rod Blum និយាយ​ថា៖

«ខ្ញុំ​មិន​បាន​ដឹង​ឮ​ថា មាន​ភស្តុតាង​ណា​មួយ​សោះ​ឡើយ ដែល​បង្ហាញ​ពី​ការសមគំនិត​ជាមួយ​រុស្ស៊ី ឬ​ការ​សមគំនិត​រវាង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ត្រាំ​ជាមួយ​រុស្ស៊ី​ទេ»។

ប៉ុន្តែ​ក្រុម​អ្នករិះគន់​លោក​ត្រាំ​នៅ​សភា​ក៏​បាន​រងការ​រិះគន់​វិញ​ផងដែរ។ តំណាងរាស្រ្ត​គណបក្ស​ប្រជាធិបតេយ្យ​ លោក Maxine Waters ដែល​បាន​អំពាវនាវ​យ៉ាង​ខ្លាំងក្លា​ឲ្យ​មាន​ការ​ចោទប្រកាន់​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​លោក​ត្រាំ បាន​ប្តេជ្ញា​ថា ក្រុម​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី​នឹង​មិន​បង្អាក់​ដំណើរការ​វេទិកា​សាធារណៈ​របស់​លោក​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ពួកគេ​មិន​អាច​ធ្វើ​ដូចនោះ​បាន​ទេ!»

ទោះ​បី​ជា​ប្រធាន​សភា​តំណាងរាស្រ្ត​លោក Paul Ryan ចង់​ផ្តោត​លើ​ដោះស្រាយ​បញ្ហា​កំណែទម្រង​ពន្ធដារ​ ក៏​ដោយ​ក៏ការ​ផ្តោតចម្បង​នោះ​គឺ​ នៅ​តែ​មាន​ទំនោរ​ទៅ​លើ​ប្រទេស​រុស្ស៊ី៕