អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានតវ៉ាកាលពីថ្ងៃអាទិត្យថា ចៅក្រមសហព័ន្ធដែលត្រូវបានជ្រើសរើសដោយមិនបានព្រាងទុកដើម្បីកាន់សំណុំរឿងដែលចោទប្រកាន់លោកពីបទសមគំនិតបដិសេធបរាជ័យរបស់លោកក្នុងការបោះឆ្នោតឡើងវិញឆ្នាំ ២០២០នោះ នឹងមិនផ្តល់យុត្តិធម៌ដល់លោកទេ ហើយគួរតែដូរចេញ។
លោកក៏បាននិយាយផងដែរថា សំណុំរឿងនេះគួរតែត្រូវបានប្តូរចេញពីរដ្ឋធានីវ៉ាស៊ីនតោនដែលពលរដ្ឋបានបោះឆ្នោតយ៉ាងលើសលប់ប្រឆាំងនឹងលោក ហើយអនាគត គណៈវិនិច្ឆ័យនឹងត្រូវជ្រើសរើសពីក្នុងចំណោមអ្នកដែលបានចុះឈ្មោះបោះឆ្នោតនៅទីនោះ។
នៅលើគេហទំព័រ Truth Social របស់លោក លោក Trump បានសរសេរជាអក្សរពុម្ពធំៗថា៖ «គ្មានផ្លូវដែលខ្ញុំអាចទទួលបានការកាត់ក្តីដោយយុត្តិធម៌ពីចៅក្រម ដែលត្រូវបានចាត់តាំងទេ»។ លោកសរសេរដូច្នេះសំដៅចៅក្រមនៅរដ្ឋធានីវ៉ាស៊ីនតោនគឺអ្នកស្រី Tanya Chutkan ។
តុលាការនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ ទីភ្នាក់ងារសារព័ត៌មានReuters សុំការធ្វើអត្ថាធិប្បាយនោះទេ។
អ្នកស្រី Chutkan បានកាត់ទោសអ្នកគាំទ្រលោក Trump ទាំង៣៨នាក់ឱ្យជាប់គុកនៅក្នុងការជំនុំជម្រះរបស់អ្នកស្រីតាមការចោទប្រកាន់ពីបទល្មើសផ្សេងៗដែលកើតចេញពីតួនាទីរបស់ពួកគេនៅក្នុងកុប្បកម្មនៅថ្ងៃទី ៦ ខែមករាឆ្នាំ ២០២១ នៅពេលដែលអ្នកគាំទ្រលោក Trump ចំនួន ២.០០០ នាក់បានសម្រុកចូលវិមានសភាសហរដ្ឋអាមេរិកដើម្បីតវ៉ាប្រឆាំងនឹងការយល់ព្រមពីសភាថា លោក Joe Biden បេក្ខជនរបស់គណបក្សប្រជាធិបតេយ្យឈ្នះក្នុងការបោះឆ្នោតនោះ។
ព័ត៌មានទាក់ទង៖ លោក Trump អះអាងមុខតុលាការថាលោកគ្មានទោស ដូចការចោទប្រកាន់រឿងបោះឆ្នោតទេនៅក្នុងសំណុំរឿងចំនួនបួននៃសំណុំរឿងដែលអ្នកស្រី Chutkan បានកាត់ក្តីនោះ រដ្ឋអាជ្ញាមិនបានស្នើសុំឱ្យដាក់ទោសឱ្យជនជាប់ចោទជាប់ពន្ធនាគារនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា នៅក្នុងចំណោមចៅក្រមសហព័ន្ធជាង២០នាក់ដែលកាន់សំណុំរឿងថ្ងៃទី ៦ ខែមករានោះ អ្នកស្រី Chutkan នៅក្នុងចំណោមចៅក្រមដែលកាត់ទោសដ៏តឹងតែងបំផុត។
មហាគណៈវិនិច្ឆ័យរបស់តុលាការសហព័ន្ធនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន បានចោទប្រកាន់ចំនួនបួនករណីប្រឆាំងលោក Trump ដូចអ្វីដែលលោក Jack Smith រដ្ឋអាជ្ញាពិសេសរបស់ក្រសួងយុត្តិធម៌ស្វែងរក។ លោក Trump ប្រកែក កាលពីថ្ងៃព្រហស្បតិ៍នៅចំពោះមុខចៅក្រមថា លោកមិនមានកំហុសទេ ប៉ុន្តែឥឡូវនេះអ្នកស្រី Chutkan បានកាន់សំណុំរឿងនេះជាបន្ត ហើយគ្រោងនឹងកំណត់កាលបរិច្ឆេទបើកសវនាការនៅថ្ងៃទី២៨ ខែសីហា៕