លោកស្រី Yates បានប្រាប់គណៈកម្មការមួយរបស់ព្រឹទ្ធសភាថា លោកស្រីបានប្រាប់សេតវិមានឲ្យដឹងជាមុនជាង២សប្តាហ៍មុនពេលប្រធានាធិបតី ដូណាល់ ត្រាំបានបណ្តេញលោក Flynn ចំពោះការភូតកុហកអំពីការទាក់ទងជាមួយ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក។
លោកប្រធានាធិបតីត្រាំបានបណ្តេញលោកMichael Flynn កាលពីពាក់កណ្តាលខែកុម្ភៈបន្ទាប់ពីសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានបាននិយាយផុសផុលថា ទីប្រឹក្សាសន្តិសុខជាតិបានភូតកុហកលោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence។លោកស្រី Sally Yates បានប្រាប់ពួកសមាជិកព្រឹទ្ធសភាថា លោកស្រីបានប្រាប់ក្រុមប្រឹក្សាច្បាប់របស់សេតវិមានជាមុនអំពីស្ថានភាពនៅចុងខែមករា បន្ទាប់ពីលោកអនុប្រធានាធិបតី Pence បានថ្លែងខុសថា លោក Flynn មិនបានទាក់ទងជា មួយឯកអគ្គរដ្ឋទូតរុស្ស៊ីនោះ។លោកស្រី Sally Yatesអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ស្តីទីបានថ្លែងថា៖«លោកអនុប្រធានាធិបតីហើយនឹងមន្រ្តីផ្សេងទៀតមានសិទ្ធិដឹងថា ព័ត៌មានដែលពួកគេផ្តល់ទៅឲ្យប្រជាពលរដ្ឋអាមេរិ កាំងមិនពិត។ជនជាតិរុស្ស៊ីក៏បានដឹងអំពីអ្វីដែលឧត្តមសេនីយ Flynnបានធ្វើ ហើយប្រជាពលរដ្ឋរុស្ស៊ីក៏បានដឹងថា ឧត្តមសេនីយ Flynn បានភូតកុហកលោកអនុប្រធានាធិបតីដែរ»។
លោកស្រី Sally Yates បានថ្លែងអំពីអ្វីដែលជាការព្រួយបារម្ភថា«ការណ៍ធ្វើឲ្យមានស្ថានភាពសម្របសម្រួលជាស្ថានភាពដែលទីប្រឹក្សាសន្តិសុខជាតិ អាចត្រូវរុស្ស៊ីបានចាប់ធ្វើជាចំណាប់ខ្មាំង»។
ពួកមន្រ្តីជាន់ខ្ពស់សេតវិមានមុនៗបានពណ៌នាការព្រមានរបស់លោកស្រី Yates ថាជាការផ្តល់យោបល់ក្រៅផ្លូវការដែលមិនបណ្តាលឲ្យមានការកង្វល់ភ្លាមៗទេ។ប៉ុន្មានម៉ោងមុនសវនាការ សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានបានពណ៌នាថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានព្រមានលោកត្រាំអំពីភាពស្មោះត្រង់របស់លោក Flynn នៅក្នុងជំនួបមួយទើបតែប៉ុន្មានថ្ងៃបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកា ជាអ្វីដែលសេតវិមានបានបញ្ជាក់។
លោក Sean Spicer អ្នកនាំពាក្យសេតវិមានបាននិយាយថា៖ «លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានធ្វើឲ្យគេដឹងថា លោកមិនមែនជាអ្នកចូលចិត្តឧត្តមសេនីយ៍ Flynnប៉ុន្មានទេ។ប្រសិនបើ លោកប្រធានាធិបតីអូបាម៉ា ប្រាកដជាមានការព្រួយកង្វល់អំពីឧត្តមសេនីយ៍ Flynn មែន ហេតុអ្វីបានជាលោកមិនបញ្ឈប់ការឆែកឆេរមើលខាងសន្តិសុខរបស់លោក Flynnដែលពួកគេទើបតែបានផ្តល់ការយល់ព្រមម្តងទៀតកាលដើមខែមុន?»។
គណៈកម្មាធិការជាច្រើនរបស់សភាកំពុងធ្វើការស៊ើបអង្កេតពីបញ្ហានេះកាន់តែខ្លាំងឡើង។លោក Lindsey Graham សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋបាននិយាយថា៖«តើលោកស្រីបានដឹងពីភស្តុតាងដែលបញ្ជាក់ថា ក្នុងយុទ្ធនាការឃោស នាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ មានមនុស្សក្នុងយុទ្ធនាការរបស់លោកត្រាំ បានផ្សំគំនិតជាមួយរដ្ឋាភិបាលរុស្ស៊ីឬទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ីឬទេ?»។
លោកស្រី Sally Yates អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ស្តីទីបានឆ្លើយថា៖«ចម្លើយរបស់ខ្ញុំចំពោះសំណួរនេះនឹងតម្រូវឲ្យខ្ញុំបញ្ចេញព័ត៌មានសម្ងាត់ ដូច្នេះ ខ្ញុំមិនអាចឆ្លើយសំណួរនេះបានទេ»។
ក៏ប៉ុន្តែ យោងទៅតាមអតីតមន្រ្តីស៊ើបការណ៍សម្ងាត់ម្នាក់បានប្រាប់ឲ្យដឹងថា ច្បាស់ជាមានការដៅការវាយប្រហាររបស់រុស្ស៊ីទៅលើការបោះឆ្នោតប្រធានាធិបតីអាមេរិក។លោកJames Clapperអតីតនាយកទីភ្នាក់ងារជាតិស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេ រិកបានថ្លែងថា៖ «ប្រសិនបើ មានការអំពាវនាវឲ្យមានការប្រុងប្រយ័ត្ននិងចំណាត់ការ ពិតប្រាកដប្រឆាំងនឹងការគំរាមកំហែងដល់គ្រឹះនៃប្រព័ន្ធនយោបាយតាមបែបលទ្ធិប្រជាធិបតេយ្យរបស់យើងនោះ នេះជាព្រឹត្តិការណ៍ពិតប្រាកដ»។
លោក Clapper បានមានប្រសាសន៍ទៀតថា ជោគជ័យរបស់ប្រទេសរុស្ស៊ីកាលពីឆ្នាំទៅនឹងលើកទឹកចិត្តឲ្យរដ្ឋាភិបាលក្រុងម៉ូស្គូបន្តជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកនិងជុំវិញពិភពលោក៕
ប្រែសម្រួលដោយជឹង ប៉ូជីន