អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានឈ្នះការបោះឆ្នោតបឋមនៅរដ្ឋ Iowa កាលពីយប់ថ្ងៃចន្ទ។ នេះជាការបោះឆ្នោតនៅរដ្ឋដំបូងនៃការប្រកួតប្រជែងពីរដ្ឋមួយទៅរដ្ឋមួយដែលគណបក្សសាធារណរដ្ឋធ្វើឡើងដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីរបស់ខ្លួនដើម្បីទៅតទល់ជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។
លោក Trump ទទួលបានសំឡេងគាំទ្រជាងពាក់កណ្ដាលក្នុងចំនួនប្រហែល ៥១%។ អភិបាលរដ្ឋ Florida លោក Ron DeSantis ទទួលបានសំឡេងគាំទ្រទីពីរក្នុងចំនួន ២១%។ រីឯអតីតអភិបាលរដ្ឋ South Carolina អ្នកស្រី Nikki Haley វិញទទួលបានសំឡេងគាំទ្រចំនួន ១៩%។
លោក Trump បានប្រាប់ក្រុមអ្នកគាំទ្ររបស់លោកនៅក្នុងសុន្ទរកថាអំពីជ័យជម្នះរបស់លោកនៅក្នុងទីក្រុង Des Moines នៃរដ្ឋ Iowa ថា៖ «នេះជាបទពិសោធដ៏អស្ចារ្យមួយ។ គេនិយាយថាប្រសិនបើអ្នកឈ្នះបានចំនួន ១២% នោះគឺជាការឈ្នះដ៏ធំមួយហើយ ហើយវាពិបាកនឹងឈ្នះបានចំនួនប៉ុននេះណាស់។ ប៉ុន្តែ ខ្ញុំគិតថាខ្ញុំបានឈ្នះជាងទ្វេដងលើសនោះទៅទៀត»។
តួលេខដែលបេក្ខជននីមួយៗនឹងត្រូវតាមដាននៅទូទាំងដំណើរការជ្រើសរើសបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនេះគឺចំនួនប្រតិភូដែលពួកគេទទួលបាន ដោយការបោះឆ្នោតនៅរដ្ឋនីមួយៗកំណត់អំពីចំនួនប្រតិភូដែលត្រូវបែងចែកទៅឱ្យបេក្ខជនម្នាក់ៗនៅក្នុងការប្រកួតប្រជែងរបស់ពួកគេដើម្បីបានប្រតិភូចំនួន ១.២១៥ រូប ដែលជាចំនួនត្រូវការដើម្បីឈ្នះបានសំឡេងភាគច្រើន។
បើនិយាយអំពីសារៈសំខាន់នៃរដ្ឋ Iowa ដែលជារដ្ឋប្រកួតប្រជែងដំបូងនេះគឺចំនួននេះតិចតួចណាស់បើប្រៀបធៀបជាមួយនឹងរដ្ឋផ្សេងទៀតទាក់ទិននឹងចំនួនប្រតិភូ។ នៅក្នុងរដ្ឋនេះ លោក Trump បានឈ្នះដោយទទួលបានប្រតិភូចំនួន ២០ រូប លោក DeSantis ទទួលបាន ៨ រូប ហើយអ្នកស្រី Haley ទទួលបាន ៧ រូប។
បេក្ខជនកំពូលទាំង ៣ ខាងគណបក្សសាធារណរដ្ឋនេះមានទំនុកចិត្តចំពោះការប្រកួតប្រជែងនេះនៅក្រោយការបោះឆ្នោតបឋមកាលពីថ្ងៃចន្ទ នៅពេលដែលពួកគេសម្លឹងឆ្ពោះទៅការប្រកួតប្រជែងបន្ទាប់នៅរដ្ឋ New Hampshire នៅសប្ដាហ៍ក្រោយ និងនៅរដ្ឋ South Carolina នៅខែកុម្ភៈ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និងទីភ្នាក់ងារសារព័ត៌មាន Reuters។