អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានយកឈ្នះលើអតីតអភិបាលរដ្ឋ South Carolina អ្នកស្រី Nikki Haley នៅក្នុងការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនៅរដ្ឋ New Hampshire។
លោក Trump ត្រូវបានគេប្រកាសថាជាអ្នកឈ្នះភ្លាមៗបន្ទាប់ពីការបោះឆ្នោតបានបិទបញ្ចប់ទៅនៅក្នុងរដ្ឋ New Hampshire។ បន្ទាប់ពីមណ្ឌលបោះឆ្នោត ២២% បានរាយការណ៍អំពីលទ្ធផលបោះឆ្នោតមក លោក Trump បានទទួលសំឡេងគាំទ្រចំនួន ៣៨.៧៥៥ ដែលស្មើនឹងចំនួន ៥២,៥% រីឯអ្នកស្រី Haley វិញទទួលបានសំឡេងគាំទ្រចំនួន ៣៤.៤៤៤ ដែលស្មើនឹងចំនួន ៤៦,៦%។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
អភិបាលរដ្ឋ Florida លោក Ron DeSantis ដែលបានបញ្ចប់ការប្រកួតប្រជែងរបស់លោកកាលពីយប់ថ្ងៃអាទិត្យ ទទួលបានសំឡេងគាំទ្រចំនួន ៤៤២ ដែលស្មើនឹងចំនួន ០,៦%។
កម្រិតខុសគ្នាចុងក្រោយនៃលទ្ធផលបោះឆ្នោតនេះនៅមិនទាន់ច្បាស់នៅឡើយ ប៉ុន្តែគេទំនងជានឹងឃើញមានការកើនឡើងនៃការអំពាវនាវពីសំណាក់សមាជិកគណបក្សសាធារណរដ្ឋខ្លះឱ្យអ្នកស្រី Haley បញ្ចប់ការប្រកួតប្រជែងរបស់អ្នកស្រី។
កាលពីព្រឹកថ្ងៃអង្គារ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់អ្នកស្រី Haley បានសន្យាថាអ្នកស្រីនឹងនៅបន្តប្រកួតប្រជែងទៀតរហូតដល់ពេលបោះឆ្នោតបឋមតាមរដ្ឋជាច្រើនក្នុងថ្ងៃតែមួយ ដែលគេហៅថា Super Tuesday នៅថ្ងៃទី ៥ ខែមីនាខាងមុខ ដែលនៅពេលនោះរដ្ឋចំនួន ១៦ នឹងរៀបចំការបោះឆ្នោតបឋមនេះ។
គណបក្សប្រជាធិបតេយ្យនៅរដ្ឋ New Hampshire ក៏រៀបចំការបោះឆ្នោតបឋមផងដែរកាលពីថ្ងៃអង្គារ ប៉ុន្តែឈ្មោះរបស់លោកប្រធានាធិបតី Joe Biden មិនមាននៅលើសន្លឹកឆ្នោតទេ ដោយសារគណបក្សប្រជាធិបតេយ្យមានបំណងមិនចង់រៀបចំការបោះឆ្នោតបឋមដំបូងនៅក្នុងរដ្ឋ New Hampshire នេះ ដោយចង់ធ្វើនៅរដ្ឋ South Carolina មុនដំបូងគេបង្អស់វិញ។
ប៉ុន្តែ សមាជិកគណបក្សប្រជាធិបតេយ្យនៅរដ្ឋ New Hampshire បានបញ្ជាក់ថា ច្បាប់រដ្ឋនេះតម្រូវឱ្យពួកគេរៀបចំការបោះឆ្នោតបឋមមុនគេនៅក្នុងរដ្ឋនេះ ដូច្នេះពួកគេក៏បានរៀបចំការបោះឆ្នោតនោះទៅ។ ហេតុដូចនេះហើយ កាលពីថ្ងៃអង្គារម្សិលមិញ អ្នកបោះឆ្នោតណាដែលចង់គាំទ្រលោក Biden ត្រូវសរសេរឈ្មោះរបស់លោកនៅលើសន្លឹកឆ្នោត៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។