លោក Trump ផ្តល់​ជម្រើស​ពីរ​ដល់​អឺរ៉ុប​គឺ​ទិញ​ប្រេង​និង​ឧស្ម័ន​អាមេរិក​បន្ថែម​ឬ​ប្រឈម​ពន្ធគយ

រូបឯកសារ៖ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅ Mar-a-Lago ក្នុងទីក្រុង Palm Beach រដ្ឋ Florida ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា សហភាព​អឺរ៉ុប​អាច​ប្រឈម​ពន្ធគយ​បើ​ប្លុក​នោះ​មិន​ព្រម​ទិញ​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​អាមេរិក​ច្រើន​ថែមទៀត។ នេះ​បើ​យោង​តាម​ទីភា្នក់ងារ​សារព័ត៌មាន Reuters។

បើ​យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​អាមេរិក សហភាព​អឺរ៉ុប​កំពុង​ទិញ​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​របស់​អាមេរិក​ក្នុង​បរិមាណ​ច្រើន​រួច​ទៅ​ហើយ ហើយ​ប្លុក​នេះ​មិន​អាច​រក​ទិញ​ថែម​ទៀត​បាន​ទេ​បើ​អាមេរិក​មិន​បង្កើន​ការ​ផលិត​ឬ​បរិមាណ​ផលិត​មិន​ត្រូវបាន​បង្វែរ​ពី​តំបន់​អាស៊ី​ដែល​ជា​ប្លុក​ប្រើប្រាស់​ថាមពល​អាមេរិក​ដ៏​ធំ​មួយ​ទៀត។

លោក Trump បាន​សរសេរ​ក្នុង​សារ​មួយ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អនឡាញ Truth Social ថា៖ «ខ្ញុំ​បាន​ប្រាប់​សហភាព​អឺរ៉ុប​ថា​ពួកគេ​ត្រូវតែ​បង្កើន​ការ​ទិញ​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​របស់​យើង​ក្នុង​បរិមាណ​ច្រើន​ថែម​ទៀត​ដើម្បី​កុំ​ឲ្យ​មាន​ឱនភាព​ធំ​ពេក​ជាមួយ​សហរដ្ឋ​អាមេរិក»។

លោក Trump បាន​បន្ថែម​ថា៖ «បើ​មិន​ដូច្នេះ​ទេ នឹង​ជាប់​ពន្ធគយ​ជា​មិនខាន!!!»។

គណៈកម្មការ​អឺរ៉ុប​ថា​ខ្លួន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ពិភាក្សា​ជាមួយ​លោក Trump អំពី​របៀប​ពង្រឹង​ទំនាក់ទំនង​ដែល​ខ្លាំងស្រាប់​រួចទៅហើយ ដែល​រួម​ទាំង​ខាង​វិស័យ​ថាមពល​ផងដែរ។

អ្នក​នាំពាក្យ​ម្នាក់​នៃ​គណៈកម្មការ​អឺរ៉ុប​បាន​ថ្លែង​ថា៖ «សហភាព​អឺរ៉ុប​ប្តេជ្ញា​កាត់បន្ថយ​ជា​បណ្តើរៗ​នូវ​ការ​នាំចូល​ថាមពល​ពី​រុស្ស៊ី​និង​ធ្វើ​ពិពិធកម្ម​ប្រភព​ផ្គត់ផ្គង់​របស់​ខ្លួន»។

សហរដ្ឋ​អាមេរិក​បាន​ផ្គត់ផ្គង់​រួចហើយ​ចំនួន ៤៧% នៃ​បរិមាណ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) និង ១៧% នៃ​បរិមាណ​ប្រេង​ឥន្ធនៈ​ដែល​សហភាព​អឺរ៉ុប​នាំចូល​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ ២០២៤ នេះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​របស់​សហភាព​អឺរ៉ុប Eurostat៕