លោក Trump និង​លោក Zelenskyy នឹង​ជួប​គ្នា​នៅ​សេតវិមាន​នៅ​ថ្ងៃ​សុក្រ​នេះ

  • ​Reuters

រូបឯកសារ៖ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ចាប់ដៃជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅវិហារ Notre Dame ថ្ងៃទី៧ ខែធ្នូឆ្នាំ ២០១៤ នៅទីក្រុងប៉ារីស។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy គ្រោង​នឹង​ជួប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ទាក់ទង​នឹងធនធាន​រ៉ែ​របស់​អ៊ុយក្រែន​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ការ​គាំទ្រ​របស់​អាមេរិក​ក្នុង​ការ​ប្រយុទ្ធនឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ នេះ​បើ​តាម​ការ​ផ្សាយរបស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

កិច្ចព្រមព្រៀង​រ៉ែ​ដែល​ត្រូវ​បាន​ចរចា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ នឹង​បើកលទ្ធភាព​ដល់​អាមេរិក​អាច​ទទួល​ធនធាន​រ៉ែ​របស់​អ៊ុយក្រែន ប៉ុន្តែ​មិន​ផ្តល់​ត្រឡប់​មក​វិញ​នូវ​ការ​ធានា​ខាង​សន្តិសុខ​របស់​អាមេរិក​ដល់​អ៊ុយក្រែន​ទេ ដែល​នេះ​ជា​ការ​ខក​ចិត្ត​មួយ​សម្រាប់​អ៊ុយក្រែន។

កិច្ច​ព្រមព្រៀង​នេះផ្តល់​សិទ្ធិ​ឱ្យ​ក្រុង​វាស៊ីនតោន​អាច​យក​មក​វិញ​នូវ​ថវិកា​រាប់​ពាន់លាន​ដុល្លារ​ជា​ថ្លៃ​ចំណាយ​លើ​គ្រឿង​សព្វាវុធ​ដែល​អាមេរិក​បាន​ផ្តល់​ដល់​អ៊ុយក្រែន តាម​រយៈ​ការ​បង្កើត​មូលនិធិ​វិនិយោគ​មួយ​ដែល​ភ្ជាប់​នឹង​ការ​លក់​ធនធាន​រ៉ែ rare earth ឬ​ប្រែ​ថា​ដីកម្រ​របស់​អ៊ុយក្រែន។

របាយការណ៍​មួយ​របស់​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ CSIS បាន​រក​ឃើញ​ថា ប្រមាណ​២ភាគ​៣​នៃ​ថវិកា​ដែល​ត្រូវ​បាន​សភា​អាមេរិក​បម្រុង​ទុកសម្រាប់​អ៊ុយក្រែន ត្រូវ​បាន​ចាយ​វាយ​នៅ​ក្នុង​ប្រទេស​អាមេរិក។ អ៊ុយក្រែន​សង្ឃឹម​ថា​កិច្ចព្រមព្រៀង​នេះ​ជំរុញ​ការ​គាំទ្រ​របស់​លោក​ Trump ចំពោះ​កិច្ចប្រឹងប្រែងក្រុង​កៀវ​ក្នុង​ការ​ដណ្តើម​កាន់កាប់​មក​វិញ​នូវដែនដី​ខ្លួន​ដែល​រុស្ស៊ី​បាន​វាយ​យក។ កិច្ចព្រមព្រៀង​ថ្មី​នេះ​ក៏​អាច​ជំរុញ​ឱ្យ​សមាជិក​សភាអាមេរិក​ពី​គណបក្ស​សាធារណរដ្ឋ​អាចគាំទ្រ​ដល់​ជំនួយ​ថ្មី​ទៀត​ដល់​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ។

លោក Trump បាន​កត់​សម្គាល់​ថា​លោក​លោក រីករាយ​នឹង​ជួប​លោក Zelensky ហើយ​បាន​សរសើរ​យោធា​អ៊ុយក្រែន​ថា​មាន​ភាព​ក្លាហាន៕