ជ័យជម្នះ​របស់​លោក​ Trump ជំរុញ​ឲ្យលោក​ Cruz លះ​បង់​ការ​ប្រកួត

បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណ​រដ្ឋ​លោកTed Cruz ព្រម​ជាមួយ​នឹង​ប្រពន្ធ​របស់​លោក អ្នកស្រី Heidi បានបោះ​បង់​ការ​ប្រកួត​ជា​ផ្លូវ​ការ​នៅ​ Indianapolis បន្ទាប់​ពី​ត្រូវ​បានចាញ់​ក្នុង​ការ​បោះ​ឆ្នោត​បឋម​កាល​ពី​ថ្ងៃ​ទី​០៣ មេសា ២០១៦។

ប្រធាន​គណៈ​កម្មាធិការ​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ ​បាន​ហៅលោក Donald Trump ថា​ជាបេក្ខជន​តំណាង​ឲ្យគណបក្ស​សម្រាប់​ការ​ការ​ឈរ​ឈ្មោះ​ជាបេក្ខជន​ប្រធានា​ធិបតី​បន្ទាប់​ពី​លោក ​បាន​ទទួល​ជ័យ​ជំនះនៅ​ក្នុង​ការ​បោះឆ្នោត​បឋមកាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​រដ្ឋ Indiana។

លោកTrump បាន​ទទួល​សន្លឹក​ឆ្នោត​៥៣​ ភាគរយ ​ដោយ​លោក Ted Cruz សមា​ជិក​ព្រឹទ្ធ​សភា​រដ្ឋតិចសាស ​ស្ថិត​ក្នុង​លំដាប់​ទី​២​ដោយ​បាន​ទទួលសន្លឹក​ឆ្នោត​៣៧ ​ភាគរយ​ហើយ​លោក John Kasichអភិបាល​រដ្ឋ Ohio ស្ថិត​នៅ​ពីក្រោយឆ្ងាយ​ដោយ​បាន​ទទួល​សន្លឹក​ឆ្នោត​៧​ភាគរយ។

ក្រោយ​ពី​មិន​បានទទួល​ជ័យ​ជម្នះ នៅ​ក្នុង​រដ្ឋ​ដ៏​សំខាន់​នេះដើម្បី​បញ្ឈប់​លោក Trump កុំ​ឲ្យ​ទទួល​បាន​ប្រតិភូ​គ្រប់​គ្រាន់​ដើម្បី​ក្លាយ​ជា​បេក្ខជន​ឈរឈ្មោះ ​ប្រធានា​ធិបតី ​លោក Cruzបាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួតប្រជែង។​ លោក​បាន​ប្រាប់​អ្នកគាំទ្រ​របស់​លោក​ថា «ផ្លូវឆ្ពោះ​ទៅ​កាន់​ជ័យ​ជម្នះរបស់​លោក ​បាន​បិទ​ហើយ» ​ហើយ​អ្នក​បោះឆ្នោត ​បាន​ធ្វើ​ការ​ជ្រើសរើស​ផ្សេង​។

លោក Trump ​បាន​ហៅ​ការ​ឈ្នះ​របស់​លោក​នៅ​ក្នុង​រដ្ឋ Indiana ថា​ជាជ័យ​ជម្នះដ៏​អស្ចារ្យ​។ ​លោក ​បាន​អបអរ​លោក Cruz ដោយ​និយាយ​ថា​លោក​និង​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ផ្សេងទៀត ​ជា​អ្នក​ប្រកួតប្រជែង​មាន​ភាព​វ័យឆ្លាត​និង​ស្វិតស្វាញ។ លោក Trump ក៏​បាន​អំពាវនាវ​ឲ្យ​មានសាមគ្គីភាព​នៅ​ក្នុង​គណបក្សផងដែរ។

លោក Reince Priebus ប្រធាន​គណៈកម្មា​ធិការ​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ ​មាន​មតិស្រដៀង​គ្នា​នេះ​ដែរ​កាល​ពី​យប់​ថ្ងៃ​អង្គារ ​ដោយ​និយាយ​ថា​គណបក្ស​សាធារណរដ្ឋ ​ត្រូវតែ​រួបរួម​គ្នា​ដើម្បីផ្តួល​លោកស្រី Hillary Clinton ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោតសាកល​នៅ​ក្នុងខែ​វិច្ឆិកា។

អ្នកនាំ​ពាក្យ​លោក Kasichអភិបាល​រដ្ឋ Ohio ​បាន​និយាយ​ថា លោក​អភិបាល​រដ្ឋ ​នៅ​តែ​មាន​បំណង​ប្រយុទ្ធ​នៅ​ឯសន្និបាតរបស់​គណបក្ស​សាធារណរដ្ឋ​នៅខែ កក្កដា​ដែល​នៅទីនោះលោក ​សង្ឃឹម​ថា ​នឹង​ត្រូវ​បាន​ទទួលការតែងតាំង​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ទី​២​ឬ​លើកទី៣៕