ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា ការវាយប្រហាររបស់យោធាអាមេរិកាំងណាមួយលើប្រទេសអ៊ីរ៉ង់នឹងធ្វើឡើងឲ្យមានសមាមាត្រគ្នាជាមួយនឹងការវាយប្រហារដែលធ្វើឡើងលើកន្លែងប្រេងក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
កាលពីរសៀលថ្ងៃចន្ទម្សិលមិញនៅឯទីធ្លាខាងត្បូងនៃសេតវិមាន នៅពេលដែលអ្នកកាសែតសួរអំពីការរិះគន់ដោយផ្ទាល់របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ដែលថាអ៊ីរ៉ង់ជាអ្នកវាយប្រហារលើកន្លែងប្រេងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត លោក Trump បានឆ្លើយថា៖ «ខ្ញុំគិតថា លោក Pompeo និងខ្ញុំគឺដូចគ្នា»។
លោក Trump បានបន្ថែមទៀតថា យើងនឹងដឹងថានរណាជាអ្នកទទួលខុសត្រូវ «ពិតប្រាកដនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ»។
កាលពីរសៀលថ្ងៃចន្ទម្សិលមិញនេះដែរ លោក Trump បានប្រាប់អ្នកកាសែតនៅក្នុងការិយាល័យរបស់លោកក្នុងអំឡុងពេលជួបប្រជុំជាមួយនឹងព្រះអង្គម្ចាស់រជ្ជទាយាទ Salman bin Hamad bin Isa Al Khalifa នៃប្រទេសបារ៉ែន ថា ទោះបីជាលោកមិនចង់មានសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់ក៏ដោយ ក៏ «សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់» សម្រាប់ជម្លោះ ជាងប្រទេសណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រ។
លោកបានបន្ថែមថា៖ «និយាយដូច្នេះគឺចង់មានន័យថា យើងប្រាកដជាមិនចង់មានសង្គ្រាមជាដាច់ខាត»។
នៅពេលដែលអ្នកកាសែតសួរលោក Trump ថាតើលោកមានបានសន្យាជាមួយនឹងប្រទេសអារ៉ាប៊ីសាអ៊ូឌីតថា សហរដ្ឋអាមេរិកនឹងការពារពួកគេដែរឬក៏យ៉ាងណានោះ លោកបានឆ្លើយយ៉ាងដូច្នេះថា៖ «ទេ ខ្ញុំមិនបានសន្យាជាមួយនឹងប្រទេសអារ៉ាប៊ីសាអ៊ូឌីតដូច្នេះទេ។ យើងត្រូវតែអង្គុយចុះពិភាក្សាជាមួយនឹងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងស្វែងរកដំណោះស្រាយ»។
លោក Trump បានប្រកាសថា លោក Pompeo និងមន្ត្រីអាមេរិកាំងផ្សេងទៀតនឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕